រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូង ដែលនឹងបើកផ្លូវឲ្យប្រទេសទាំងពីរ ពង្រីកភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មទ្វេភាគីឲ្យកាន់តែទូលំទូលាយជាងមុន។
បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការចុះព្រមព្រៀងពាណិជ្ជកម្មដែលហៅកាត់ថា CKFTA នេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិ និងសមភាគីរបស់លោកគឺរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េលោក YEO Han-Koo តាមរយៈប្រព័ន្ធវីដេអូអនឡាញ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងដែលទើបតែសម្រេចបាននាពេលថ្មីៗនេះ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទីពីរដែលកម្ពុជាមានជាមួយរដ្ឋបរទេស។
មុនពេលមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាលោក ស៊ាង ថៃ បានប្រាប់វីអូអេកាលពីសប្តាហ៍មុនថា កិច្ចព្រមព្រៀងថ្មីនេះ នឹងចូលជាធរមាននៅត្រីមាសទី១ ឆ្នាំ២០២២ ហើយកម្ពុជាអាចនាំចេញផលិតផលឧស្សាហកម្ម និងកសិកម្មក្នុងអត្រាពន្ធ០ភាគរយ។
បើតាមលោក ស៊ាង ថៃ ទំនិញឧស្សាកម្មសំខាន់ៗដែលកម្ពុជាអាចនាំចេញ ក្នុងនោះមាន កង់ ជ័រកៅស៊ូ គ្រឿងបង្គំអេឡិចត្រូនិក សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងបង្គំកំព្យូទ័រជាដើម។ ចំណែកទំនិញកសិកម្ម គឺកម្ពុជាអាចនាំចេញបានទំនិញមួយ គឺម្រេច គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង គ្រាប់កាហ្វេ ប្រភេទសាច់ និងវារីប្បកម្មមួយ ចំនួន។
កាលពីខែតុលា ឆ្នាំមុន ប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដោយកម្ពុជារំពឹងខ្លាំងលើការនាំចេញទំនិញកសិផលមួយចំនួន ក្នុងនោះមានចេក ស្វាយ និងផ្លែមៀនប៉ៃលិនជាដើម ទៅកាន់ប្រទេសចិន។ ប៉ុន្តែរបាំងអនាម័យនិងភូតគាមអនាម័យ ដែលរដ្ឋាភិបាលប្រទេសនីមួយៗបានដាក់ចេញក្នុងគោលបំណងការពារសុខភាព អាយុជីវិតរបស់ពលរដ្ឋនៅតែជាបញ្ហាសម្រាប់ប្រទេសកម្ពុជា៕