ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ី​អាគ្នេយ៍​ស្វែង​រក​សម្ព័ន្ធ​មិត្ត​ពី​ខាង​ក្រៅ​ ខណៈ​ដែល​មាន​ភាព​ត្រដាបត្រដួស​ផ្ទៃ​ក្នុង


កម្លាំងសមត្ថកិច្ច​សណ្តាប់ធ្នាប់សន្តិសុខប្រមូលផ្តុំនៅក្បែរមជ្ឈមណ្ឌលវប្បធម៌នៃប្រទេសហ្វីលីពីន មុន​កិច្ច​ប្រជុំកំពូលអាស៊ាន និង​កិច្ចប្រជុំកំពូលផ្សេងៗទៀត នៅទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០១៧។
កម្លាំងសមត្ថកិច្ច​សណ្តាប់ធ្នាប់សន្តិសុខប្រមូលផ្តុំនៅក្បែរមជ្ឈមណ្ឌលវប្បធម៌នៃប្រទេសហ្វីលីពីន មុន​កិច្ច​ប្រជុំកំពូលអាស៊ាន និង​កិច្ចប្រជុំកំពូលផ្សេងៗទៀត នៅទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០១៧។

មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​១០​ប្រទេស​ រួម​ទាំង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាង​គេនៅ​លើ​ពិភព​លោក​មួយ​ចំនួន​ផង​ រំពឹង​ថា​នឹង​ទទួល​បាន​ការ​រីកចម្រើន​រួម​គ្នា​មួយ​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​ហ្វីលីពីន​ក្នុង​សប្ដាហ៍​នេះ​ ទាក់​ទង​ទៅ​នឹងពាណិជ្ជកម្ម​ ការ​វិនិយោគ​ និង​ផ្នែក​សន្តិសុខ​ ដោយ​មាន​ជំនួយ​ពី​មហា​អំណាច​ពិភព​លោក​សំខាន់ៗ។

ប៉ុន្តែ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ពួក​គេ​ប្រហែល​ជា​មិន​បាន​សម្រេច​លទ្ធផល​ច្រើន​នោះ​ទេ។

ប្រមុខរដ្ឋ​មក​ពី​ប្រទេស​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន​ បាន​មក​ដល់​ម្ដង​មួយៗ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​បន្ត​បន្ទាប់​គ្នា​ជា​ច្រើន​ ដែល​ធ្វើ​នៅ​ទី​ក្រុង​ម៉ានីលរហូត​ដល់​ថ្ងៃ​អង្គារ។​ ពួក​គេ​មក​ក្នុង​គោល​បំណង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​ទីក្រុង​ហុងកុង​ និង​ចេញ​សេចក្ដី​ប្រកាស​ទៅ​លើ​កិច្ច​ការពារ​ពលករ​ចំណាកស្រុក។

ប្រមុខរដ្ឋ​មួយ​ចំនួន​ នឹង​ចែក​រំលែក​ដំបូន្មាន​នៅ​ក្នុង​វេទិកា​មួយនា​ថ្ងៃ​ច័ន្ទ​អំពី​ថា​តើសហគ្រាស​ខ្នាត​តូច​អាច​ទទួល​ប្រាក់​ដើម្បី​ប្រកួត​ជាមួយ​នឹង​សហគ្រាស​ធំៗ​តាម​របៀប​ណា។

មេ​ដឹក​នាំ​ទាំង​អស់​ ត្រូវ​បាន​គេ​រំ​ពឹង​ទុក​ថា​នឹង​គ្រាំ​ទ្រ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ឈាន​ទៅ​ធ្វើ​ឲ្យ​កូរ៉េខាងជើងលែង​មាន​អាវុធ​នុយក្លេអ៊ែរ​និង​មាន​សន្តិភាព​នៅ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ ដែល​នៅ​ទី​នោះ សមាជិក​អាស៊ាន​ ចំនួន​៤​ប្រទេស ​មាន​ជម្លោះ​នឹង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​អំពី​ដែន​សមុទ្រ​ដែល​សំបូរ​ទៅ​ដោយ​ធនធាន។

ដោយឡែក ក្រុម​មេដឹកនាំ​ទាំង​នេះ ក៏​ប្រហែល​ជា​នឹងពិចារណា​អំពី​ដំណោះស្រាយ​ទប់​ទប់​នឹង​ភេរវកម្ម​និង​ភាព​ជ្រុល​និយម។

មន្ទិល​ឆ្លង​ដែន

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​តែ​សម្ដែង​ការ​អាក់​អន់​ចិត្ត​ទាក់​ទិន​នឹង​បញ្ហា​ដែល​កើត​មាន​ពី​មុន​មក​ ពោល​គឺ​នៅ​ប្រទេស​កម្ពុជា​និង​វៀតណាម​ ខណៈ​ដែល​ពួក​គេ​នៅ​តែ​មាន​មន្ទិល​ចំពោះ​ប្រទេស​មហា​អំណាច​ខាង​ក្រៅ​ ដែល​ប្រទេស​មហាអំណាច​ខ្លះនឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១​នៅ​សប្ដាហ៍​នេះ។​ មេដឹកនាំ​មកពី​ប្រទេស​ចិន​ ឥណ្ឌា​ ជប៉ុន​ រុស្សី​ សហរដ្ឋអាមេរិក​ និង​ប្រទេស​ចំនួន​៤ទៀត​ ក៏​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ​ផង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull (កណ្តាល) អញ្ជលញ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Clark នៅទីក្រុង Clark ខេត្ត Pampanga ភាគខាងជើង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull (កណ្តាល) អញ្ជលញ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Clark នៅទីក្រុង Clark ខេត្ត Pampanga ភាគខាងជើង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រទេស​ចិន​ បាន​ផ្ដល់​ជំនួយ​សម្រាប់​ការអភិវឌ្ឍន៍​ជុំវិញ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​មាន​ភាព​រលូន​រួច​មក​ហើយ​ ក៏ប៉ុន្តែ​ដើម្បី​ជៀសវាង​លទ្ធផល​ដែល​អាច​កើត​មាន​ឡើង​ដូច​ជា​ការ​ប្រគល់​ធនធាន​ធម្មជាតិ​ និង​ អធិបតេយ្យភាព​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ រដ្ឋាភិបាល​ទាំង​នោះ​ចង់​បាន​តួនាទី​ដ៏​ខ្លាំង​ជាង​នេះ​របស់​អាមេរិក។

ពួក​គេ​សង្ឃឹម​ថា​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់​ ត្រាំ​ នឹង​ផ្ដល់​ការធានា​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ​ពួកគេ​នៅ​ទីក្រុង​ម៉ានីល​ក្នុង​សប្ដាហ៍ ​នេះ​ ក៏​ប៉ុន្តែ ពួកគេរំពឹង​ទុក​ថា​នឹង​មិន​មាន​លទ្ធផល​ជាក់ស្ដែង​ដូច​ជា​ការ​លក់​សព្វាវុធ​នោះ​ទេ។

ប្រទេស​រុស្សី​ ដែល​នឹង​បញ្ជូន​ក្រុម​ប្រតិភូចូលរួម​ដែរ​នោះ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មិន​សូវ​ជា​ចាប់​អារម្មណ៍​ដែរ​ ដោយ​សារ​តែ​ចំណង​សេដ្ឋកិច្ច​មាន​សភាព​ទន់​ខ្សោយ​ជាមួយ​អាស៊ាន ខណៈ​ដែល​ប្រទេស​ឥណ្ឌា​ទើប​តែ​ចាប់​ផ្ដើម​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​នឹង​ប្រទេស​វៀតណាម។

លោក​ Chris Cheang អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ផ្នែក​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ S.​ Rajaratnam ​នៅ​ប្រទេស​សិង្ហបុរី​ បាន​សរសេរ​នៅ​លើ​គេហទំព័រ​សាលារបស់​លោក​ថា ​«ទំនាក់​ទំនង​រវាង​ប្រទេស​រុស្សី​និង​អាស៊ាន​ គឺ​ទំនងជា​មាន​សភាព​យឺត​និង​មាន​កម្រិត​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ» ។

លោក​ Cheang​ បាន​បន្ត​ថា៖ «ជា​បឋម ខុស​ពី​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក ​ ប្រទេស​រុស្សី​កន្លងមក​មិន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​អាស៊ី​អាគ្នេយ៍​ទេ។ ក្រៅ​ពី​ប្រទេស​វៀតណាម​ និង​ ឥណ្ឌូណេស៊ី​ក្នុង​អំឡុង​ទសវត្សទី៦០​ ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ក្រុងមូស្គូ​ជា​មួយ​នឹង​តំបន់​អាស៊ាន​ គឺ​មាន​តិចតួច​ណាស់»។

ការ​ធ្វើឲ្យ​លោក​ ត្រាំ ពេញចិត្ត

ប្រទេស​អាស៊ី​អាគ្នេយ៍​ ត្រូវ​គេ​រំពឹង​ទុក​ថា​នឹង​ស្វែងរក​ការ​ជ្រោមជ្រែង​ជា​ពិសេស​ពី​លោក​ត្រាំ​ ដែល​បាន​ថ្លែង​ការណ៍​ សរសើរម្ចាស់​ផ្ទះ​ជុំវិញ​តំបន់​អាស៊ី​នៅ​ពេល​ដែល​លោកធ្វើ​ទស្សនកិច្ច​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា​កន្លង​មកនេះ។​ ដោយ​ធ្វើតាម​គោល​គំនិត​ស្ដីពី​ផលប្រយោជន៍​អាមេរិកមុន​គេ​របស់លោក​ត្រាំ​ ប្រទេស​ម៉ាឡេស៊ី​ និង​ សិង្ហបុរី​ បាន​ប្រកាស​ពី​គម្រោង​ទិញ​យន្តហោះ​ពី​ក្រុមហ៊ុន ​Boeing​ កាល​ពី​ដើម​ឆ្នាំ​នេះ។

ដើម្បី​ទទួល​បាន​ការ​គាំទ្រ​រឹត​តែ​ច្រើន​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ មេ​ដឹក​នាំ​អាស៊ី​អាគ្នេយ៍​ប្រហែល​ជា​បន្ថែម​សំឡេង​ក្នុង​ការ​គ្រាំ​ទ្រ​មហិច្ឆតា​របស់​លោក​ត្រាំ​ ក្នុង​ការ​បញ្ឈប់​ដំណើរការ​ផលិត​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​ និង​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាងជើង។ នេះ បើ​យោង​តាមក្រុម​អ្នក​វិភាគ។ ក៏​ប៉ុន្តែ​ ពួក​គេ​បាន​ឲ្យ​ដឹង​ថា​ លោក​ត្រាំ​ប្រហែល​ជា​មិន​អាច​ផ្ដល់​មក​វិញ​ច្រើន​ពេក​ទេ​ ក្នុង​ការ​រក្សា​គោលការណ៍​តម្កល់​ផលប្រយោជន៍​អាមេរិក​មុន​គេ​របស់​លោក។

ឧទាហរណ៍​មួយ​គឺ ប្រទេស​វៀតណាម​ ដែល​ជា​ប្រទេស​នាំចេញ​ដោយមាន​ទីផ្សារ​សហរដ្ឋ​អាមេរិក​ដ៏​ធំ​មួយ​នេះ​ ចង់​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​ទប់​ទល់​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ និង​សេរីភាវូបនីយកម្ម​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ឲ្យ​កាន់​តែ​ច្រើន​ឡើង។ វៀតណាម​ក៏​បាន​ដណ្ដើម​ផ្នែក​ខ្លះ​នៃ​ដែនសមុទ្រ​ជាមួយ​នឹង​ចិនយ៉ាង​លំបាកលំបិន ដែល​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ម្ដងម្កាល​ចាប់តាំងពី​ឆ្នាំ​១៩៧៤​មក។

លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang ស្វាគមន៍​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ក្នុង​ពិធី​លាងសាយភោជន៍​ជា​ផ្លូវការ​មួយ នៅ​ឯ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang ស្វាគមន៍​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ក្នុង​ពិធី​លាងសាយភោជន៍​ជា​ផ្លូវការ​មួយ នៅ​ឯ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​ Trung Nguyen​ ព្រឹទ្ធ​បុរស​មហាវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​មនុស្ស​សាស្ត្រ​និង​សង្គមសាស្ត្រ​ Ho Chih Minh​បាន​លើក​ឧទាហរណ៍​មួយ​ពី​ប្រទេស​វៀតណាម​ថា‍៖

«ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​វៀតណាម​ ចង់​បាន​ការ​ធានា​ខ្លះ​ពី​ប្រធានាធិបតី​ត្រាំ​ថា​ សហរដ្ឋអាមេរិក​នឹង​ដើរ​តួនាទីជួរ​មុខ​ក្នុង​ការ​រក្សា​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ក៏​ដូចជា​ ការ​ឆ្លើយតប​ខ្លះៗទៅ​នឹង​ទង្វើ​ដែល​ដាច់​ខាត​របស់​ចិន​នា​ថ្ងៃ​អនាគត»។

ពេល​ជួប​មេ​ដឹកនាំ​វៀតណាម​នៅ​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ លោក​ត្រាំ​ បាន​បង្ហាញ​សមាន​ចិត្ត​ចង់​ជួយ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ខ្ញុំ​អាច​ជួយ​សម្រុះសម្រួល​ឬ​ធ្វើ​ជា​អាជ្ញា​កណ្ដាល​បាន​ សូម​ប្រាប់​ខ្ញុំ​មក។​ ខ្ញុំ​ជា​អ្នក​សម្រុះ​សម្រួល​ដ៏​ល្អ​ម្នាក់»។

ក៏​ប៉ុន្តែ​ មេ​ដឹក​នាំ​អាស៊ី​អាគ្នេយ៍ ​ប្រហែល​ជា​ធ្វើ​ឲ្យ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ក្លាយ​ជា​រឿង​តូចតាច​ ដើម្បី​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​នឹង​ចិន។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ។

ប្រទេស​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​នេះ​គឺ​ប្រទេស​ហ្វីលីពីន ​បាន​ទុក​ជម្លោះ​អធិបតេយ្យភាព​ដែន​សមុទ្រ​កាល​ពី​ឆ្នាំ​មុន​មួយ​ឡែក​ ដើម្បី​ស្ថាបនា​ចំណង​មិត្តភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​ជា​ថ្នូរ​មកវិញ​បាន​សន្យា​ផ្ដល់​ជំនួយ​និង​ការ​វិនិយោគ​ជា​ទឹក​ប្រាក់​ចំនួន​២៤​ពាន់​លាន​ដល់​ហ្វីលីពីន។

ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ និង​ ឥណ្ឌូណេស៊ី ​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជិតស្និទ្ធ​ជាមួយ​នឹង​ចិន​ បើ​ទោះ​ជា​មាន​ការ​មិន​យល់​ស្រប​គ្នា​ចំពោះ​បញ្ហា​ដែន​ដីក៏ដោយ។

លោក​ Le Hong Hiep​ អ្នក​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​ ISEAS Yusof Ishak​ នៅ​សិង្ហបុរី​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​សំខាន់ៗ​ដូច​ជា​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​ពី​កូរ៉េ​ខាង​ជើង​ បញ្ហា​ភេរវកម្ម​ និង​ភាព​ជ្រុល​និយម។​ ខ្ញុំ​មិន​ច្បាស់​ថាខ្លឹមសារ​ច្រើន​ប៉ុណ្ណា​ ឬ​ ការ​សង្កត់​ធ្ងន់​ប៉ុណ្ណា​ទៅលើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ​ត្រូវ​លើក​យក​មក​ពិភាក្សា​គ្នា​ទេ»។

ការ​ពង្រីក​មូលធន​ជុំវិញ​តំបន់​អាស៊ី​អាគ្នេយ៍

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន​នៅ​ថ្ងៃ​ច័ន្ទ​ ក្រុម​មន្ត្រី​នឹង​ពិភាក្សា​ពី​របៀប​ដែល​ក្រុមហ៊ុន​ខ្នាត​តូច​នៅ​អាស៊ី​អាគ្នេយ៍​ អាច​ស្វែង​រក​មូលធន​ដើម្បី​ប្រជែង​នឹង​ក្រុមហ៊ុន​ធំៗ​នៅ​ក្នុង​តំបន់។

ប៉ុន្តែ​ លោក Joey Concepcion​ ប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ាន មាន​ប្រសាសន៍​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ​អាច​មាន​សភាព​តានតឹង​នៅ​ពេល​ដែល​ប្រទេស​អាស៊ី​អាគ្នេយ៍​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ដណ្ដើម​យក​ការ​វិនិយោគ។​ ប្រទេស​ផ្ដល់​អំណោយ​ក្រៅ​ប្រទេស​ដូច​ជា​ប្រទេស​ជប៉ុន​ និង​ ចិន​ ប្រើ​ប្រាស់​ជំនួយ​ដើម្បី​ប្រកួត​ប្រជែង​គ្នា​ដើម្បី​បាន​ការ​គ្រាំ​ទ្រ​ពី​អាស៊ី​អាគ្នេយ៍។

អ្នក​រៀប​ចំ​កិច្ចប្រជុំ​កំពូល​ បាន​បដិសេធ​ មិន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​ប្រទេស​ដែល​មិន​មែន​ជា​សមាជិក​អា​ស៊ាន​ បាន​ផ្ដល់​អ្វី​ខ្លះ​នៅ​ព្រឹត្តិការណ៍​នេះ​ឡើយ។

លោក​ Concepcion​ បាន​មាន​ប្រសាសន៍​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «នៅ​ពេល​ដែល​យើង​ព្យាយាម​ធ្វើ​ឲ្យ​ប្រទេស​ទាំង​១០​ក្លាយ​ជា​បង​ប្អូន​នឹង​គ្នា​ ​ការ​ប្រកួត​ប្រជែង​ច្បាស់​ជា​នឹង​បន្ត​កើត​មាន​ឡើង។ អ្នក​មិន​អាច​ឲ្យ​ក្រុមហ៊ុន​ធំៗ​រឹត​តែ​រីកចម្រើន​ឡើង​ ហើយ​ក្រុមហ៊ុន​ខ្នាត​តូច​ស្ថិត​ដដែល​នោះ​បាន​ទេ។​ វិបុលភាព​សម្រាប់​ទាំង​អស់​គ្នា​គឺ​ជា​រឿង​ពិបាក​មួយ»។

សមាគម​អាស៊ាន​ដែល​មាន​អាយុ​៥០ឆ្នាំ​ និង​មានប្រជាជន​សរុប​៦៣០​លាន​នាក់​នេះ​មាន​មោទនភាព​លើ​ការ​ដោះស្រាយ​ជម្លោះ​រវាង​សមាជិក​ដោយ​សម្រេច​បាន​កិច្ចព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម​សេរី​ និង អន្តោប្រវេសន៍។

សេរីភាវូបនីយកម្ម​ទាំង​អស់​នេះ​ បាន​ជួយ​ប្រទេស​ជាច្រើន​ដូច​ជា​ប្រទេស​កម្ពុជា​និង​ហ្វីលីពីន ទទួល​បាន​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​លើស​ពី​៦​ភាគរយ​ក្នុង​មួយ​ឆ្នាំ៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេច​ហៀង

XS
SM
MD
LG