ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទូតកម្ពុជា​ថ្មី​ផ្តោត​លើ​ការ​បង្កើន​បណ្តូរ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

  • ម៉ែន គឹមសេង

កិច្ច​ជំនួប​ក្រៅ​ផ្លូវការ​រវាង​លោក ជុំ​ ប៊ុនរ៉ុង ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក និង​លោក William Heidt ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​នៅ​កម្ពុជា ដែល​ទើ​បទទួល​បាន​ការ​តែងតាំង ប្រារព្ធ​ធ្វើ​ឡើង​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០១៥។ (ម៉ែន គឹមសេង/VOA Khmer)

ប្រទេស​កម្ពុជា​ចង់​ឱ្យ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​កាន់​តែ​ប្រសើរ​ឡើង​ដោយ​ឱ្យ​បណ្តូរ​​អ្នក​វិនិយោគ​ទុន​ពី​កម្ពុជា​មក​សហរដ្ឋ​អាមេរិក​ និង​ពី​អាមេរិក​ទៅ​កម្ពុជា​វិញ។

ប្រទេស​កម្ពុជា​ចង់​ឱ្យ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​កាន់​តែ​ប្រសើរ​ឡើង​ដោយ​ឱ្យ​បណ្តូរអ្នក​វិនិយោគ​ទុន​ពី​កម្ពុជា​មក​សហរដ្ឋ​អាមេរិក​ និង​ពី​អាមេរិក​ទៅ​កម្ពុជា​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកអគ្គ​រាជទូត​កម្ពុជា។​

នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​មិន​ផ្លូវ​ការ​មួយ ដែល​រៀបចំ​ដោយលោក ជុំ​ ប៊ុនរ៉ុង ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ជូន​ដំណើរ​លោក​ William Heidt ​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ដែល​ទើ​បទទួល​បាន​ការ​តែងតាំង​នោះ ភាគី​កម្ពុជា​លើក​ឡើង​ពី​ចេតនា​របស់​ខ្លួន​ថា៖

«ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​យើង​ទាំងពីរ​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​សេដ្ឋកិច្ច​ ទេសចរណ៍ វិស័យ​វិនិយោគទុន​ ពាណិជ្ជកម្ម‍»។​

សម្រាប់​លោក ជុំ ប៊ុនរ៉ុង ដែល​ទើប​ប្រគល់​សារ​តាំង​ជូន​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពី​ដើម​ខែ​សីហា យល់​ថា វត្តមាន​អ្នកវិនិយោគទុន​របស់​សហរដ្ឋ​អាមេរិក​កាន់​តែ​ច្រើន​នៅ​កម្ពុជា​គឺ​ជា​កត្តា​ទាក់​ទាញ​ការ​វិនិយោគទុន​ពី​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។

«ខ្ញុំ​បាន​លើក​ឡើង​ពី​បញ្ហា​វិនិយោគ​នេះ ដែល​សហរដ្ឋ​អាមេរិក​លោក​ជា​អ្នក​វិនិយោគ​ធំ ហើយ​បើ​គេ​ឃើញ​អាមេរិក​ទៅ​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​ អ្នក​ដទៃ​ក៏​គេ​ចង់​ទៅ​ដែរ ព្រោះ​និយាយ​ឱ្យ​ចំ​ទៅ​គាត់​គឺ​ជា​មេខ្យល់ ទោះបី​តិច​ក៏​ដោយ​ច្រើន ក៏ដោយ‍ »។

ហើយ​បើ​តាម​លោក ជុំ ប៊ុនរ៉ុង ការ​ទាក់​ទាញ​ដែល​ប្រទេស​កម្ពុជា​មាន​សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​មក​វិនិយោគ​គឺ៖

«ចំណុច​ទាក់​ទាញ​យ៉ាង​ម៉េច​ទេ? គឺ​កម្ពុជា​យើង​មាន​គ្រប់​តែ​ម្តង ទាំង​រ៉ែ​ធម្មជាតិ ទាំង​ដី​ធ្លី​ដែល​មាន​ជីជាតិ ទាំង​ទេសចរណ៍​ដែល​មាន​សម្បូរ​បែប​។ កម្ពុជា​អច្ឆរិយ​លោក​ជ្រាប​ហើយ មាន​អង្គរវត្ត និង​ប្រាសាទ​រាប់​រយ​កន្លែង ហើយ​មាន​ទន្លេ​សាប យើង​មាន​សត្វ​បក្សី​គ្រប់​យ៉ាង​ជា​ទី​មនោរម្យ បរិស្ថាន​ស្អាត‍»។​

បណ្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ជាង​៣ពាន់​លាន​ដុល្លារ ដោយ​កម្ពុជា​នាំ​ទំនិញ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ជាង២.៨០០លានដុល្លារ​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ស្ថិតិ​សហរដ្ឋអាមេរិក។

លោក William Heidt នឹង​ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ​នៅ​ប្រទេស​កម្ពុជា​នៅខែ​កញ្ញា​ខាងមុខនេះ។ លោក​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ ដោយ​សារ​ពុំ​ទាន់​បាន​ធ្វើ​ពិធី​ស្បថ​ចូលកាន់​ការងារ​ជាផ្លូវ​ការ។ ​

លោក មុំ រ៉ាឌី អ្នក​តំណាងរាស្រ្ត​នៅ​ក្នុង​រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក ក៏​បាន​ចូលរួម​ក្នុង​ការ​ជួបជុំ​កាលពី​ល្ងាច​ថ្ងៃ​ពុធនេះ​ដែរ។

ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដំបូង​ម្នាក់ ដែល​បាន​កាន់​តំណែង​ដ៏​មាន​កិត្តិយស​នេះ លោក​យល់​ថា ពលរដ្ឋ​ក្នុង​ប្រទេស​ទាំងពីរ​ចង់​បាន​ផ្លូវ​បើក​ទៅវិញ​ទៅមក​ទូលំទូលាយ​យ៉ាង​ល្អ ហើយ​នេះ​ជា​កិច្ចការ​ដែល​លោក​កំពុង​លើក​កម្ពស់៖

«ខ្ញុំ​ខំប្រឹង​ធ្វើ​កិច្ចការ​ធ្វើ​ម្តេច​ឱ្យ​ប្រទេស​កម្ពុជា​យើង ប្រទេស​អាមេរិក​យើង បងប្អូន​យើង​មាន​ការ​ឆ្លង​កាត់​គ្នា​យ៉ាងទូលំ​ទូលាយ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​មក​ជួប​លោក​ឯកអគ្គ​រដ្ឋទូត​ទាំងពីរ​សង​ខាង‍»។

លោក មុំ រ៉ាឌី ចង់​បាន​លើស​ពី​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នោះ គឺការ​បញ្ជូន​និស្សិត​កម្ពុជា​ឱ្យ​បាន​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ឱ្យ​បាន​ច្រើន។

«ចំពោះ​ខ្ញុំ​ផ្ទាល់​គឺ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ បើ​យើង​បាន​យុវជន​យើង ​យុវនារី​យើង​បាន​មាន​តម្រិះ​វិជ្ជា​ល្អ​ជាង​ខ្ញុំ​ទៅទៀត ខ្ញុំ​ជឿ​ថា​ប្រទេស​អាមេរិកាំង ព្រម​ទាំងប្រទេស​ខ្មែរ​យើង​មាន​ការ​រីកចម្រើន‍»។​

នេះ​ជា​ការ​ចាប់​ផ្តើម​ថ្មី​រវាង​អ្នក​ការទូត​នៃ​ប្រទេស​ទាំងពីរ ហើយ​សម្រាប់​តំណាង​សហគមន៍​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នេះ យល់​ថា នេះ​គឺជា​អ្វី​ដែល​ពួកគេ​ចង់​ឃើញ​នៅ​ក្នុង​មាតុភូមិ​របស់​គេ៕

XS
SM
MD
LG