គណបក្សអភិរក្សនិយមដ៏សំខាន់មួយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញសញ្ញាថា ខ្លួននឹងប្រ កាន់ជំហរឲ្យកាន់តែខ្លាំងឡើងប្រឆាំងនឹងប្រទេសចិនហើយនឹងគាំទ្រកាន់តែខ្លាំងថែមទៀតទៅលើបញ្ហាសិទ្ធិមនុស្សនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសកូរ៉េខាងត្បូងឡើងវិញនៅក្នុងការបោះឆ្នោតដែលមានការប្រកួតប្រជែងដ៏ក្តៅគគុកនៅក្នុងខែមិនាខាងមុខនេះ។
បើទោះបីជាការផ្លាស់ប្តូនោះទំនងជាអាចទទួលបាននូវការស្វាគមន៍ពីសហរដ្ឋអាមេរិក ដែលបានព្យាយាមកៀរគរសម្ព័ន្ធមិត្តនិងដៃគូអាស៊ីរបស់ខ្លួនដើម្បីទប់ទល់ជាមួយចិនក្តី ក៏អ្នកវិភាគជាច្រើននៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើគណបក្សអភិរក្សនិយមនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ នឹងអាចឈ្នះការបោះឆ្នោតប្រធានាធិបតីដើម្បីធ្វើការផ្លាស់ប្តូរដ៏ធំនេះឬយ៉ាងណានោះទេ។
កូរ៉េខាងត្បូង កំពុងប្រឈមនឹងការធ្វើឲ្យមានតុល្យភាពដ៏លំបាករវាងមហាអំណាចទាំងពីរគឺចិននិងសហរដ្ឋអាមេរិក។ កូរ៉េខាងត្បូងត្រូវការពឹងផ្អែកលើសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តនៅក្នុងសន្ធិសញ្ញាដ៏យូរលង់មកហើយដើម្បីការពារខ្លួន។ ប៉ុន្តែទន្ទឹមនឹងនោះដែរ ប្រទេសនេះក៏បានចូលរួមយ៉ាងសកម្មជាមួយប្រទេសក្បែរខាងរបស់ខ្លួនគឺប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួននោះផងដែរ។
ក្នុងករណីសំខាន់ៗជាច្រើន រដ្ឋាភិបាលក្រុងសេអ៊ូល បានជ្រើសរើសយករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើជាដៃគូដ៏ជិតស្និទ្ធរបស់ខ្លួន។ ប្រធានាធិបតីកូរ៉េខាងត្បូងដែលជិតចប់តំណែងលោក Moon Jae-in បានពង្រីកនូវការចូលរួមរបស់កូរ៉េខាងត្បូងនៅក្នុងវេទិការអន្តរទ្វេភាគីជាច្រើនដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលក្នុងនោះក៏មានវេទិការមួយចំនួន ដែលមិនបានអញ្ជើញរដ្ឋាភិបាលចិន ឬក៏មានការរិះគន់ដល់ចិនដែរ។
ប៉ុន្តែជាការគួរឲ្យកត់សំគាល់ លោក Moon ហាក់មានភាពស្ទាក់ស្ទើរក្នុងការរិះគន់ចិនដោយត្រង់ៗ ជុំវិញបញ្ហាមួយចំនួនដូចជាការបង្ក្រាបលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងទីក្រុងហុងកុង ការរំលោភធ្វើបាបលើជនជាតិវីហ្គ័រកាន់សាសនាអ៊ីស្លាមនៅក្នុងតំបន់ស៊ីនជាំងជាដើម។
លោកYoon Seok-youl ដែលជាបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងនៃគណបក្សអភិរក្សនិយម គឺគណបក្សអំណាចប្រជាជន PPP បានបង្ហើបពីចំណាត់ការណ៍ដ៏ត្រង់និងខ្លាំងជាងមុន។
ក្នុងប៉ុន្មានខែថ្មីៗនេះ លោក Yoon បាននិយាយថា លោកនឹងពង្រឹងនូវសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូងឲ្យកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិកនិងច្រានចោលនូវ«យុទ្ធសាស្ត្រមិនច្បាស់លាស់មួយ» ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នដើម្បីរក្សាតុល្យភាពក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំងនោះ៕