ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ភ័យ​ខ្លាច​ជាតិ​វិទ្យុសកម្ម​ពី​ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល​ THAAD ​បង្ក​ឲ្យ​មាន​បាតុកម្ម​តវ៉ា​នៅ​កូរ៉េ​ខាង​ត្បូង

  • Brian​ Padden

​ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល THAAD ត្រូវ​បាន​បាញ់​បង្ហោះ​ក្នុង​ពេល​សាកល្បង​មួយ នៅ​ក្នុង​រូបភាព​ដែល​មិន​មាន​កាលបរិច្ឆេទ ដែល​ផ្តល់​ឲ្យ​ដោយ​ក្រសួង​ការពារ​ជាតិ​អាមេរិក។

ក្រុម​បាតុករ​តវ៉ា​បាន​គប់​​ស៊ុត​ (ពងមាន់) ​និង​ដប​ទឹក​សុទ្ធ​ទៅ​លើ​​នាយក​រដ្ឋមន្រ្តី​កូរ៉េ​ខាង​ត្បូង​លោក​ Hwang Kyo-ahn ​នៅ​ខណៈ​ពេល​ដែល​លោក​ព្យាយាម​បន្ធូរ​បន្ថយ​ការ​ព្រួយ​បារម្ភ​របស់​ប្រជាជន​ដែល​រស់​នៅ​ជិត​តំបន់​ដែល​គេ​គ្រោង​ដាក់​ពង្រាយ​ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល​របស់​ស.រ.អា.​ ដែល​មាន​ឈ្មោះ​ថា Terminal High Altitude Area Defense ឬ​ហៅ​កាត់​ថា​ ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល​ THAAD។

ថ្លែង​នៅ​ខាង​មុខ​ការិយាល័យ​រដ្ឋបាល​នៃ​តំបន់​ Seongju ​លោក​នាយក​រដ្ឋមន្រ្តី​ Hwang ​បាន​និយាយ​ថា៖ «ទាក់​ទង​នឹង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល​ THAAD​ យើង​ខ្ញុំ​នឹង​ស្តាប់​រាល់​គំនិត​យោបល់​របស់​អស់​លោក​អ្នក និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ សុវត្ថិភាព​នឹង​ត្រូវ​ធានា​ជា​អាទិភាព»។

ក្រុម​បាតុករ​បាន​ឆ្លើយ​តប​នឹង​សេចក្តី​ថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្រ្តី​ដោយ​ការ​ស្រែក​ហ៊ោ​ខឹង​សម្បា​ ហើយ​ក្រុម​សន្តិសុខ​របស់​លោក​បាន​កាន់​កាបូប​ដាក់​ឯកសារ​ និង​ឆ័ត្រ​បាំង​ការពារ​លោក​នាយករដ្ឋ​មន្រ្តី​ពី​ការ​គប់វត្ថុ​ផ្សេងៗ​ពី​សំណាក់​ហ្វូង​មនុស្ស​ខឹង​សម្បា។ លោក​នាយក​រដ្ឋមន្រ្តី​ត្រូវ​បាន​ជម្លៀស​ចូល​ទៅ​ជ្រក​កោន​ក្នុង​ការិយាល័យ​រដ្ឋបាល​តំបន់។

ការ​ភ័យខ្លាច​ (នឹង)​ ជាតិវិទ្យុ​សកម្ម

សេចក្តី​សម្រេច​របស់​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​កាល​ពី​សប្តាហ៍​មុន​នេះ​ក្នុង​ការ​ពង្រាយ​ប្រព័ន្ធ កម្ទេច​កាំជ្រួច​មីស៊ីល ​THAAD ​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​ គឺ​ក្នុង​តំបន់​ Seongju បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​សាធារណ​ជន​ដែល​យល់​ថា​ ប្រព័ន្ធ​នេះ​នឹង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ និង​សុវត្ថិភាព​របស់​ប្រជាជន​ដែល​រស់​នៅ​ក្បែរ​នោះ​ ជាពិសេស​គ្រោះ​ថ្នាក់​នៃ​ការ​នៅ​ផ្ទាល់​នឹង​ជាតិ​វិទ្យុ​សកម្ម​ចេញ​ពី​ប្រព័ន្ធ​រ៉ាដា​ដ៏​មាន​អានុភាព​ខ្លាំង​នោះ។

លោក​ស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ Park Geun-Hye ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​នេះ​ថា​ ការ​គំរាម​កំហែងជាក់​ស្តែង​ចេញ​ពី​សមត្ថភាពដែល​កាន់​តែ​ប្រសើរ​ឡើង​ផ្នែក​កាំជ្រួច​មីស៊ីល​ផ្លោង​និង​អាវុធ​នុយក្លែអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ស្រី​ពង្រឹង​ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល​បែប​នោះ​ឲ្យ​បាន​ឆាប់​រហ័ស។

លោក​ស្រី​ Park ​បាន​និយាយ​ថា៖ «ហេតុ​ដូច្នេះ​ហើយ យើង​សម្រេច​ថា​ គ្មាន​ជម្រើស​ណា​ដែល​ប្រសើរ​ជាង​ការ​ការពារ​ជីវិត និង​សុវត្ថិភាព​ប្រជាជន​របស់​យើង​ក្នុងពេល​មាន​ការ​គំរាម​កំហែង​ដោយ​កាំជ្រួច​មីស៊ីល​ និង​អាវុធ​នុយក្លែអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ​ដែល​បាន​ក្លាយ​ជា​ការ​ពិត​នោះ​ទេ»។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជាជន​រស់​នៅ​តំបន់​ Seongju ​មាន​ការ​ខឹង​សម្បា​ដោយ​ហេតុ​ថា​ សេចក្តី​សម្រេច​ក្នុង​ពង្រាយ​ប្រព័ន្ធ​កម្ទេច​កាំ​ជ្រួច​មីស៊ីល​ THAAD​ នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់ជា​មួយ​ពួក​គាត់​ និង​គ្មាន​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ផ្នែក​សុខភាព​ បរិស្ថាន​ និង​សេដ្ឋកិច្ច​ឯករាជ្យ​នៅ​ឡើយ។

កាល​ពីថ្ងៃ​ទី១៣​ខែ​កក្កដា​ ក្នុង​ការ​ជួប​ជុំ​ជា​សាធារណៈ​មួយ​ក្នុង​រដ្ឋធានី​សេអ៊ូល​ ប្រធាន​រដ្ឋបាល​នៃ​តំបន់​ Seongju បាន​និយាយ​ថា៖ «ប្រជាជន​ក្នុង​តំបន់​ Seongju​ ចំនួន​ ៥០០០០ នាក់​ មាន​ការ​ខឹងសម្បា​ដោយ​សារ​សេចក្តី​សម្រេច​ក្នុង​ដាក់​ពង្រាយ​ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល​នេះ​ ធ្វើ​ឡើង​ដោយ​អត្តនោម័តិ​គ្មាន​ការ​ពិគ្រោះ​យោបល់​ប្រឹក្សា​ ឬ​ការ​ព្រមព្រៀង​អ្វី​ឡើយ»។

​រ៉ាដា​ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល​ THAAD

ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល​ THAAD ​ប្រើប្រាស់​ប្រព័ន្ធ​រ៉ាដា​ដែល​មាន​អនុភាព​ខ្ពស់​ក្នុង​ការ​ស្វែង​រក​និង​តាមដាន​ការ​គំរាម​កំហែងពី​កាំជ្រួច​ផ្លោងក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ និង​រយៈ​កម្ពស់​ខ្ពស់។ ប្រព័ន្ធ​រ៉ាដា និង​បច្ចេកវិទ្យា​ចាប់​រលក​ធាតុអាកាស​ ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់​ដើម្បី​ដាក់​ឲ្យ​ដំណើរ​ការ​កម្មវិធី​នៃ​ម៉ាស៊ីន​បាញ់​កាំជ្រួច​មីស៊ីល​ចល័ត​ចំនួន​៦ និង​យាន​ចំនួន​៤៨​សម្រាប់​វាយប្រហារ​យាន​របស់​សត្រូវ។

ក្រុម​អ្នក​ប្រឆាំង​នឹង​ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល​ THAAD​ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ថា​ ការ​ប៉ះពាល់​ជាតិ​វិទ្យុ​សកម្ម​អេឡិចត្រូម៉ាញ៉េទិក​ពីរ៉ាដា​របស់​ប្រព័ន្ធ​មីស៊ីល​នេះ​ នឹង​អាច​បង្ក​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​រស់​នៅ​ក្បែរ​នោះ និង​អាច​បង្ក​ការ​ខូច​ខាត​ដល់​ផលិតផល​កសិកម្ម។

ក្រសួង​ការពារ​ជាតិ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ កាល​ពី​ថ្ងៃ​ទី​១៤​ខែ​កក្កដា​ បាន​ព្យាយាម​ដោះ​ស្រាយ​ការ​ព្រួយ​បារម្ភ​ទាំង​នេះ​ដោយ​បាន​នាំ​អ្នក​សារព័ត៌មានទៅ​កាន់​ទីតាំង​ដាក់កាំជ្រួច​មីស៊ីល​ការពារ​ Patriot​ មួយ​កន្លែង​ដែល​ធ្លាប់​តែ​លាក់​បាំង​កាល​ពី​ពេល​កន្លង​ទៅ​ នៅ​ក្នុង​តំបន់​ Chungcheong ​នា​ប៉ែក​ខាង​ត្បូង​នៃ​រដ្ឋធានី​សេអ៊ូល។
ទីតាំង​មីស៊ីល ​Patriot​ នេះ​បាន​ចាប់​កកើត​តាំង​ពី​ឆ្នាំ​២០១២​ និង​ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​រ៉ាដា​កម្ទេច​កាំជ្រួច​មីស៊ីល​ THAAD ​ដូចគ្នា​ដែរ។ មន្រ្តី​នានានិយាយ​ថា​ ប្រជាជន​ដែល​រស់​ក្បែរ​តំបន់​នោះ​មិន​មាន​ផល​ប៉ះពាល់ខាងសុខភាព​ដោយ​សារ​ការ​បញ្ចេញ​ជាតិ​ពុល​ពី​ប្រព័ន្ធ​រ៉ាដាមីស៊ីល​ Patriot ទេ។

មន្រ្តី​យោធា​បាន​វាស់​កម្រិត​រលក​អេឡិចត្រូម៉ាញ៉េទិក​ដែល​បញ្ចេញ​ដោយ​ប្រព័ន្ធ​រ៉ាដា​កម្ទេច​មីស៊ីល​ Patriot ​ក្នុង​ពេល​បាតុកម្ម​មួយ​ ​ដើម្បី​បង្ហាញ​ដល់​ក្រុម​អ្នក​សារព័ត៌​មាន​ដែល​មក​កក​កុញ។ ​ក្នុង​រយៈ​ចម្ងាយ​៣០​ម៉ែត្រ​ពី​ប្រព័ន្ធ​រ៉ាដា​នេះ​ លទ្ធផល​បង្ហាញ​ថា​មាន​រលក​អេឡិចត្រូម៉ាញ៉េទិក​មាន​កម្រិត​ ០,២៦៥៨ វ៉ាត់​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ដែល​ចំនួន​នេះ​ស្ថិត​នៅ​ក្រោម​កម្រិត​សុវត្ថិភាព​ ១០​ វ៉ាត់​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​នៅ​ឡើយ។

ក្រុម​មន្រ្តី​ទាំង​នោះ​បាន​និយាយ​ថា​ ច្បាប់​របស់​ប្រទេសកំណត់​យក​ត្រឹម​កម្រិត​១០​វ៉ាត់​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដូច​ដែល​មាន​ចែង​ក្នុង​គោលការណ៍​ណែនាំ​របស់​គណៈកម្មាធិការ​អន្តរជាតិ​សម្រាប់​ការពារ​ជាតិ​វិទ្យុ​សកម្ម​ដែលមិន​មែន​ជា​អ៊ីយ៉ុង។ ការ​ប៉ះ​ពាល់​រលក​ក្នុង​កម្រិត​លើស​ពី​នេះ​នឹង​នាំ​មនុស្ស​មាន​ស្ត្រេស​ដោយ​សារ​ក្តៅ​ខ្លួន​ និង​កម្តៅ​កោសិកា​ក្នុង​ខ្លួន​កើន​ឡើង​ខ្ពស់។

ផ្អែក​តាម​ការ​វាយតម្លៃ​ផល​ប៉ះ​ពាល់​របស់​ស.រ.អា.​ ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​ បាន​និយាយ​ថា​ ខ្លួន​បាន​កំណត់យក​ចម្ងាយ​ ១០០​ម៉ែត្រ​ ពី​ចំណុច​កណ្តាល​នៃ​រង្វង់​បរិវេណ​សុវត្ថិភាព​ជុំវិញ​តំបន់​ប្រព័ន្ធ​រ៉ាដា។

ក្រុម​យោធា​បាន​ធានា​អះអាង​ជូន​ពលរដ្ឋ​ថា​ ថាមពល​ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល​ THAAD​ នឹង​ត្រូវ​បាន​តម្លើង​នៅ​ទីតាំង​យ៉ាង​ជិត​បំផុត​ ១,៥​គីឡូ​ម៉ែត្រ​ពី​ទី​ប្រជុំ​ជន​ដែល​មាន​មនុស្ស​រស់​នៅ និង​មិន​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អាក្រក់​ណា​មួយ​ដល់​សហគមន៍​ក្នុង​តំបន់​នោះ​ទេ។

លោក​នាយក​រដ្ឋមន្រ្តីក៏​បាន​ថ្លែង​សុំទោស​ដល់​ប្រជាជន​ក្នុង​តំបន់​ Seongju ​ចំពោះ​ការ​សម្រេច​ចិត្ត​ដាក់​ពង្រាយ​ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល​ THAAD ​«ដោយ​មានការ​ជម្រាប​ទុក​មុន»។

ក្រុម​បាតុករ​តវ៉ា​ក្នុង​តំបន់​ Seongju បាន​ទាត់​ចោល​ការ​ធានា​អះអាង​របស់​រដ្ឋាភិបាល​ និង​នៅ​តែ​បន្តប្រឆាំង​ការ​ដាក់​ពង្រាង​ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល​ THAAD​ នេះ​នៅ​ក្បែរ​សហគមន៍​របស់​ពួកគេ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ តាម​រយៈ​ការស្ទាប​ស្ទង់​មតិ​ដែលធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ Gallup Korea ក្នុង​សប្តាហ៍​នេះ​បាន​បង្ហាញ​ថា​ ៥០​ភាគរយ​នៃ​អ្នក​ដែល​ចូល​រួម​ក្នុង​ការ​ស្ទាបស្ទង់​មតិ​នេះ ​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មីស៊ីល​ THAAD ​នេះ៕

ប្រែ​សម្រួល​ដោយ កោះ​ សុគន្ធី

XS
SM
MD
LG