ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រឈមនឹង​ការអំពាវនាវ​ឱ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង


រូបឯកសារ៖ អ្នកធ្វើ​ដំណើរ​មើល​ទូរទស្សន៍​បង្ហាញ​រូបភាព​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ក្នុង​កម្មវិធី​ព័ត៌មាន​មួយ​នៅ​ស្ថានីយ៍​រថភ្លើង Suseo ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

រដ្ឋបាល​លោក​ប្រធានាធិបតី​ Joe Biden ​កំពុង​ប្រឈម​នឹង​ការ​អំពាវនាវ​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ទណ្ឌកម្ម​ដែល​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​មនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង ​ទោះបីជា​របប​លោក​ Kim Jong Un​ មិន​ព្រម​ចរចា​ជាមួយ​សហ​រដ្ឋ​អាមេរិក ​និង​បិទ​ព្រំដែន​ដ៏​តឹងរ៉ឹង​ទាក់​ទង​នឹង​ជំងឺ​រាតត្បាត​ក៏ដោយ។​

សមាជិក​ព្រឹទ្ធសភា​សហ​រដ្ឋ​អាមេរិក​លោក​ Edward Markey ​និង​សមាជិក​រដ្ឋ​សភា​សហ​រដ្ឋ​អាមេរិក​លោក ​Andy Levin ​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​ បាន​ផ្ញើ​លិខិត​ទៅ​លោក​ Biden​ ជំរុញ​ឱ្យ​រដ្ឋបាល​លោក​បន្ធូរបន្ថយ​បទប្បញ្ញត្តិ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ដែល​កំហិត​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​ប្រទេស​កូរ៉េ​ខាងជើង។​

លោក​សមាជិក​សភា​ទាំងពីរ​រូប ​បាន​សរសេរ​លិខិត​ចុះថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​ថា​ «ស្ថានភាព​ដ៏​អាក្រក់​នៅ​កូរ៉េ​ខាងជើង​ តម្រូវ​ឱ្យ​សហ​រដ្ឋ​អាមេរិក​ប្តូរ​គោល​នយោបាយ​ដែល​រារាំង​មិន​ឱ្យ​ជំនួយ​មនុស្សធម៌​ឯកជន​និង​បុគ្គលិក​មនុស្សធម៌​ឯកជន​ទៅ​ប្រទេស​នោះ»​ នៅ​ពេល​ព្រំដែន​បើក​ឡើង​វិញ។​

លោក​ Markey ​និង​លោក​ Levin ​អំពាវនាវ​ឱ្យ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ពន្លឿន​លិខិត​ឆ្លងដែន​ដែល​មាន​សុពលភាព​ពិសេស​សម្រាប់​បុគ្គលិក​មនុស្សធម៌​អាមេរិក។​ លិខិត​នេះ ​កើត​ឡើង​នៅពេល​កូរ៉េ​ខាងជើង​បាន​បដិសេធ​ជាទូទៅ​នូវ​ការ​អំពាវនាវ​របស់​សហ​រដ្ឋ​អាមេរិក​ឱ្យ​បន្ត​កិច្ច​ពិភាក្សា​ដែល​បាន​ជាប់គាំង​ចាប់តាំង​ពីខែ​តុលា​ឆ្នាំ ២០១៩​ ហើយ​ប្រទេស​នេះ​ រក្សា​ការ​បិទ​ព្រំដែន​ ខណៈ​បាញ់​សាកល្បង​មីស៊ីល​ជា​ច្រើន​ដង។

ប្រទេស​កូរ៉េ​ខាងជើង​ បាន​បិទ​ព្រំដែន​កាលពី​ខែ​មករា ​ឆ្នាំ២០២០ ​ដើម្បី​បង្ការ​វីរុស​កូរ៉ូណា។

ភាព​ឯកោ​នេះ​ គួប​ផ្សំ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ ​និង​សេដ្ឋកិច្ច​ផែនការ​មិន​ល្អ​ នាំឱ្យ​មាន​ការ​ខ្វះខាត​ស្បៀង​អាហារ​ជាទូទៅ

វិបត្តិ​ស្បៀងអាហារ​

កាល​ពី​ខែ​មុន ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក ​Kim Jong-un ​បាន​បញ្ជា​ឲ្យ​ប្រជាជន​សន្សំ​គ្រាប់​អង្ករ​សូម្បី​មួយ​គ្រាប់។​ នេះ​បើ​តាម​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​កូរ៉េ​ខាង​ត្បូង។

របប​នេះ ក៏​បាន​ជំរុញ​ឱ្យ​ប្រជាជន​បរិភោគ​សាច់ក្ងាន​ខ្មៅ​កាលពី​ខែមុន ​ដោយ​ផ្សព្វផ្សាយ​ថា​ វា​«ឆ្ងាញ់» ​និង​មាន​«អាហារូបត្ថម្ភ​ខ្ពស់»។​ នេះបើ​យោង​តាម​ Rodong Sinmun ​ដែល​ជា​សារ​ព័ត៌មាន​រដ្ឋ​ឯកោ​នេះ។ ​

នៅ​ពេល​វិបត្តិ​ស្បៀង​កាន់តែ​ធ្ងន់ធ្ងរ​ លោក​ Tomás Ojea Quintana​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កូរ៉េ​ខាងជើង​ បាន​អំពាវនាវ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ពិចារណា​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាងជើង​ដែល​ប៉ះពាល់​ដល់​មនុស្សធម៌៕​

លោក ​Quintana ​បាន​ប្រាប់ ​VOA ភាសា​កូរ៉េ​នៅដើម​ខែ​តុលា​ថា​ «កំហិត​ការនាំ​ចូល​ឥន្ធនៈ​ គ្រឿងចក្រ​ និង​គ្រឿង​បន្លាស់​ ប៉ះពាល់​ដោយ​អចេតនា​លើ​សន្តិសុខ​ថាមពល ​ការ​ដឹកជញ្ជូន​ស៊ីវិល ​កសិកម្ម ​ការ​ថែទាំ​សុខភាព​អនាម័យ។ ​បម្រាម​នាំចេញ​អាហារ​សមុទ្រ ​និង​វាយនភណ្ឌ ​ប៉ះពាល់​ការងារ​ធ្វើ។​ ទាំងនេះ ​ប៉ះពាល់​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច​ សង្គម ​និង​វប្បធម៌​របស់​ជន​ស៊ីវិល»។​

ថ្មីៗ​នេះ​ប្រទេស​ចិន​ និង​រុស្ស៊ី ​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ទណ្ឌកម្ម​ដែល​ហាមឃាត់​ការ​នាំចេញ​អាហារ​សមុទ្រ ​និង​វាយនភណ្ឌ។​ នៅក្នុង​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ផ្សព្វផ្សាយ​ក្នុង​ក្រុម​ប្រឹក្សានេះ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​និង​ទីក្រុង​មូស្គូ​បាន​និយាយ​ថា ​គួរតែ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​ «ក្នុងគោល​បំណង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ជនស៊ីវិល»។​

ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ បាន​ប្រាប់ ​VOA ភាសា​កូរ៉េ​នៅ​ថ្ងៃ​អង្គារ​ថា ​ខ្លួន​សង្ឃឹម​ថា​ ប្រទេស​កូរ៉េ​ខាងជើង ​បើក​ចំហ​ទទួល​ជំនួយ​អន្តរជាតិ៕​

Jiha Ham រួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។

XS
SM
MD
LG