ក្រុមអាជ្ញាធរកូរ៉េខាងត្បូងបានចាប់ខ្លួនអតីតនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងដោយការត្អូញត្អែអំពីរបៀបដែលអ្នកបម្រើតាមយន្តហោះបានបម្រើគ្រាប់ Macadamia ដល់លោកស្រី។
លោកស្រី Heather Cho ដែលជាកូនស្រីរបស់អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍កូរ៉េបានត្រូវស្ថិតនៅក្នុងការឃុំឃាំងនៅថ្ងៃពុធនេះក្នុងទីក្រុងសេអ៊ូលលើបទចោទប្រកាន់ពីការរំលោភសុវត្ថិភាពអាកាសចរណ៍។
កាលពីថ្ងៃទី៥ ខែធ្នូ លោកស្រី Cho បានបង្ខំឲ្យជើងហោះហើរវិលត្រឡប់មកកាន់ច្រកទ្វារវិញនៅក្នុងទីក្រុងញូវយ៉កដើម្បីដកអ្នកធ្វើការម្នាក់នៅលើយន្តហោះដែលបានបម្រើគ្រាប់ Macadamia នៅក្នុងកញ្ចប់ដោយមិនដាក់គ្រាប់នោះនៅក្នុងចាន។
គេក៏បានរាយការណ៍ដែរថា លោកស្រីបានបង្ខំឲ្យអ្នកបម្រើយន្តហោះនោះលត់ជង្គង់នៅពីមុខលោកស្រីនៅលើយន្តហោះហើយបានយកចុងសៀវភៅបុកអ្នកបម្រើនៅយន្តហោះនោះម្តងហើយម្តងទៀត។
ពលរដ្ឋកូរ៉េខាងត្បូងខ្លះមើលឃើញអតីតនាយកប្រតិបត្តិដែលមានអាយុ៤០ឆ្នាំរូបនេះថាជាម្ចាស់ក្សត្រីទំនើងហើយបណ្តាញផ្សាយព័ត៌មានបានហៅសកម្មភាពរបស់លោកស្រីថាជាឧបទ្ទវហេតុគ្រាប់ Macadamia ដ៏ក្រេវក្រោធមួយ។
លោកស្រី Cho បានសុំអភ័យទោសហើយបានលាចេញពីតួនាទីរបស់លោកស្រីជាអនុប្រធានក្រុមហ៊ុនអាកាសចរណ៍កូរ៉េ។ លោកស្រីមិនបានរងការចោទប្រកាន់ពីឧក្រិដ្ឋកម្មទេ ក៏ប៉ុន្តែអាចប្រឈមមុខការចោទប្រកាន់ពីការរំលោភការហោះហើរហើយនិងការផ្លាស់ប្តូរផ្លូវហោះហើរ។
តុលាការទីក្រុងសេអ៊ូលបានសម្រេចថា លោកស្រី Cho ត្រូវស្ថិតក្នុងការឃុំឃាំងរហូតទាល់តែការចោទប្រកាន់ត្រូវបានសម្រេច ហើយតុលាការនិយាយថា មានភាពគ្រោះថ្នាក់ដែលលោកស្រីអាចរត់គេចខ្លួន ឬបំផ្លាញភស្តុតាង។
មន្រ្តីម្នាក់ទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េបានត្រូវចាប់ខ្លួនលើបទចោទប្រកាន់ពីការព្យាយាមបិទបាំងឧបទ្ទវហេតុនេះ។
ភាពចម្រូងចម្រាស់នៅពេលថ្មីៗនេះបានកើតមានឡើងនៅសប្តាហ៍នេះបន្ទាប់ពីលោកស្រី Cho Yang-ho កូនស្រីម្នាក់ទៀតរបស់អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍កូរ៉េបានផ្ញើរសារអត្ថបទទៅបងប្អូនស្រីរបស់លោកស្រីដោយសន្យាថាលោកស្រីនឹងធ្វើការសងសឹក។
លោកស្រី Emily Cho ដែលបានបញ្ជូនសារអត្ថបទនោះបានសុំអភ័យទោសនៅថ្ងៃពុធនេះដោយនិយាយថា លោកស្រី សុំអភ័យទោសចំពោះពាក្យពេជន៍នៅក្នុងសារនោះ៕