កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្រ្តីជាន់ខ្ពស់ម្នាក់នៅក្នុងទីក្រុងសេអ៊ូលបានប្រកាសថា លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye នឹងធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំងដើម្បីចូលរួមពីធីប្រារព្ធខួបលើកទី៧០នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ក៏ប៉ុន្តែគេនៅតែមិនប្រាកដច្បាស់នៅឡើយថាតើលោកស្រីប្រធានាធិបតីនឹងអញ្ជើញចូលរួមពិធីក្បួនព្យុះហយាត្រាយោធាក្នុងទីក្រុងប៉េកាំងដែរឬទេ។
លោក Ju Chul-ki លេខាធិការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់ប្រធានាធិបតីបានប្រាប់ពួកអ្នកយកព័ត៌មានថា លោកស្រីប្រធានាធិបតី Park នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃទី២ ខែកញ្ញាដើម្បីបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃដែលអាចរួមបញ្ចូលទាំងការចូលរួមប្រជុំក្នុងជំនួបកំពូល ឬក៏ជួបជាលក្ខណៈឯកជនជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង ផងដែរ។ ក៏ប៉ុន្តែ លោកនិយាយទៀតថា គេនៅមិនទាន់សម្រេចនៅឡើយថាលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងនឹងចូលរួមក្បួនព្យុះហយាត្រារលឹកវិញ្ញាណក្ខណ្ឌដែលពួកអ្នកសង្កេតការណ៍ខ្លះបាននិយាយថា អាចត្រូវចិនប្រើប្រាស់ជាបន្តុះបង្អាប់ជប៉ុនចំពោះសង្គ្រាមពីអតីតកាលរបស់ខ្លួន ហើយនិងជាការបង្ហាញកម្លាំងយោធារបស់ចិន។
លោក Ju និយាយបន្តទៀតថា សេចក្តីលម្អិតស្ថិតនៅក្នុងពិចារណានៅឡើយអំពីបញ្ហានេះ។
ប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវគេរំពឹងនឹងចូលរួមពិធីរបស់ចិននេះ ទោះជាយ៉ាងណាក៏ដោយ ក្រុមមេដឹកនាំប្រទេសលោកខាងលិចមានការស្ទាក់ស្ទើរដើម្បីចូលរួមដោយការព្រួយបារម្ភអំពីការបង្ហាញយោធារបស់ចិននេះ។
លោក Hans Dietmar Schweisgut ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅទីក្រុងប៉េកាំងបាននិយាយកាលពីពេលថ្មីៗនេះថា ផែនការសម្តែងកម្លាំងយោធា បានបង្កើនសំណួរអំពីថាតើពិធីនេះនឹងលើកទឹកចិត្តឲ្យមានការផ្សះផ្សាឬក៏ធ្វើឲ្យមានការអាក់អន់ចិត្តដាក់គ្នាកាន់តែខ្លាំងឡើង៕