ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កូរ៉េ​ទាំង​ពីរ​ប្រារព្ធ​ខួប​៦៥​ឆ្នាំ​នៃ​សង្រ្គាម​កូរ៉េ


ផែនទី​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។
ផែនទី​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។

ប្រទេស​កូរ៉េ​ខាង​ជើង​ និង​កូរ៉េ​ខាង​ត្បូង​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៦៥​នៃ​ការ​ចាប់​ផ្តើម​ជម្លោះ​ក្នុង​ទសវត្សរ៍​១៩៥០​ដែល​បាន​ធ្វើ​ឲ្យ​មនុស្សរាប់​លាន​នាក់​ស្លាប់​ហើយ​ប្រទេស​ទាំង២​បាន​បែង​ចែក​ជារៀង​រហូត។

មនុស្ស​ប្រហែល​៣ពាន់​នាក់​រួម​មាន​អតីត​យុទ្ធជន​ និង​មន្រ្តី​រដ្ឋាភិបាល​២​នាក់​បាន​ចូល​រួម​ក្នុង​ពិធី​ក្នុង​រដ្ឋធានី​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​រំឮក​បុណ្យ​ខួប​នេះ។

លោក Hwang Kyo-ahn នាយក​រដ្ឋ​មន្រ្តី​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា ស្ថាន​ភាព​សន្តិសុខ​ជាតិ​នៅ​តែ​មាន​អស្ថេរភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ ​ប៉ុន្មាន​ទសវត្សរ៍​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​១៩៥៣។

លោក​នាយក​រដ្ឋមន្រ្តី​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ថា «ខ្ញុំ​សង្ឃឹម​ថា ​កូរ៉េ​ខាង​ជើង ​នឹង​ក្លាយ​ជា​សមាជិក​សហគមន៍​អន្តរជាតិ​មួយ​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ ហើយ​និង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​សន្តិភាព ​និង​ភាព​រុងរឿង​នៅ​ឧបទ្វីប​កូរ៉េ‍»។

ក្នុង​ខណៈ​នោះ​ដែរ ​កូរ៉េ​ខាង​ជើង​បានប្រារព្ធ​បុណ្យ​ខួប​របស់​ខ្លួន​ដោយ​ធ្វើ​ការ​រិះគន់​សហរដ្ឋ​អាមេរិក។ ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ គណៈកម្មការ​ការពារ​ជាតិ​របស់​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា ​ពិភពលោក​ត្រូវ​តែ​រួបរួម​គ្នា​ដើម្បី​កាត់​ផ្តាច់​ចេញ​ចក្រព័ទ្ធ​សហរដ្ឋ​អាមេរិក​នេះ។

គណៈកម្មការ​នោះ​បាន​ស្តី​បន្ទោស​សហរដ្ឋ​អាមេរិកចំពោះ​សង្គ្រាម​កូរ៉េ ​ហើយ​បាន​និយាយ​ថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​នៅ​តែ​កំពុង​កំចាត់​ប្រទេស​កុម្មុយនិស្ត​នេះដោយ​ប្រើ​យុទ្ធនាការ​ហ៊ុំព័ទ្ធ​ធ្វើ​ឲ្យ​ឯកោ។

សង្គ្រាម​កូរ៉េ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៥ ​ខែ​មិថុនា ​ឆ្នាំ​១៩៥០ ​នៅពេល​ដែល​កងទ័ពកូរ៉េ​ខាង​ជើង​គាំទ្រ​ដោយ​ប្រទេស​ចិន​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ឆ្លងកាត់​ខ្សែ​ស្រប​ទី​៣៨។​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​នោះ​ដោយ​ស្ថិត​នៅ​ខាង​ភាគី​កូរ៉េ​ខាង​ត្បូង៕

XS
SM
MD
LG