ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េខាងត្បូង​រាយការណ៍​ពី​ការ​ស្លាប់​ទី១១​ដោយសារ​ជំងឺ​ MERS


ភ្ញៀវទេសចរពាក់ម៉ាស ដើម្បីបង្ការការឆ្លងជំងឺផ្លូវដង្ហើម នៅមជ្ឈឹមបូព៌ាក្នុងផ្សារទំនើប Myeongdong នៅកណ្ដាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។

ប្រទេស​កូរ៉េខាង​ត្បូង​បាន​រាយការណ៍​ពី​មនុស្ស​ស្លាប់​ទី​១១ពី​ជំងឺ MERS ​នៅពេល​មានសេចក្តី​សង្ឃឹម​ថា ​ការ​រីក​សាយភាយ​នៃ​ជំងឺ​នោះ​បាន​ឡើង​ដល់​កំពូល។

ក្រសួង​សុខាភិបាល ​និង​សង្គម​កិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​មនុស្ស​ស្លាប់​នៅពេល​ថ្មី​ៗ​បំផុត​នេះ ​ជា​ស្រ្តីដែល​មាន​អាយុ​៧២​ឆ្នាំ ដែល​បាន​ឆ្លងមេរោគ​ពី​អ្នក​ជំងឺ MERS ​នៅឯ​មន្ទីរពេទ្យ។

ក្រុម​មន្រ្តី​សុខា​ភិបាល​ក៏​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ​ថា ​ករណីមេរោគ​ថ្មី ​បាន​ធ្វើ​ឲ្យ​ចំនួនមនុស្ស​សរុប​ដែល​បាន​ឆ្លង​ជំងឺ​នេះ​ឡើង​ដល់​១២៦​នាក់​ចាប់​តាំង​ពី​ការ​រីកសាយភាយ​ជំងឺ​នេះ​បាន​ត្រូវ​គេ​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា។

ក្រុមមន្រ្តី​ដែលបាន​បញ្ជាក់​ថា មេរោគនោះ​មិនបាន​រាលដាល​ទៅកាន់​ប្រជា​ពលរដ្ឋ​ទូទៅ​នោះ​បាន​និយាយថា​ ​រហូត​មក​ទល់​ពេល​នេះ ការ​ឆ្លង​ជំងឺ​នេះមានតែ​នៅ​មន្ទីរពេទ្យ​តែ​ប៉ុណ្ណោះ។

មនុស្ស​រាប់​ពាន់​នាក់​ ដែល​ត្រូវបាន​គេ​គិត​ថា​បាន​ទាក់​ទង​ជាមួយ​បុគ្គល​ដែល​ឆ្លង​ជំងឺ ​បាន​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ហើយ​សាលារៀន​រាប់​ពាន់​ទៀត​នៅ​បិទ​ទ្វារ​នៅឡើយ​ ដែល​នេះ​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ។

ក្រុម​មន្រ្តី​សុខាភិបាល​និយាយ​ថា រហូតមកទល់​ថ្ងៃ​សុក្រ​នេះ ​មនុស្ស​ ១.​២៤៩​នាក់ ត្រូវ​បាន​បញ្ចេញ​ពី​កន្លែង​ដាក់​ឲ្យ​នៅ​ដាច់ពីគេ ​ដែល​កំពុង​ផ្តល់​សេចក្តី​សង្ឃឹម​ថា ​ការ រាលដាល​ជំងឺនោះ​ឥឡូវ​នេះ​កំពុង​ធ្លាក់​ចុះ។

​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺនេះ​បាន​ជំរុញ​ឲ្យ​លោកស្រី​ប្រធានា​ធិបតី Park Geun-hye ​ផ្អាក​ផែនការ​ទស្សន​កិច្ចទៅ​កាន់​សហរដ្ឋ​អាមេរិក​នា​សប្តាហ៍​ក្រោយ។

​សេចក្តី​ភ័យ​ខ្លាច​ពី​មេរោគ​នោះ ​ក៏​បាន​រាលដាល​ទៅ​កាន់​ផ្នែក​នានា​នៃ​តំបន់​អាស៊ីរួមមាន​ទីក្រុង​ហុងកុង ​ដែល​នៅ​សប្តាហ៍​នេ ​បាន​ចេញ​ការ​ប្រកាស​ភាព​អាសន្ន​លើ​ការ​ធ្វើ​ដំណើរ​មិន​ចាំ​បាច់​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ត្បូង៕

XS
SM
MD
LG