ទាយាទប្រាក់រាប់ពាន់លានដុល្លារនៃក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ កេងបន្លំប្រាក់កាស និងការចោទប្រកាន់ផ្សេងទៀតនៅក្នុងរឿងអាស្រូវពុករលួយ ដែលឈានទៅដល់ការបោះឆ្នោតទម្លាក់រដ្ឋាភិបាលរបស់លោកស្រីប្រធានាធិបតី Park Geun-hye។
ប្រធានក្រុមហ៊ុន Samsung លោក Lee Jae-yong និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះចំនួន ៤ នាក់ទៀតត្រូវបានចោទប្រកាន់កាលពីថ្ងៃអង្គារ។
រដ្ឋអាជ្ញាបានចំណាយពេលរាប់ខែដើម្បីកសាងសំណុំរឿងប្តឹងលោក Lee ដោយចោទប្រកាន់ថា លោកបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង់ប្រាក់ចំនួន ៣៧ លានដុល្លារពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung ទៅឲ្យមិត្តភក្តិម្នាក់របស់មេដឹកនាំកូរ៉េខាងត្បូង ដើម្បីជាថ្នូរនឹងការគាំទ្ររបស់រដ្ឋាភិបាល ក្នុងការបញ្ចូលក្រុមហ៊ុនឧបសម្ព័ន្ធពីររបស់ Samsung ចូលគ្នា ដែលការណ៍នេះជួយលោកក្នុងការពង្រឹងការត្រួតត្រាក្រុមហ៊ុន Samsung អេឡិចត្រូនិច។
លោក Lee វ័យ៤៨ឆ្នាំ អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលរាប់ឆ្នាំប្រសិនបើត្រូវកាត់ទោស។ ប៉ុន្តែលោក Lee បានបដិសេធចំពោះការចោទប្រកាន់នេះ ហើយលោកស្រី Park និងលោកស្រី Choi Soon-sil ដែលជាមិត្តភក្តិយូរអង្វែងរបស់លោកស្រីប្រធានាធិបតីក៏បានបដិសេធដូចគ្នាដែរ។
អ្នកវិភាគកូរ៉េខាងត្បូងនិយាយថា បើទោះបីជាលោក Lee ត្រូវជាប់ពន្ធនាគារ ក៏លោកអាចទំនងជាព្យាយាមបន្តដឹកនាំក្រុមហ៊ុនរបស់លោកនៅក្នុងពន្ធនាគារ ដូចដែលនាយកប្រតិបត្តិសាជីវកម្មដ៏ទៃទៀតបានធ្វើដែរ៕