ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ចូល​ក្នុង​មហាសមុទ្រ


បុរស​ម្នាក់​ដើរកាត់​កញ្ចក់ទូរទស្សន៍មួយ​នៅ​ក្នុង​ស្ថានីយរថភ្លើង​ក្រុង​សេអ៊ូល ​ដែល​បង្ហាញ​ពី​ខ្សែវីដេអូ​នៃ​ការ​បង្ហោះ​គ្រាប់រ៉ូកែត​របស់​ប្រទេស​កូរ៉េខាងជើង​ នា​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០១៦។ មន្ត្រី​យោធា​ប្រទេស​កូរ៉េ​ខាងត្បូង បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ភាគ​ខាង​កើត​នៃ​ប្រទេស​កូរ៉េ​ខាងជើង។

មន្ត្រី​យោធា​ប្រទេស​កូរ៉េ​ខាងត្បូង បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ភាគ​ខាង​កើត​នៃ​ប្រទេស​កូរ៉េ​ខាងជើង ដែល​នេះ​ជា​ការ​បាញ់​ថ្មី​បំផុត​មួយ​នៅ​ក្នុង​ការ​សាកល្បង​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ជា​បន្ត​បន្ទាប់​របស់​កូរ៉េ​ខាងជើង។

យោធា​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ខ្លួន​ចាប់​ភស្តុតាង​បាន​ថា​ ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ចំនួន​ពីរ​គ្រាប់​ក្នុង​ពេល​ដំណាល​គ្នា ដែល​មីស៊ីល​មួយ​គ្រាប់​ត្រូវ​បាន​បាញ់​បាន​ដោយ​ជោគជ័យ ឬឯ​មួយ​គ្រាប់​ទៀត មិន​បាន​ជោគជ័យ​ទេ ដោយ​វា​បាន​ផ្ទុះ​ភ្លាមៗ​ បន្ទាប់​ពី​បាន​បាញ់​រួម​មក។

ក្រុម​មន្ត្រី​បាន​និយាយ​ថា គ្រាប់​មីស៊ីល​នេះ ដែល​គេ​ជឿជាក់​ថា​ជា​គ្រាប់​មីស៊ីល Rodong ដែល​បាញ់​បាន​ចម្ងាយ​មធ្យម ត្រូវ​បាន​បាញ់​មុន​ម៉ោង ៨ ព្រឹក នា​ថ្ងៃ​ពុធ​នេះ ចេញ​ពី​តំបន់ Unyul ស្ថិត​នៅ​ក្នុង​ខេត្ត Hwanghae ភាគ​ខាង​លិច​ប្រទេស​កូរ៉េ​ខាងជើង ហើយ​វា​ហោះ​បាន​ចម្ងាយ​ប្រហែល​មួយ​ពាន់ គីឡូម៉ែត្រ មុន​ពេល​ដែល​វា​ធ្លាក់​ចូល​ក្នុង ឬក៏​ក្បែរ​ដែន​សមុទ្រ​ប្រទេស​ជប៉ុន។

របាយការណ៍​របស់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​បាញ់​គ្រាប់​មីស៊ីល​នេះ​បង្ហាញ​ពី​មហិច្ឆតា​របស់​ប្រទេស​កូរ៉េ​ខាងជើង​ក្នុង​ការ​គំរាមកំហែង​ប្រទេស​ជិត​ខាង​ខ្លួន។

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ហៅ​ការ​បាញ់​គ្រាប់​មីស៊ីល​នេះ​ថា​ជា «ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ» ដល់​សន្តិសុខ​ប្រទេស​ជប៉ុន និង​បាន​បញ្ជាក់​ពី​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​គោលបំណង​បន្ត​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាងជើង​នេះ។

សហរដ្ឋ​អាមេរិក​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ព្រមាន​ប្រទេស​កូរ៉េ​ខាងជើង​ថា សហរដ្ឋ​អាមេរិក​ប្រុងប្រៀប​រួច​ជា​ស្រេច​ក្នុង​ការ​ការពារ​ខ្លួន និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ពី​ការ​វាយប្រហារ ឬ​ការ​បង្ក​ហេតុ​ណា​មួយ​កើតឡើង។

ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ចុងក្រោយ​នេះ គឺជា​ការ​បាញ់​លើក​ទី ៤ ដែល​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប្រហែល ២ សប្ដាហ៍។ ការ​បាញ់​ទាំងអស់​នេះ​គឺ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ដែល​រារាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន​ឲ្យ​ផលិត​គ្រាប់​ផ្លោង​មីស៊ីល៕

XS
SM
MD
LG