ប្រទេសកូរ៉េខាងត្បូងកំពុងតែដោះស្រាយកំណើនកាកសំណល់នៃចំនួនគ្រឿងអេឡិចត្រូនិច ដែលគេហៅថា សម្រាមអេឡិចត្រូនិច ឬ E-Waste ដើម្បីទប់ស្កាត់មិនឲ្យគេបោះចោលម៉ាស៊ីនកុំព្យូទ័រ ទូរស័ព្ទ និងគ្រឿងអគ្គិសនីចាស់ៗច្រើនតោន នៅកន្លែងចាក់សម្រាម ទប់ស្កាត់ការលេចជាតិគីមីពុល។ រដ្ឋាភិបាលមូលដ្ឋានខ្លះបង្កើតកម្មវិធីជំនាញកែច្នៃសម្រាម។
វាដល់ទីបញ្ចប់នៃគ្រឿងអេឡិចត្រូនិចដែលបាក់បែក ហួសសម័យ និងដែលគេមិនចង់បានទាំងនេះហើយ។
ទីក្រុងសេអ៊ូលបោះចោលគ្រឿងអេឡិចត្រូនិច១០តោនក្នុងមួយឆ្នាំ ហើយ១ភាគ៥នៃចំនួននេះចូលមកមជ្ឈមណ្ឌលកែច្នៃឡើងវិញ។ នៅមជ្ឈមណ្ឌល SR Center នេះគេបំបែកគ្រឿងអេឡិចត្រូនិចជាបំណែកដើម្បីចម្រាញ់យកគ្រឿងលោហធាតុមានតម្លៃ ដូចជាមាស ស្ពាន់ ឬដីកម្រ។ ឧស្សហកម្មនេះមានតម្លៃ៣ពាន់៨រយលានដុល្លារ។ នេះបើតាមការអះអាងរបស់រដ្ឋាភិបាល។
លោក Ji Un-Geun នាយកមជ្ឈមណ្ឌលSR Center ថ្លែងថា ការកែច្នៃឬចម្រាញ់សម្រាមឡើងវិញនេះមិនមែនគ្រាន់តែបានប្រាក់ចំណេញទេ តែការពារបរិស្ថានទៀតផង។
«ពិភពលោកយើងមានធនធានធម្មជាតិតិចតួច។ ក្រុមហ៊ុនយើងផ្តល់ភាគទានជូនដល់សង្គមប្រកបដោយចីរភាពមួយ ដោយការអភិរក្សសម្ភារៈទាំងនេះ»។
លោក Ji ថ្លែងថា ចំនួន៩០ភាគរយនៃគ្រឿងអេឡិចត្រូនិចដែលចូលមកកន្លែង នេះត្រូវកែច្នៃឡើងវិញ។ កំណើននៃកាកសំណល់គ្រឿងអេឡិចត្រូនិចមិនមែនជាកង្វល់តែមួយចំពោះប្រទេសកូរ៉េខាងត្បូងដែលរីកចម្រើនផ្នែកបច្ចេកវិជ្ជានោះទេ។
អ.ស.ប.បានរាយការណ៍ថា សម្រាមគ្រឿងអេឡិចត្រូនិចពិភពលោករាប់លានតោនត្រូវគេនាំចូលទៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ នៅទីនោះ សម្ភារៈកាក សំណល់មានជាតិពុល ដូចជាសំណ និងបារ៉តបានបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង។ រឿងនេះកើតឡើង ទោះជាកិច្ចព្រមព្រៀងអន្តរជាតិហាមការនាំចូលគ្រឿងអេឡិចត្រូនិចដែលគេបោះចោលនោះក្តី។
ចាប់តាំងពីឆ្នាំ២០០៩មក រដ្ឋាភិបាលក្រុងសេអ៊ូលបានចាប់ដៃគូជាមួយមជ្ឈមណ្ឌល SR Center ដើម្បីប្រមូលសម្រាមគ្រឿងអេឡិចត្រូនិចពីរដ្ឋនិងក្រុមហ៊ុនឯកជន។
ពលរដ្ឋក្រុងសេអ៊ូលលោក Lee Tae-hong ថ្លែងថា ការកែច្នៃសម្រាមឡើងវិញគឺ ជាបញ្ហាសន្តិសុខក្នុងសម័យឌីជីថលនេះ។
«បើគ្រឿងអេឡិចត្រូនិច ដូចជាទូរស័ព្ទ មិនត្រូវកែច្នៃឡើងវិញទេ នោះសម្ភារៈទាំងនោះអាចចូលខុសច្បាប់ទៅដល់ប្រទេសផ្សេងទៀត ដូចជាចិន ឬប្រទេសអាស៊ីអាគ្នេយ៍។ ហើយព័ត៌មានផ្ទាល់ខ្លួនអាចត្រូវគេលួចយក»។
ក្រុមអ្នកឃ្លាំមើលបរិស្ថានខ្លះថា បើទោះណាជាមានមជ្ឈមណ្ឌលកែច្នៃឡើងវិញ ទទួលសម្រាមគ្រឿងអេឡិចត្រូនិចក៏ដោយ តែវាមិនទាន់គ្រប់គ្រាន់ទេ។
អ្នកជំនាញផ្នែកបច្ចេកវិជ្ជាឌីជីថលប្រទេសកូរ៉េខាងត្បូងបន្តទិញឧបករណ៍ អេឡិចត្រូនិចច្រើនឡើង។ គេប៉ាន់ប្រមាណថា មានចំនួន២១ភាគរយនៃកាកសំណល់របស់ប្រទេស ពិតជាត្រូវគេកែច្នៃបានយ៉ាងត្រឹមត្រូវ។ នេះបើតាមការ អះអាងរបស់លោក Lee Joo-hong នៃបណ្តាញការពារបរិស្ថានហៅថា Green Consumers Network។ លោកថ្លែងថា ជនជាតិកូរ៉េវណ្ណៈកណ្តាលទិញទូរស័ព្ទដៃថ្មីមួយគ្រឿងក្នុងរយៈពេល១ឆ្នាំកន្លះ។
«ពលរដ្ឋប្តូរទូរស័ព្ទយ៉ាងរហ័ស ព្រោះមួយផ្នែកក្រុមហ៊ុនចុះតម្លៃច្រើនពេលទិញទូរស័ព្ទថ្មី។ ហើយអតិថិជនកូរ៉េមិនចង់មានអារម្មណ៍ថា ប្រើទូរស័ព្ទម៉ាកមិនទាន់សម័យទេ»។
លោក Ji Un-Geun នៃមជ្ឈមណ្ឌលកែច្នៃឡើងវិញក្រុងសេអ៊ូល យល់ស្របថាទម្លាប់អតិថិជនដូចនេះ បានក្លាយជាមូលហេតុដ៏ធំដែលទូរស័ព្ទចាស់ៗគរនៅទីនេះ។ តែលោកថា លោកធ្វើការងារលោកដើម្បីកាត់បន្ថយ។
«ខ្ញុំមានទូរស័ព្ទតែមួយនេះ១០ឆ្នាំហើយ។ ធ្វើអញ្ចឹង ខ្ញុំអាចជួយការពារធនធាន ធម្មជាតិរបស់យើងបាន»។
លោក Ji ថ្លែងថា ទីក្រុងកូរ៉េផ្សេងទៀតចាំបាច់ត្រូវចាប់ផ្តើមបើកកម្មវិធីកែច្នៃ សម្រាមឡើងវិញក្នុងទីក្រុងពួកគេ ដើម្បីដោះស្រាយកំណើនច្រើនឡើងនៃសម្រាមអេឡិចត្រូនិច។
លោកសុខ ខេមរាប្រែសម្រួល