បណ្តារោងចក្ររបស់កូរ៉េខាងត្បូងដែលត្រូវបានបង្ខំឲ្យបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅសួនឧស្សាហកម្ម Kaesong ក្នុងប្រទេសកូរ៉េខាងជើងកំពុងតែស្នើឲ្យរដ្ឋាភិបាលទីក្រុងសេអ៊ូលសងថ្លៃខាតបង់របស់ពួកគេ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្អាករាល់សកម្មភាពទាំងអស់នៅតំបន់ឧស្សាហកម្មដែលខ្លួនបានសហការរួមគ្នាជាមួយនឹងកូរ៉េខាងជើង ដើម្បីជាការដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន ចំពោះការសាកល្បងនុយក្លេអ៊ែរនិងការបាញ់រ៉ុក្កែតចម្ងាយឆ្ងាយរបស់ខ្លួន។
សួនឧស្សាហកម្ម Kaesong មានរោងចក្រផលិតខ្នាតតូចនិងមធ្យមចំនួន១២៣ ដែលបានប្រតិបត្តិការនៅទីនោះហើយត្រូវបានបង្ខំឲ្យបិទ។
បណ្តាក្រុមហ៊ុនទាំងនេះប៉ាន់ស្មានពីការខាតបង់បឋមរបស់ខ្លួន ទៅលើអចលនទ្រព្យនិងវត្ថុធាតុដើមថា មានទឹកប្រាក់ជិត៦៤៤លានដុល្លារ។
នៅពេលប្រកាសអំពីការបិទសួនឧស្សាហកម្ម Kaesong នេះ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងផ្តល់ជំនួយនិងការគាំទ្រនានាដល់ក្រុមហ៊ុនដែលរងផលប៉ះពាល់ទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ សមាគមសួនឧស្សាហកម្ម Kaesong បានឲ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងនឹងចេញសងថ្លៃខាតបង់តែ ២២០លានដុល្លារតែប៉ុណ្ណោះ។
សមាគមនេះបានចរចាជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីកំណត់នូវថ្លៃសងការខូចខាត ប៉ុន្តែមកទល់នឹងពេលនេះ ភាគីទាំង២នេះនៅមិនទាន់ព្រមព្រៀងគ្នានៅឡើយទេ៕