ក្រុមហ៊ុនកូរ៉េខាងត្បូងដែលត្រូវបានបង្ខំឲ្យបិទដំណើរការរបស់ខ្លួននៅតំបន់ឧស្សាហកម្ម Kaesong ក្នុងប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ ២០១៦ បានស្នើឲ្យរដ្ឋាភិបាលក្រុងសេអ៊ូលធ្វើការស៊ើបអង្កេតលើសេចក្ដីរាយការណ៍នានាដែលថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបើកក្រុមហ៊ុនទាំងនោះឲ្យដំណើរការឡើងវិញដោយមិនមានការយល់ព្រមពីខ្លួន។
សហគ្រាសពាណិជ្ជកម្មរួមគ្នារវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងនៅក្នុងតំបន់ Kaesong ត្រូវបានផ្អាកដំណើរការកាលពីឆ្នាំមុន ដើម្បីជាការដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលលោក Kim Jong Un សម្រាប់ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីល និងដើម្បីកាត់ផ្ដាច់នូវប្រភពចំណូលដែលអាចទាញពីការធ្វើពាណិជ្ជកម្មរួមគ្នានេះ សម្រាប់កម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរខុសច្បាប់របស់កូរ៉េខាងជើង។
កាលពីសប្ដាហ៍មុន គេហទំព័រឃោសនារបស់កូរ៉េខាងជើងឈ្មោះ Meari បានបញ្ជាក់ថា ប្រតិបត្តិការនៃសហគ្រាសពាណិជ្ជកម្មរួមគ្នានោះបានបើកដំណើរការឡើងវិញនៅតំបន់ Kaesong ហើយគេហទំព័រឃោសនាមួយទៀតដែលមានឈ្មោះថា Uriminzokkiri បានបង្ហោះសារមួយដែលលើកឡើងថា៖ «អ្វីដែលយើងធ្វើនៅតំបន់ឧស្សាហកម្ម Kaesong ដែលជាតំបន់អាធិបតេយ្យរបស់កូរ៉េខាងជើងនេះ គឺអ្នកដទៃមិនអាចមកលូកដៃចូលនោះទេ»។
ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរនៃប្រទេសកូរ៉េខាងត្បូងមិនអាចបញ្ជាក់ថាតើតំបន់ឧស្សាហកម្មនោះត្រូវបានបើកឲ្យដំណើរការឡើងវិញ ឬក៏យ៉ាងណានោះទេ ប៉ុន្តែបានលើកឡើងថា គេឃើញមានឡានក្រុងធ្វើចរាចរចុះឡើង និងមានភ្លើងបើកបំភ្លឺតាមដងផ្លូវនានានៅក្នុងតំបន់នោះ នាពេលថ្មីៗនេះ។
សមាគមសាជីវកម្មនៃតំបន់ឧស្សាហកម្ម Kaesong ដែលតំណាងឲ្យក្រុមហ៊ុនផលិតកម្មកូរ៉េខាងត្បូងចំនួន ១២៣ ក្រុមហ៊ុន ដែលមានរោងចក្រដំណើរការនៅក្នុងតំបន់ឧស្សាហកម្មកូរ៉េខាងជើងនេះ បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនចង់បញ្ជូនគណៈប្រតិភូទៅស៊ើបអង្កេតរោងចក្ររបស់ពួកគេនៅទីនោះ។
ប៉ុន្តែ រដ្ឋាភិបាលកូរ៉េខាងជើងទំនងជាមិនយល់ព្រមតាមសំណើរបស់សមាគមសាជីវកម្មនេះទេ ដោយសារតែភាពតានតឹងកាន់តែកើនឡើងពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
តំបន់ឧស្សាហកម្ម Kaesong នៅក្នុងប្រទេសកូរ៉េខាងជើងនេះបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ២០០៤ ដែលស្ថិតនៅចម្ងាយប្រមាណ ៥៤ គីឡូម៉ែត្រភាគពាយព្យប្រទេសកូរ៉េខាងត្បូង។ ការបង្កើតតំបន់ឧស្សាហកម្មនេះឡើងក្នុងគោលបំណងដើម្បីជំរុញនូវការអភិវឌ្ឍរវាងកូរ៉េទាំងពីរ ផ្ដល់ឱកាសឲ្យកម្មករកូរ៉េខាងជើងបានស្គាល់អំពីជីវភាពរស់នៅនៅក្នុងប្រទេសកូរ៉េខាងត្បូង និងផ្ដល់ផលប្រយោជន៍ដល់ក្រុមហ៊ុនកូរ៉េខាងត្បូងដែលដំណើរការនៅក្នុងតំបន់នោះ ដោយចំណាយប្រាក់ឈ្នួលទាបដល់កម្មករកូរ៉េខាងជើង៕