ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃចន្ទថា ខ្លួនច្រានចោលនូវការចូលរួមការធ្វើពហិការជាមួយសហរដ្ឋអាមេរិកសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្នុងទីក្រុងប៉េកាំង នៅខែកុម្ភៈខាងមុខនេះ ដោយបានលើកឡើងនូវហេតុផលពីភាពចាំបាច់ក្នុងការធ្វើការជាមួយប្រទេសចិន។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោកប្រធានាធិបតី Moon Jae-in ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងកង់បេរ៉ានៃប្រទេសអូស្ត្រាលី បាននិយាយថា លោកមិនបានពិចារណាពីការព្រងើយកន្តើយលើកីឡាអូឡាំពិកដើម្បីតវ៉ាប្រឆាំងការរំលោភសិទ្ធិមនុស្សរបស់ចិន ដូចដែលប្រទេសលោកខាងលិចបានធ្វើនោះទេ។
លោកបាននិយាយថា «យើងមិនបានទទួលសំណើពីប្រទេសណាមួយទេ រួមទាំងសហរដ្ឋអាមេរិកផង ដើម្បីចូលរួមក្នុងពហិការខាងការទូតនោះឡើយ»។
ប្រទេសចិន បានព្រមានដល់សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស និងប្រទេសកាណាដាថា ពួកគេនឹង«ខាតបង់»។
ពហិការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីចិនបន្តរំលោភធ្វើបាបលើជនជាតិភាគតិច Uyghur នៅក្នុងតំបន់ Xinjiang ហើយនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់ចិននៅក្នុងទីក្រុងហុងកុងផងដែរ។
លោកប្រធានាធិបតី Moon បានបញ្ជាក់ថា កូរ៉េខាងត្បូងចង់ធ្វើឲ្យប្រសើឡើងនូវតំបន់ប៉ាស៊ីហ្វិកសេរី និងបើកចំហរមួយ ក៏ប៉ុន្តែ ក៏ត្រូវពិចារណាពីតួនាទីរបស់ចិននៅក្នុងការព្យាយាមធ្វើឲ្យមានសន្តិភាពដល់ឧបទ្វីបកូរ៉េផងដែរ។
លោកប្រធានាធិបតី មានប្រសាសន៍ទៀតថា «យើង ត្រូវការការខំប្រឹងប្រែងប្រកបដោយការស្ថាបនារបស់ចិនដើម្បីអាចធ្វើឲ្យកូរ៉េខាងជើង គ្មានអាវុធនុយក្លែអ៊ែរ។ លោកបានបន្ថែមទៀតថា កូរ៉េខាងត្បូង ចង់បានទំនាក់ទំនងប្រកបដោយការចុះសម្រុងគ្នាជាមួយចិន»។
រដ្ឋាភិបាលក្រុងប៉េកាំង បានស្វាគមន៍ចំពោះការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងថា «គោលជំហររបស់រដ្ឋាភិបាលក្រុងសេអ៊ូលស្តីពីកីឡាអូឡាំពិក ជា«ការបង្ហាញនូវមិត្តភាពរវាងចិននិងកូរ៉េខាងត្បូង»។
លោកបានបន្ថែមទៀតថា រដ្ឋាភិបាលក្រុងប៉េកាំង មានឆន្ទៈធ្វើកិច្ចខំប្រឹងប្រែងរួមជាមួយកូរ៉េខាងត្បូងដើម្បីជំរុញឲ្យមានដំណោះស្រាយខាងនយោបាយនៅលើឧបទ្វីបកូរ៉េ។
លោកប្រធានាធិបតី Moon នៅពេលនេះ កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃនៅក្នុងប្រទេសអូស្ត្រាលីដែលនៅទីនោះ ប្រទេសទាំង២ បានចុះហត្ថលេខាជាបន្តបន្ទាប់លើកិច្ចព្រមព្រៀងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការយោធា។
កិច្ចព្រមព្រៀងនោះរួមមានការលក់កាំភ្លើងត្បាល់ចល័តចំនួន ៣០ គ្រឿងទៅឲ្យអូស្ត្រាលីដែលជាផ្នែកមួយនៃកិច្ចសន្យាដែលមានតម្លៃ ៧២០ លានដុល្លារ៕