រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ជាថ្មីកាលពីថ្ងៃសុក្រថា ពួកគេនឹងអនុវត្តការទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដែលដាក់លើការនាំចេញរបស់ប្រទេសរុស្ស៊ី ប៉ុន្តែថា ខ្លួននឹងមិនដាក់ទណ្ឌកម្មរបស់ខ្លួនដោយផ្ទាល់លើរុស្ស៊ីនោះទេ។
សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើរុស្ស៊ីកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់តាម Twitter កាលពីថ្ងៃសុក្រថា៖ «ក្នុងនាមជាសមាជិកម្នាក់ដែលមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងគាំទ្រនិងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដែលក្នុងនោះមានទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដែរ ដើម្បីបញ្ឈប់ការឈ្លានពានបែបយោធា [របស់រុស្ស៊ី] និងដើម្បីដោះស្រាយស្ថានការណ៍នេះដោយសន្តិវិធី»។
ការលើកឡើងនេះបានធ្វើឡើងដើម្បីគាំទ្រដល់ការថ្លែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In កាលពីថ្ងៃព្រហស្បតិ៍ ដែលថា ដំណោះស្រាយចំពោះវិបត្តិអ៊ុយក្រែននេះគឺអាចដោះស្រាយបានតាមរយៈតែការសន្ទនានិងការចរចាតែប៉ុណ្ណោះ មិនមែនតាមរយៈសង្គ្រាមនោះទេ។
វត្ថុធាតុអេឡិចត្រូនិក semiconductor គ្រឿងអេឡិចត្រូនិក និងរថយន្ត ដែលជាទំនិញដែលកូរ៉េខាងត្បូងនាំចេញទៅកាន់ប្រទេសរុស្ស៊ី អាចរងផលប៉ះពាល់ដោយសារការត្រួតត្រាការនាំចេញកាលពីពេលថ្មីៗនេះ ដែលបានប្រកាសដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះនឹងតម្រូវឱ្យក្រុមហ៊ុនដែលប្រើបច្ចេកវិទ្យាមានប្រភពនៅសហរដ្ឋអាមេរិកនៅក្នុងទំនិញនានាដូចជាវត្ថុធាតុអេឡិចត្រូនិក semiconductor កុំព្យូទ័រ និងគ្រឿងបន្លាស់យន្តហោះជាដើម ឱ្យទទួលបានការយល់ព្រមពីរដ្ឋាភិបាលអាមេរិកជាមុន មុននឹងបញ្ជូនទំនិញទាំងនោះទៅកាន់ប្រទេសរុស្ស៊ី។
ទោះបីជាប្រទេសមួយចំនួនតូចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដូចជាជប៉ុននិងអូស្ត្រាលីជាដើម បានប្រកាសការដាក់ទណ្ឌកម្មរបស់ខ្លួនផ្ទាល់លើប្រទេសរុស្ស៊ីក៏ដោយ ក៏ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនគ្មានគម្រោងនៅក្នុងការធ្វើដូច្នេះនោះទេនៅពេលឥឡូវនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូងលោក Park Soo Hyun បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយតាមវិទ្យុកាលពីថ្ងៃសុក្រថា៖ «កូរ៉េខាងត្បូងចង់បញ្ជាក់ថា ខ្លួននឹងគោរពតាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប»។
លោកបានបន្ថែមថា៖ «យើងក៏ត្រូវគិតផងដែរថា ពាណិជ្ជកម្មរបស់កូរ៉ខាងត្បូងជាមួយនឹងរុស្ស៊ីកំពុងកើនឡើង»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ