ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនៅតែមានការខ្វែងគំនិតគ្នាលើបញ្ហាថាតើត្រូវធ្វើការឆ្លើយតបទៅនឹងការសាកល្បងកាំជ្រួចមីស៊ីលបង្កហេតុដ៏ខ្លាំងរបស់ប្រទេសកូរ៉េខាងជើងយ៉ាងដូចម្តេច ខណៈដែលប្រទេសជប៉ុននិងកូរ៉េខាងត្បូង បន្តប្រឈមការជំទាស់ប្រឆាំងតវ៉ានៅឯក្នុងប្រទេស និងបរទេសចំពោះគោលនយោបាយខាងយោធាដ៏គគ្លើនកាន់តែខ្លាំងឡើង។
កាលពីថ្ងៃពុធ សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដែលមានប្រទេស១៥ជាសមាជិក បានជួបគ្នាទៅតាមសំណើរបស់ជប៉ុននិងសហរដ្ឋអាមេរិកបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចមីស៊ីល២ដើមនៅព្រឹកថ្ងៃនោះដែលបានធ្លាក់នៅជិតផ្ទៃទឹកដែលត្រួតត្រាដោយប្រទេសជប៉ុន។
លោក Koro Bessho ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មានថា «ការសាកល្បងកាំជ្រួចនេះ ជាបញ្ហាដ៏សំខាន់បំផុតសម្រាប់សន្តិសុខ និងសុវត្ថិភាពរបស់តំបន់យើង»។
លោក Stephane Dujarric អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជា ជាតិ បាន គីមួន បានហៅការលុកលុយនៅក្នុងដែនទឹករបស់ជប៉ុននេះ ថាជាការរំខានដ៏ខ្លាំងមួយ។
អ្នកនាំពាក្យរូបនោះ បានមានប្រសាសន៍ថា «ខ្ញុំគិតថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងនិយាយឡើងវិញ ហើយនិងបន្តអំពាវនាវដល់សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េឲ្យបញ្ឈប់សកម្មភាពណាមួយដែលមិនបានកាត់បន្ថយការតានតឹងនៅលើឧបទ្វីបកូរ៉េ»។
កាលពីខែមីនា អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិថ្មីខ្លាំងមួយប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងចំពោះការសាកល្បងអាវុធនុយក្លេអ៊ែរទី៤ហើយនឹងការបាញ់កាំជ្រួចប្រតិបត្តិការចម្ងាយឆ្ងាយដែលបានរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហាមឃាត់កូរ៉េខាងជើងមិនឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីល៕