តុលាការកំពូលរបស់ប្រទេសកូរ៉ូខាងត្បូងបានរក្សាទុកនូវការកាត់ទោសដាក់ពន្ធនាគាររយៈពេល ២០ ឆ្នាំ ដល់អតីតប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី Park Geun-hye ពីបទប្រព្រឹត្តអំពើពុករលួយ។
អ្នកស្រី Park ដែលមានអាយុ៦៨ឆ្នាំ ត្រូវបានសមាជិកសភាចោទប្រកាន់ទម្លាក់ចេញពីតំណែង ក្នុងឆ្នាំ២០១៦ បន្ទាប់ពីរកឃើញថា អ្នកស្រីនិងជំនួយការដ៏ស្និទ្ធម្នាក់របស់អ្នកស្រីបានទទួលទឹកប្រាក់សំណូករាប់លានដុល្លារពីក្រុមហ៊ុនជំនួញធំៗ ដែលមានឥទ្ធិពលក្នុងប្រទេសកូរ៉េខាងត្បូង។ ការណ៍នោះបានបណ្តាលឲ្យមានការធ្វើបាតុកម្មតវ៉ាប្រឆាំងអស់ពេលជាច្រើនសប្តាហ៍ ដើម្បីទម្លាក់អ្នកស្រីចេញពីតំណែងប្រធានាធិបតី។
ការចោទទម្លាក់អ្នកស្រីចេញពីប្រធានាធិបតីដោយសភាកូរ៉េខាងត្បូងនោះ ក៏ត្រូវបានរក្សាទុកឲ្យនៅដដែលដោយតុលាការធម្មនុញ្ញរបស់ប្រទេសនេះ ក្នុងឆ្នាំ២០១៧។ អ្នកស្រីក៏ត្រូវបានចោទប្រកាន់ដាច់ដោយឡែកផងដែរ ពីបទទទួលលុយពីអតីតប្រធានក្រុមស៊ើបការណ៍សម្ងាត់ ៣ នាក់ ដែលថវិកាសំណូកនេះត្រូវបានដកចេញពីខ្ទង់ចំណាយរបស់ទីភ្នាក់ងារស៊ើបការណ៍របស់រដ្ឋ។
អ្នកស្រី Park ក៏ត្រូវបានកាត់ទោសក្នុងករណីដាច់ដោយឡែកមួយទៀតផងដែរ ក្នុងការចូលជ្រៀតជ្រែកដោយខុសច្បាប់នៃដំណើរការតែងតាំងបេក្ខជន មុនការបោះឆ្នោតជ្រើសរើសសមាជិកសភាក្នុងឆ្នាំ ២០១៦ របស់គណបក្សអ្នកស្រី ។
អ្នកស្រីត្រូវទទួលទោសរយៈពេល ២ឆ្នាំបន្ថែមទៀត ពាក់ព័ន្ធនឹងរឿងនេះដែលមានន័យថា អ្នកស្រីត្រូវជាប់ក្នុងពន្ធនាគាររហូតដល់ឆ្នាំ ២០៣៩ ទើបរួចទោស។ អ្នកស្រី Park ជាកូនស្រីរបស់អតីតមេដឹកនាំ Park Chn-hee ដែលបានដឹកនាំប្រទេសកូរ៉េខាងត្បូងអស់រយ:ពេល ១៨ ឆ្នាំរហូតទាល់លោកបានស្លាប់ កាលពីឆ្នាំ ១៩៧៩។
ប្រធានគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតីកាន់អំណាច Moon Jae-in បានស្នើឲ្យមានការលើកលែងទោសដល់អ្នកស្រី Park និងលោកអតីតប្រធានាធិបតីកូរ៉េខាងត្បូងមួយរូបទៀត ដែលកំពុងជាប់ឃុំដែរនោះ ដើម្បីជាឥរិយាបទនៃការបង្រួបបង្រួមជាតិ៕