លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នៅថ្ងៃច័ន្ទនេះ មិនបានចូលរួមដោយផ្ទាល់នៅក្នុងពិធីបុណ្យខួបលើកទី ៧១ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរនៅឯទីសក្ការបូជា Yasukuni ដែលជាកន្លែងរំលឹកដល់ទាហានជប៉ុនដែលទទួលបរាជ័យនៅក្នុងសង្គ្រាមលោកលើកទីពីរ។ លោកធ្វើដូច្នេះ គឺក្នុងគោលបំណងជៀសវាងនូវភាពប្រទាំងប្រទើសជាមួយប្រទេសជិតខាង គឺប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង។
ជំនួសដោយការមិនបានចូលរួមនេះ លោក Abe បានផ្ញើតង្វាយបែបសាសនាទៅកាន់ទីសក្ការបូជា Yasukuni នេះវិញ។
កាលពីឆ្នាំ ២០១២ លោក Abe បានទៅទីសក្ការបូជានេះដើម្បីរំលឹកដល់នាយទាហានជប៉ុនដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទីពីរ និងមេដឹកនាំយោធា និងមេដឹកនាំនយោបាយជាច្រើនរូបទៀតដែលត្រូវបានកាត់ទោសពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសង្គ្រាមនោះ បានធ្វើឲ្យមានការខឹងសម្បារពីសំណាក់រដ្ឋាភិបាលចិន និងរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលប្រទេសទាំងពីរនេះយល់ឃើញទីសក្ការបូជា Yasukuni នេះថា ជានិមិត្តរូបនៃលទ្ធិយោធានិយមនាសម័យសង្គ្រាមនៅក្នុងប្រទេសជប៉ុន និងចាត់ទុកការទៅទស្សនាកន្លែងនេះថាជាចេតនាក្នុងការបិទបាំងនូវភាពកាចសាហាវនាសម័យសង្គ្រាមលោកលើកទីពីររបស់ប្រទេសជប៉ុន។
តំណាងរាស្ត្រជប៉ុនជាច្រើននាក់បានទៅកាន់ទីសក្ការបូជា Yasukuni នៅថ្ងៃច័ន្ទនេះ ដែលក្នុងនោះមានលោកអនុប្រធានគណៈរដ្ឋមន្ត្រីជប៉ុនលោក Koichi Hagiuda ផងដែរ។
នៅឯពិធីបុណ្យផ្លូវការដើម្បីរំលឹកដល់ទាហានជប៉ុនដែលស្លាប់នៅឯល្ងាចថ្ងៃច័ន្ទនេះ លោក Abe បានបញ្ជាក់ឡើងវិញនូវការសន្យារបស់លោកថាមិនធ្វើឲ្យភាពឈឺចាប់ដែលបណ្ដាលមកពីសង្រ្គាមកើតឡើងជាថ្មីនោះទេ ប៉ុន្តែក្នុងនោះដែរ លោក Abe មិនដែលនិយាយពីសកម្មភាពរបស់ប្រទេសជប៉ុននៅក្នុងសម័យសង្គ្រាម និងមិនដែលធ្វើការសុំអភ័យទោសដល់ជនរងគ្រោះនាដោយសង្គ្រាមនាសម័យនោះនោះដែរ។
នៅឯទីក្រុង Nanjing ប្រទេសចិនឯណោះវិញ អ្នកតំណាងមកពីប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង បានជួបប្រជុំគ្នានៅសាលរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៅក្នុងការសម្លាប់រង្គាល Nanking ដែលប្រព្រឹត្តិឡើងដោយប្រទេសជប៉ុនកាលពីឆ្នាំ ១៩៣៧ ក្នុងគោលបំណងដើម្បីរំលឹកពីជ័យជំនះដែលប្រទេសចិនហៅថា សង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន៕