ក្រុមវិស្វករមួយក្រុមបានបង្កើតមនុស្សយន្តមួយ ដែលពួកគេសង្ឃឹមថា នៅទីបំផុតនឹងអាចជំនួសគ្រូបង្រៀនបរទេសបាន។
មនុស្សយន្តឈ្មោះ អេងឃី (Engkey) ធ្វើចលនាចុះឡើងនៅមុខថ្នាក់រៀនមួយ នៅឯសាលាបឋមសិក្សា ហេហ្កឌ្យឹង (Hagjeong) នៅក្នុងទីក្រុង ឌែហ្គូ។ មនុស្សយន្តដែលមានរាងជាស៊ុត បានណែនាំសិស្សថ្នាក់ទី៤ ចំនួន៦នាក់ ឲ្យថាតាមនូវឃ្លាជាភាសាអង់គ្លេស និងបង្រៀនក្មេងៗទាំងនេះនូវចម្រៀងកុមារជាភាសាអង់គ្លេស។
ប៉ុន្តែ សម្លេងរបស់ អេងឃី មិនមែនជាសម្លេងដែលនិយាយដោយខ្លួនឯងនោះទេ។ វាត្រូវបានតភ្ជាប់តាមរយៈទូរសន្និសីទ ឬ Teleconference ទៅប្រទេសហ្វីលីពិន ដែលនៅទីនោះ គ្រូម្នាក់បង្រៀនតាមរយៈកញ្ចក់ទូរទស្សន៍។ រូបភាពនៃស្ត្រីជនជាតិស្បែកសម្នាក់ត្រូវបានបង្ហាញនៅលើបន្ទះរូបភាពនៅលើក្បាលមនុស្សយន្ត អេងឃី ទោះបីជាអ្នកស្រីមិនមែនជាគ្រូបង្រៀននៅក្នុងប្រទេសហ្វីលីពិនក៏ដោយ។ ក្រុមអ្នកផលិត មនុស្សយន្ត អេងឃី និយាយថា មនុស្សយន្តនេះមានប្រយោជន៍លើសពីអ្វីដែលគ្រាន់តែជាផ្ទាំងវីដេអូមួយដែលនៅលើកង់នោះទៅទៀត។
លោក គីម មុនសាង (Kim Mun-sang) គឺជានាយកនៃកម្មវិធីមនុស្សយន្តវៃឆ្លាត នៅឯវិទ្យាស្ថានកូរ៉េសម្រាប់វិទ្យាសាស្រ្ត និងបច្ចេកវិជ្ជា ដែលទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល នៅក្នុងរដ្ឋធានី សេអ៊ូល (Seoul)។ លោកបានពន្យល់អំពីរបៀបដែលមនុស្សយន្តដំណើរការថា៖
«យើងមានទស្សនៈមួយចំនួនអំពីបច្ចេកវិទ្យា។ យើងអាចដឹងចលនារបស់គ្រូបង្រៀនភាសាអង់គ្លេសបាន។ ខណៈពេលដែលគ្រូធ្វើចលនាដៃរបស់គាត់មនុស្សយន្តក៏លើកដៃរបស់វាដែរ។ ឧទាហរណ៍ ប្រសិនបើគ្រូសើច យើងដឹងទឹកមុខសើចរបស់គ្រូបាន។ ដូច្នេះ មនុស្សយន្តអាចធ្វើដូចអ្វីដែលគ្រូភាសាអង់គ្លេសធ្វើ»។
លោក គីម និយាយថា មនុស្សយន្ត អេងឃី ក៏មានម៉ូតស្វ័យយ័តមួយផងដែរ ដែលវាអាចចាប់បានការនិយាយភាសាអង់គ្លេសរបស់សិស្ស ហើយធ្វើការកែរតម្រូវការបញ្ចេញសម្លេង។ លោក គីម និយាយថា ដោយសារតែ ប្រទេសកូរ៉េខាងត្បូង ផ្តោតការយកចិត្តទុកដាក់ទៅលើការរៀនភាសាអង់គ្លេស មនុស្សយន្តអាចបំពេញការខ្វះខាតគ្រូបរទេស។
«នៅក្នុងប្រទេសកូរ៉េ មានតម្រូវការជាច្រើនសម្រាប់ការសិក្សាភាសាអង់គ្លេស ដូច្នេះ ពួកគេត្រូវការមេរៀនភាសាអង់គ្លេសដ៏ល្អពីអ្នកនិយាយភាសាអង់គ្លេសពីកំណើត។ ប៉ុន្តែ ដូចដែលអ្នកបានដឹងហើយ វាមិនមែនជាការងាយស្រួលទេ ក្នុងការរកគ្រូល្អដែលនិយាយភាសាអង់គ្លេសពីកំណើតនៅក្នុងប្រទេសកូរ៉េភ្លាមៗទេ។ មិនមានគ្រូច្រើនទេ»។
លោក គីម បន្ថែមថា មនុស្សយន្ត អេងឃី នឹងជួយសន្សំសំច័យថវិការបស់សាលា។ លោកនិយាយថា តម្លៃក្នុងការកសាងមនុស្សយន្តមួយ និងជួលគ្រូជនជាតិហ្វីលីពិនម្នាក់ដើម្បីធ្វើការជាមួយវា គឺប្រហែលជាពីរម៉ឺនដុល្លាក្នុងមួយឆ្នាំ។ នេះមានតម្លៃប្រហែលជាពាក់កណ្តាល នៃតម្លៃផ្គត់ផ្គង់គ្រូបរទេសម្នាក់រស់នៅក្នុងប្រទេសកូរ៉េ។
លោកនិយាយថា ប្រសិនបើកម្មវិធីសាកល្បងប្រើប្រាស់មនុស្សយន្ត អេងឃី នៅទីក្រុង ឌែហ្គូ ទទួលជោគជ័យ នោះមនុស្សយន្តបន្ថែមទៀតអាចនឹងត្រូវបានប្រើប្រាស់នៅក្នុងការបង្រៀនក្រោយម៉ោងសិក្សារបស់សាលា។
ក្រុមអ្នកបង្កើតមនុស្សយន្ត អេងឃី និយាយថា សិស្សនឹងកំណត់ថាតើមនុស្សយន្តនេះទទួលបានជោគជ័យកម្រិតណាក្នុងនាមជាគ្រូម្នាក់។ ប៉ុន្តែ ពួកគេសង្ឃឹមថា នៅថ្ងៃណាមួយ សាលាទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងមានមនុស្សយន្តមួយនៅក្នុងថ្នាក់រៀន៕
ប្រែសម្រួលដោយ ឌី ខាំបូលី