ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​តែងតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី ខណៈ​ប្រទេស​កំពុង​ជួប​វិបត្តិ​នយោបាយ


លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-hye បាន​ស្នើ​ឈ្មោះ​បេក្ខជន​បី​នាក់ ដើម្បី​ជំនួស​តំណែង​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​កំពូលៗ​ពីរ​រូប​ផ្សេង​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ។
លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-hye បាន​ស្នើ​ឈ្មោះ​បេក្ខជន​បី​នាក់ ដើម្បី​ជំនួស​តំណែង​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​កំពូលៗ​ពីរ​រូប​ផ្សេង​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ។

លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-hye បាន​ស្នើ​ឈ្មោះ​បេក្ខជន​បី​នាក់ ដើម្បី​ជំនួស​តំណែង​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​កំពូលៗ​ពីរ​រូប​ផ្សេង​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ។ ប៉ុន្តែ អ្នក​ប្រឆាំង​បាន​សន្យា​ថា​ នឹង​រារាំង​នូវ​ការ​តែងតាំង​នេះ ដោយ​បាន​ហៅ​ការ​ស្នើ​ឡើង​ទាំង​នេះ ថា​ជា​ការ​ព្យាយាម​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​សាធារណជន​កុំ​ឲ្យ​ផ្ដោត​លើ​ការ​ស៊ើប​អង្កេត​លើ​ករណី​លោកស្រី Choi Soon-sil ដែល​ជា​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​លោកស្រី Park Geun-hye ដែល​កំពុង​តែ​បន្ត​ធ្វើ​នោះ។

លោកស្រី Park បាន​តែងតាំង​លោក Kim Byong-joon ដែល​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Kookmin ជា​នាយក​រដ្ឋមន្ត្រី​ថ្មី។ អ្នក​នាំ​ពាក្យ​របស់​លោកស្រី Park ថា លោក Kim Byong-joon ជា​«មនុស្ស​មាន​សមត្ថភាព​ពេញលេញ ដែល​អាច​ជម្នះ​បាន​នូវ​ស្ថានការណ៍​ពិបាក​នានា ដែល​ប្រទេស​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន និង​អាច​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ដ៏​រឹងមាំ​សម្រាប់​អនាគត​ប្រទេស​កូរ៉េ​ខាង​ត្បូង»។

លោកស្រី Park ក៏​បាន​តែងតាំង​លោក Yim Jong-yong ដែល​ជា​ប្រធាន​គណៈកម្មការ​សេវា​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ជា​ឧប​នាយក​រដ្ឋមន្ត្រី ហើយ​ក៏​បាន​តែងតាំង​លោកស្រី Park Seung-joo ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សុវត្ថិភាព និង​សន្តិសុខ​សាធារណៈ។

ការ​តែងតាំង​ទាំង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​ព្យាយាម​ដើម្បី​បំពេញ​ចិត្ត​អ្នក​ប្រឆាំង​នឹង​លោកស្រី។ លោក Kim Byong-joon និង​លោកស្រី Park Seung-joo ធ្លាប់​ធ្វើ​ជា​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Roh Moo-hyun។

ប៉ុន្តែ​ការ​ព្យាយាម​របស់​លោកស្រី Park លើក​នេះ ត្រូវ​បាន​ក្រុម​អ្នក​ប្រឆាំង​ធ្វើ​ការ​រិះគន់​ភ្លាមៗ ដោយ​លើក​ឡើង​ថា ការ​តែងតាំង​ទាំង​នេះ​ប្រកាស​ឡើង​ដោយ​មិន​សុំ​ការ​ប្រឹក្សា​ពី​រដ្ឋសភា​ជាតិ និង​បាន​ហៅ​ការ​តែងតាំង​ទាំង​នេះ​ថា ​ជា​ការ​ចង់​បង្វែរ​ចំណាប់​អារម្មណ៍​សាធារណជន​កុំ​ឲ្យ​ផ្ដោត​លើ​រឿង​អាស្រូវ​នយោបាយ ​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ៕

XS
SM
MD
LG