ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​កំពុង​ស្មុគស្មាញ​នឹង​រឿង​អាស្រូវ


ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​អ្នកស្រី​ Park Geun-hye ថ្លែង​សុន្ទរកថា​នៅ​រដ្ឋសភា​ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃចន្ទ​ ទី២៤ តុលា ឆ្នាំ២០១៦។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​កំពុង​ស្ថិត​ក្នុង​សភាព​ស្មុគស្មាញ​ជុំវិញ​រឿង​អាស្រូវ​មួយ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លោកស្រី​ថា​បាន​អនុញ្ញាត​ឲ្យ​មិត្តភក្តិរបស់​លោកស្រី​ម្នាក់​លូក​ដៃ​ចូល​ទៅ​ក្នុង​កិច្ចការ​សំខាន់​របស់​រដ្ឋ។

ការ​គាំទ្រ​លោកស្រី Park Geun-hye បាន​ធ្លាក់​ចុះ​ ស្រប​ពេល​ដែល​មាន​ការ​អំពាវនាវ​ឲ្យ​លោកស្រី​ចុះ​ចេញ​ពី​តំណែង​ ចាប់​តាំង​ពី​ពេល​ដែល​លោកស្រី​បាន​ប្រគល់​សេចក្តី​ព្រាង​សម្រាប់​សុន្ទរកថា​របស់​លោកស្រី​ទៅ​ឲ្យ​លោកស្រី​ Choi Soon-sil ដែល​មិន​ធ្លាប់​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​សន្តិសុខ​របស់​រដ្ឋាភិបាល។ ការ​កត់​ត្រា​បាន​បង្ហាញ​ថា លោកស្រី Choi ក៏​បាន​ទទួល​ឯកសារ​សម្ងាត់ រួម​ទាំង​ឯកសារ​ពាក់ព័ន្ធ​ជា​មួយ​នឹង​ជប៉ុន​និង​កូរ៉េ​ខាង​ជើង​ផង​ដែរ។

លោកស្រី Park ដែល​នៅ​សល់​ពេល​តែ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​ការ​កាន់​តំណែង​ប្រធានាធិបតី​នេះ បាន​ធ្វើ​ការ​សុំ​អភ័យ​ទោស​ ហើយ​ប្តេជ្ញា​ថា​នឹង​បន្ត​កាន់​តំណែង។
ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា លោកស្រី Choi បាន​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​លោកស្រី​ជាមួយ​នឹង​ប្រធានាធិបតី​ដើម្បី​បញ្ចុះ​បញ្ចូល​បណ្តា​ក្រុមហ៊ុន​នានា​ឲ្យ​ឧបត្ថម្ភថវិកា​ដល់​អង្គការ​សប្បុរស​ចំនួន​ពីរ​របស់​លោកស្រី​ផ្ទាល់​ ហើយ​ប្រើ​ប្រាស់​អង្គការ​សប្បុរស​ទាំង​នោះ​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​លោក​ស្រី។

ឪពុក​របស់​លោកស្រី Choi គឺ​ជា​អ្នក​ដែល​មាន​ជំនឿ​ស៊ប់​ទៅ​លើ​សាសនា។ ក្រុម​តំណាង​រាស្ត្រ​បារម្ភ​ថា​លោកស្រី Choi មាន​ជំនឿ​ស៊ប់​ដូច​ឪពុក​របស់​លោកស្រី។ ហើយ​មេ​បក្ស​ប្រឆាំង​បាន​ថ្លែង​ថា ឥទ្ធិពល​របស់​លោកស្រី Choi ទៅ​លើ​លោកស្រី​ប្រធានាធិបតី Park អាច​ជា​រឿង​គួរ​ឲ្យ​ខ្លាច​មួយ។

លោក​ស្រី​ Park គឺ​ជា​មិត្ត​ជិត​ស្និត​របស់​ឪពុក​លោកស្រី Choi ក្នុង​អំឡុង​ទសវត្សរ៍ ១៩៧០ នៅ​ពេល​ដែល​ឪពុក​របស់​លោកស្រី Park គឺ​អតីត​ប្រធានាធិបតី​លោក Park Chung-hee ធ្វើ​ជា​មេដឹកនាំ​យោធា​មួយ​រូប។ ហើយ​អ្នក​ទាំង​ពីរ​កាន់​តែ​ជិត​ស្និត​នឹង​គ្នា​នៅ​ពេល​ដែល​ម្តាយ​លោកស្រី Park ស្លាប់​នៅ​ក្នុង​ឆ្នាំ ១៩៧៤ ហើយ​លោកស្រី Park នៅ​ពេល​នោះ​ឡើង​កាន់​តំណែង​ជា​ស្ត្រី​ទី១ ជំនួស​ម្តាយ​របស់​លោកស្រី៕

XS
SM
MD
LG