ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​អបអរ​ការ​ដែល​​ភាពយន្ត Parasite របស់​​ខ្លួន​​បាន​ឈ្នះ​រង្វាន់​អូស្ការ​របស់​ហូលីវូដ


សមាជិក​ក្លឹប​ភាពយន្ត​អបអរ​សាទរ នៅ​ពេល​ពួកគេ​មើល​ការ​ផ្សាយ​នៃ​ការ​ទទួល​ពានរង្វាន់​អូស្ការ​របស់​លោក Bong Joon Ho អ្នក​ដឹកនាំ​ភាពយន្ត​របស់​កូរ៉េ​ខាង​ត្បូង នៅ​សាកលវិទ្យាល័យ Yeonsei ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
សមាជិក​ក្លឹប​ភាពយន្ត​អបអរ​សាទរ នៅ​ពេល​ពួកគេ​មើល​ការ​ផ្សាយ​នៃ​ការ​ទទួល​ពានរង្វាន់​អូស្ការ​របស់​លោក Bong Joon Ho អ្នក​ដឹកនាំ​ភាពយន្ត​របស់​កូរ៉េ​ខាង​ត្បូង នៅ​សាកលវិទ្យាល័យ Yeonsei ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​កំពុងត្រេកអរ​នឹង​ជ័យជម្នះដ៏​ធំ​នៃ​ភាពយន្ត Parasite របស់​ប្រទេស​ខ្លួន​នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​អូស្ការ​លើក​ទី​៩២ ក្រោយ​ពី​អ្នក​ដឹកនាំ​ភាពយន្ត​កូរ៉េ​ខាង​ត្បូង​នេះ គឺ​លោក Bong Joon-ho បាននាំ​មក​ប្រទេស​វិញ​នូវ​ពាន​រង្វាន់​អូស្ការ​ផ្នែក «រូបភាព​ល្អ​បំផុត‍» ដែល​ជា​រង្វាន់ធំបំផុតមួយ​នៅ​អូស្ការ។​

លោក Bong អ្នក​ដឹកនាំ​ភាពយន្ត​កូរ៉េ​ខាង​ត្បូង​ឈ្មោះ​ Parasite កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ បាន​ឡើងលើ​ឆាក​នៅ​ហូលីវូដ​ ក្បែ​ក្រុង​ Los Angeles សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​រង្វាន់អូស្ការ​ផ្នែក​ «រូបភាព​ល្អ​បំផុត‍» ឬ Best Picture ក្រោយ​ពី​ភាពយន្ត​នេះ​ក៏​បាន​ទទួល​ពាន​រង្វាន់​អូស្ការ​៣​ផ្សេង​ទៀត គឺ​រង្វាន់​ផ្នែក​ «អ្នក​ដឹកនាំ​ឆ្នើម​ជាង​គេ‍» (Best Director) រង្វាន់​ផ្នែក​ភាពយន្ត​បរទេស​ល្អ​ជាង​គេ និង​រង្វាន់​ផ្នែក​ការ​សម្តែង​ល្អ​ជាង​គេ (Best Orgitinal Screenplay)។

នៅ​ក្នុង​សេចក្តី​ថ្លែងយ៉ាង​ខ្លី​របស់​លោក ពេល​ទទួល​រង្វាន់​ លោក Bong Joon-ho បាន​និយាយ​ដោយ​កំប្លែង​ថា៖ «ខ្ញុំ​ស្មាន​ថា​ការងារ​របស់​ខ្ញុំ​ចប់​ត្រឹម​ថ្ងៃ​នេះ ហើយ​ខ្ញុំ​អាច​សម្រាក​បាន។ (ប៉ុន្តែ​ឥឡូវ)​ ខ្ញុំ​នឹង​ផឹកស្រា​រហូត​ដល់​ព្រឹក​ស្អែក‍»។

នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​នៃ​ប្រទេស​កូរ៉េខាង​ត្បូង ពលរដ្ឋ​បាន​ចូល​ទៅ​បណ្តាញ​សង្គម​ Twitter និង​បណ្តាញ​សង្គម​ដទៃ​ទៀត​ដើម្បី​សរសេរ​អបអរ​និងបង្អួត​អំពី​ការ​ឈ្នះ​ជា​ប្រវត្តិសាស្ត្រ​នៃ​ភាពយន្ត​នេះ។ ខ្សែ​ភាពយន្ត​ Parasite ជា​ខ្សែ​ភាពយន្តបរទេស​មិន​និយាយភាសា​អង់គ្លេស​ដំបូង​គេ​ដែល​បាន​ទទួលពានរង្វាន់​ធំ «រូបភាព​ល្អ​បំផុត‍» Best Picture នៅ​ពិធី​អូស្ការ ហើយ​ក៏​ជា​ភាពយន្ត​កូរ៉េ​ខាង​ត្បូង​ដំបូង​ដែល​បាន​ទទួល​រង្វាន់​អូស្ការ។

ឈ្មោះ​របស់​អ្នកដឹកនាំ​ភាពយន្ត​លោក Bong Joon-ho ចាប់​ផ្តើម​ក្លាយ​ជា​ឈ្មោះ​ដែល​ប្រជាប្រិយ​ជាង​គេ​ក្នុង​បណ្តាញ​ Twitter របស់កូរ៉េ​ខាង​ត្បូង ខណៈ​ដែល​រោងភាពយន្ត​នៅទូទាំង​ទីក្រុង​សេអ៊ូល​ បាន​ប្រញាប់ប្រញាល់​ប្រកាស​ថា​ខ្លួន​នឹង​ធ្វើ​ការ​បញ្ចាំង​ភាពយន្ត Parasite នេះ​ឡើង​វិញ គឺ​នៅ​៩​ខែ​ក្រោយ​ពី​ភាព​យន្ត​នេះ​ត្រូវ​បាន​គេ​ចាក់​បញ្ចាំង​ដំបូង។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae-in បាន​សរសេរ​សារ​អបអរ​ក្នុង Twitter ​ថា «ខ្ញុំ​មាន​មោទកភាព​ចំពោះ​អ្នកដឹកនាំ​ភាពយន្ត​លោក Bong Joon-ho តួ​សម្តែង​ទាំង​អស់​និង​ក្រុម​ការងារ​ទាំង​អស់។ ខ្ញុំ​ដឹង​គុណ​ជា​ពិសេស​ចំពោះ​ពួក​គេ​ដែល​បាន​ជំរុញ​នូវ​មោទនភាព​និង​សេចក្តី​ក្លាហាន​ដល់​ពលរដ្ឋ​យើង ខណៈ​ដែល​យើង​រួបរួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា‍»៕

XS
SM
MD
LG