មេដឹកនាំប្រទេសកូរ៉េខាងត្បូងលោកស្រី Park Geun Hye បានការពារការសម្រេចចិត្តរបស់លោកស្រីក្នុងការតម្លើងនូវប្រព័ន្ធការពារមីស៊ីល ដែលហៅថា THAAD និងបានដាក់ការផ្តោតខ្លាំងថ្មីលើការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ក្នុងពេលលោកស្រីថ្លែងសុន្ទរកថាទៅកាន់ប្រជាពលរដ្ឋកូរ៉េខាងត្បូងនៅទូទាំងប្រទេសនាថ្ងៃច័ន្ទនេះ ខណៈពេលដែលប្រជាពលរដ្ឋកូរ៉េខាងត្បូងជាច្រើនរយនាក់មកពីតំបន់ដែលប្រទេសកូរ៉េខាងត្បូងគ្រោងនឹងតម្លើងប្រព័ន្ធការពារមីស៊ីលនេះបានកោរសក់របស់ពួកគេនៅក្នុងការតវ៉ាប្រឆាំងនឹងគម្រោងនេះ។
នៅក្នុងការថ្លែងសុន្ទរកថាប្រចាំឆ្នាំដើម្បីប្រារព្ធខួបទី ៧១ នៃការរំដោះឧបទ្វីបកូរ៉េនៅពេលបញ្ចប់សង្គ្រាមលោកលើកទីពីរ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូងមិនចុះញ៉មជាមួយនឹងសម្ពាធពីខាងក្រៅពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិរបស់ប្រទេសកូរ៉េខាងត្បូងនោះទេ។
លោកស្រីបានលើកឡើងយ៉ាងដូច្នេះថា៖ «យើងមិនគួរគិតថា វាសនារបស់ប្រទេសយើងត្រូវបានកំណត់ដោយទំនាក់ទំនងដ៏ខ្លាំងក្លារបស់មហាអំណាចខ្លាំងៗនៅជុំវិញយើងនោះទេ។ ត្រូវឈប់មានគំនិតធ្វើជាជនរងគ្រោះ និងលះបង់នូវគំនិតទុទ្ទិដ្ឋិនិយមចេញ»។
ភាពតានតឹងមានការកើនឡើងខ្លាំងនៅតំបន់ឧបទ្វីបកូរ៉េ ចាប់តាំងពីប្រទេសកូរ៉េខាងជើងអនុវត្តនូវការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនលើកទី ៤ កាលពីខែមករាកន្លងទៅនេះ និងបានបាញ់ជាបន្តបន្ទាប់ក្រោយៗមកទៀត។
ប្រទេសកូរ៉េខាងត្បូងបានឆ្លើយតបនឹងការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលពីខែមុន ដោយប្រកាសពីការតម្លើងប្រព័ន្ធការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក ដែលជាការវិវត្តន៍មួយធ្វើឲ្យមានការតវ៉ានៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏ដូចជាការរិះគន់ពីប្រទេសចិនផងដែរ។
លោកស្រី Park ថា៖ «ខ្ញុំជំរុញឲ្យរដ្ឋាភិបាលប្រទេសកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវការបង្កហេតុ និងការគំរាមកំហែងសំដៅលើប្រទេសកូរ៉េខាងត្បូង ក៏ដូចជាបញ្ឈប់ជាបន្ទាន់នូវការផលិតនូវអាវុធប្រល័យលោក»។
លោកស្រីក៏ព្រមានប្រទេសកូរ៉េខាងជើងថា ការប៉ុនប៉ងទាំងឡាយណាដែលមានគោលបំណងចង់បង្កហេតុ និងគំរាមកំហែងប្រទេសកូរ៉េខាងជើងនឹងជះផលអវិជ្ជមានវិញដល់ប្រទេសកូរ៉េខាងជើង។
ភាពតានតឹងត្រូវគេរំពឹងថានឹងកើនឡើងម្តងទៀត នៅពេលដែលប្រទេសកូរ៉េខាងត្បូងចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក ដែលគ្រោងធ្វើនៅចុងខែនេះ៕