តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតជាឯកច្ឆន្ទរក្សាទុកការចោទប្រកាន់លើលោកស្រីប្រធានាធិបតី Park Guen-hye។
ការអានសេចក្តីសម្រេចនេះដោយលោក Lee Jung-mi ប្រធានចៅក្រមស្តីទីនៃតុលាការធម្មនុញ្ញក្នុងក្រុងសេអ៊ូលនៅថ្ងៃសុក្រនេះបានត្រូវផ្សាយដោយផ្ទាល់ដោយបណ្តាញផ្សាយព័ត៌មានជាតិ។
លោកបានមានប្រសាសន៍ថា «យើងមានជំនឿថា មានផលប្រយោជន៍ច្រើនជាងមុនដោយបណ្តេញភាគីចុងបណ្តឹងឧទ្ធរណ៍ចេញពីតំណែង។ ដូច្នេះ ដោយមានការបោះឆ្នោតជាឯកច្ឆន្ទដោយចៅក្រមទាំងអស់ យើងប្រកាសរក្សាទុក ការចោទប្រកាន់នេះ។ ភាគីចុងបណ្តឹងឧទ្ធរណ៍ Park Geun-hye ត្រូវដកចេញពីតំណែង»។
ចៅក្រមទាំងអស់៨នាក់នៃតុលាការធម្មនុញ្ញបានគាំទ្រញត្តិរបស់រដ្ឋសភាដែលបានត្រូវអនុម័តកាលពីខែធ្នូដោយមានសំឡេងគាំទ្រភាគច្រើនជាង២ភាគ៣ដែលគេត្រូវការដើម្បីដកលោកស្រី Park ចេញពីតំណែងដោយសារបទចោទប្រកាន់ថា លោកស្រីបានប្រព្រឹត្តអំពើពុករលួយ មានអាកប្បកិរិយាមិនត្រឹមត្រូវ និងមានការធ្វេសប្រហែសផងដែរ។
តុលាការនេះបាននិយាយយោងថាជា «ការរំលោភធ្ងន់ធ្ងរ» លើរដ្ឋធម្មនុញ្ញស្តីពីការចោទប្រកាន់ថា លោកស្រី Park បានឃុបឃិតជាមួយអ្នកស្រី Choi Soon-sil ដែលជាមិត្តភក្តិយូរយារមកហើយរបស់លោកស្រីក្នុងការជម្រិតក្រុមហ៊ុនកូរ៉េខាងត្បូងឱ្យធ្វើវិភាគទានជាង៦៩លានដុល្លារដល់មូលនិធិដែលមានការសង្ស័យចំនួនពីរ៕