លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើងបានបញ្ជាឱ្យប្រទេសលោកកែលម្អសមត្ថភាពវាយប្រហារខាងបរមាណូរបស់ខ្លួនក្រោយពីបានមើលការបាញ់បង្ហោះពិសោធកាំជ្រួចផ្លោងមួយកាលពីពេលថ្មីៗនេះ នេះបើតាមរបាយការណ៍របស់បណ្តាញផ្សាយព័ត៌មានរបស់ប្រទេសកូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មានកូរ៉េជាផ្លូវការនៃប្រទេសកូរ៉េខាងជើងហៅកាត់ថា KCNA បានដកស្រង់ពាក្យសម្តីលោក Kim Jong Un ដែលបាននិយាយថា លោកចង់ឱ្យមាន «ការពិសោធបំផ្ទុះបរមាណូថែមទៀតដើម្បីស្ទង់មើលអំពីកម្លាំងបំផ្លិចបំផ្លាញនៃគ្រាប់បែកបរមាណូដែលបានត្រូវផលិតថ្មីៗ និងឱ្យមានការពិសោធឯទៀតៗដើម្បីបង្កើនសមត្ថភាពខាងការវាយប្រហារបរមាណូ»។
ទីភ្នាក់ងារព័ត៌មាននេះបាននិយាយថា លោក Kim បានប្រកាសថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងធ្វើឱ្យពួកសត្រូវរបស់ខ្លួន «សោកស្តាយអំពីការវិនិច្ឆ័យខុសរបស់ពួកគេ» និងអំពី «សកម្មភាពគ្មានការប្រុងប្រយ័ត្នរបស់ពួកគេ»។
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចផ្លោងវង់ប្រតិបត្តិការជិតពីរគ្រាប់ដែលហោះបានចម្ងាយប្រមាណ៥០០គ.ម. នៅមុនពេលវាធ្លាក់ទៅក្នុងសមុទ្រទល់មុខនឹងឆ្នេរសមុទ្រខាងកើតរបស់កូរ៉េខាងជើង។
ការបាញ់បង្ហោះពិសោធកាំជ្រួចមីស៊ីលទាំងនេះទំនងជាការឆ្លើយតបនឹងការធ្វើសមយុទ្ធយោធាធំមួយដោយប្រទេសកូរ៉េខាងត្បូង និងស.រ.អា.ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានហៅថា ជាការប្រុងប្រៀបធ្វើការវាយលុក។
នៅក្រោយការបាញ់បង្ហោះពិសោធកាំជ្រួចមីស៊ីលទាំងនេះមក រដ្ឋាភិបាលក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួននឹង «កម្ចាត់» ធនធានទាំងអស់ដែលនៅសេសសល់របស់ប្រទេសកូរ៉េខាងត្បូងនៅលើដែនដីខ្លួន ដោយនិយាយសំដៅដល់គម្រោងការរួមគ្នាពីរដែលបានត្រូវបោះបង់ចោលគឺមជ្ឈមណ្ឌលឧស្សហកម្ម Kaesong និងកន្លែងសម្រាកកាយនៅភ្នំ Kumgang ដែលកន្លែងទាំងពីរនេះឋិតនៅខាងក្នុងព្រំដែននៃប្រទេសកូរ៉េខាងជើង។
គណៈកម្មាធិការនៃប្រទេសកូរ៉េខាងជើងសម្រាប់ការបង្រួបបង្រួមប្រទេសជាតិកូរ៉េដោយសន្តិវិធីក៏បាននិយាយដែរថា ខ្លួនលុបចោលកិច្ចព្រមព្រៀងទាំងអស់ជាមួយប្រទេសកូរ៉េខាងត្បូងអំពីកម្មវិធីសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរគ្នា ហើយបានគំរាមកំហែងថានឹងធ្វើសកម្មភាពខាងយោធា និងខាងសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងផងដែរ៕