លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye បានសន្យាថានឹងស្រង់យកនាវាចម្លង Sewol តាមការទាមទាររបស់គ្រួសារមនុស្ស ៣០៤ នាក់ដែលបានស្លាប់ នៅពេលដែលនាវានេះបានលិចកាលពីឆ្នាំមុន។
លោកស្រីប្រធានាធិបតីបានធ្វើសេចក្តីប្រកាសដូច្នេះនៅក្នុងសុន្ទរកថាមួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីរំលឹកឆ្នាំខួបទីមួយនៃការលិចនាវា Sewol ដែលបានដឹកមនុស្សហួសចំនួន ហើយលិចនៅពេលបើកបត់ដូចធម្មតានៅជិតឆ្នេរសមុទ្រប៉ែកនិរតីរបស់កូរ៉េខាងត្បូង។
លោកស្រីថ្លែងជាអាទិថា «ខ្ញុំគិតថាពេលនេះយើងត្រូវប្រុងប្រៀបដើម្បីស្រង់យកនាវានេះមកវិញ។ យើងនឹងចាត់វិធានការជាចាំបាច់គ្រប់បែបយ៉ាងដើម្បីលើកយកនាវានេះឡើងពីទឹកក្នុងពេលយ៉ាងឆាប់ដែលអាចធ្វើបាន»។
នាវា Sewol ដែលមានដឹកមនុស្សភាគច្រើនជានិស្សិតវិទ្យាល័យ នៅផ្កាប់លិចក្នុងកន្លែងដែលនាវានេះបានលិច ជាការរំលឹកអំពីមហន្តរាយក្នុងទឹកសមុទ្រដ៏អាក្រក់បំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូង។
លោកស្រីប្រធានាធិបតី Park Geun-hye ក៏បានសន្យាដែរថានឹងរកសពអ្នកដំណើរ ៩ នាក់ទៀតដែលនៅបាត់ខ្លួននៅឡើយឲ្យទាល់តែឃើញ៕