ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​​ត្បូង​ប្រើ​វិធី​«តបត​វិញ»​នឹង​​​ការ​បង្ក​រឿង​ដោយ​កូរ៉េខាង​ជើង


រូបឯកសារ៖ បុរស​ម្នាក់​មើល​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​ នៅ​ឯ​ស្ថានីយ​រថភ្លើង​មួយ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២។
រូបឯកសារ៖ បុរស​ម្នាក់​មើល​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​ នៅ​ឯ​ស្ថានីយ​រថភ្លើង​មួយ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២។

កាល​ពី​ខែ​មិថុនា នៅ​ក្រោយកូរ៉េខាង​ជើង​បានបាញ់​មីស៊ីល​ផ្លោងមាន​វង់​ប្រតិបត្តិការខ្លី​៨គ្រាប់​ទៅក្នុង​មហា​សមុទ្រ កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​បានតបតដោយបាញ់​មីស៊ីល​៨​គ្រាប់​ដែរ​ទៅក្នុង​សមុទ្រ។

ប្រាំខែ​ក្រោយ​មក នៅ​ពេល​មីស៊ីល​កូរ៉េខាង​ជើង​មួយ​គ្រាប់​បានហោះ​កាត់ព្រំដែន​សមុទ្រជាក់ស្តែងរវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​ជាលើក​ដំបូង​តាំង​ពី​សង្គ្រាម​កូរ៉េ​នៅ​ទសវត្សរ៍​១៩៥០​មក នៅ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់មក ​កូរ៉េខាង​ត្បូង​បាន​បាញ់​មីស៊ីល​បីគ្រាប់​របស់​ខ្លួន​ផ្ទាល់​ទៅ​ភាគ​ខាង​ជើង​នៃ​ព្រំដែនសមុទ្រ​ដ៏​រសើប​នេះ។

ក្នុងសប្តាហ៍ចុងក្រោយ​បង្អស់​នៃ​ខែ​ធ្នូ ​ក្រោយពី​កូរ៉ខាង​ជើង​បានបញ្ជូន​ដ្រូន​សង្កេតការណ៍​តូចៗ​ប្រាំ​គ្រឿង​ឆ្លងកាត់​ព្រំដែន​គោក ​កូរ៉េខាង​ត្បូង​ក៏​បាន​សងសឹក​យ៉ាងប្រញ៉ាប់​ដោយ​បានបញ្ជូន​ដ្រូន​មួយ​របស់​ខ្លួន​ទៅ​ក្នុង​កូរ៉េខាង​ជើង​ជា​លើកដំបូង​ ហើយ​បាន​ប្តេជ្ញា​ថាបញ្ជូន​ដ្រូន២ឬ៣គ្រឿង​សម្រាប់​ការបញ្ជូន​ដ្រូន​កូរ៉េខាង​ជើងរាល់ៗ​ដង​ក្នុង​ពេល​ខាងមុខ។

នៅក្រោម​ការដឹកនាំរបស់លោកប្រធានាធិបតី Yoon Suk Yeol ​កូរ៉េខាង​ត្បូង​បាន​ប្រកាន់យកគោលនយោបាយ​«តបត​វិញ»​នៅពេលឆ្លើយ​តប​នឹង​ភាព​គឃ្លើនរបស់​កូរ៉េ​ខាង​ជើង។

ពួក​អ្នកគាំទ្រនិយាយថារបៀប​ដោះស្រាយ​មួយ​បែប​នេះ​ជួយ​រក្សា​សន្តិភាព។ ពួកគេ​និយាយ​បង្ហាញ​ហេតុផល​ថា​ ដោយ​ឆ្លើយតប​ដោយការបង្ហាញ​កម្លាំង​យ៉ាង​លឿន កូរ៉េ​ខាង​ត្បូង​និង​ស.រ.អ.​អាចបង្ហាញ​ឱ្យឃើញសមត្ថភាព​និង​បំណងតបតដោយ​ប្រើ​អាវុធ​ខ្លាំង។

ប៉ុន្តែ​ក្រុមអ្នក​រិះគន់​ថ្លែង​ថា​យុទ្ធសាស្ត្រនេះ​ក៏​បង្កើន​ការគិតគូរ​ខុសឬ​កំហុស ​បណ្តាល​ឱ្យ​មាន​ស្ថានការណ៍​មួយដែល​អាចធ្ងន់ធ្ងរ​ជាងមុន​បាន​។ ពួកគេ​បានពោល​ថា បន្ថែម​លើ​នេះ​ យុទ្ធសាស្ត្រ​នេះ​ធ្វើឱ្យ​កូរ៉េខាង​ជើងមាន​ប្រៀប ​ដោយ​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​បង្ក​រឿង​ថែមទៀត​ដែល​អាច​ត្រូវ​ទាញយក​ជា​ប្រយោជន៍​ខ្លួន​បាន។

រូបឯកសារ៖ ប្រធានាធិបតីកូរ៉េខាងត្បូង​លោក Yoon Suk Yeol ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​ចូល​ឆ្នាំ​ថ្មី នៅ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីកូរ៉េខាងត្បូង​លោក Yoon Suk Yeol ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​ចូល​ឆ្នាំ​ថ្មី នៅ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣។

របៀបដោះស្រាយ​នេះ​មិនមែនថ្មីទេ

យូរយារ​មក​ហើយ​ កងយោធា​កូរ៉េខាង​ត្បូង​បាន​ការពារ​ការតបត​នឹង​សកម្មភាព​គំរាម​កំហែងរបស់​កូរ៉េខាង​ជើង​ ដោយ​យ៉ាងហោចណាស់​ ប្រើ​វិធានការ​សមាមាត្រ​ហើយ​ជួនកាល​លើស​ពីនេះ​ថែមទៀត។

នៅពេល​មាន​ភាពតានតឹង​ខាង​យោធា ​ជា​ញឹកញយ ​កូរ៉េ​ខាងត្បូង​បាន​ប្រកាន់​យក​គោលនយោបាយ​តបត ​យ៉ាង​ហោចណាស់ ​បីដង​ខ្លាំង​ជាង​សកម្មភាព​កូរ៉េ​ខាង​ជើង។ គោលនយោបាយ​«បីទល់នឹង​មួយ»​បាន​អនុវត្ត យ៉ាងហោចណាស់ ​តាំងពី​ឆ្នាំ២០១០​នៅពេល​កូរ៉េ​ខាងត្បូង​បានឆ្លើយតប​នឹង​ការបាញ់​ផ្តក់​ដ៏​ប្រល័យដោយ​កូរ៉េ​ខាងជើង​លើ​កោះជួរ​មុខ Yeonpyeong។

គោល​នយោបាយ​នេះ​មានច្បាស់លាស់​ជាងមុន​កាល​ពី​ពីរបីឆ្នាំ​មុននេះ នៅ​ពេល​កូរ៉េខាង​ជើង​បង្កើន​ការ​ធ្វើ​តេស្ត​អាវុធនិង​ការគំរាម​កំហែង ​ក្រោយពី​បាន​ផ្អាក​សកម្មភាព​បែប​នេះ​នៅ​ពេល​ខ្លួន​ឈោងដៃ​ទៅកាន់​រដ្ឋាភិបាល​ក្រុង Washington ​និង​រដ្ឋាភិបាលក្រុង​សេអ៊ូល​ក្នុង​ឆ្នាំ២០១៨-១៩។

ការធ្វើ​តេស្ត​មីស៊ីលកូរ៉េខាង​ជើងសឹ​ងតែទៀងទាត់​បាន​នាំ​ឱ្យ​កូរ៉េខាង​ត្បូង​ មិន​គ្រាន់តែ​បង្ហាញ​កម្លាំងយោធា​របស់​ខ្លួន​ផ្ទាល់​ប៉ុណ្ណោះ​ទេ តែ​ក៏​បានធ្វើ​ការ​សម្របសម្រួល​ជាមួយ​សម្ព័ន្ធមិត្ត​ខ្លួន ​គឺ​ស.រ.អ.ផង​ដែរ។

ជួនកាល​ ការជជែក​ដេញដោល​គ្នា​អំពីការ​ឆ្លើយ​តប​បែប​ណាឱ្យ​បានល្អបំផុត​និង​អំពី​មុខនាទីដែល​កូរ៉េខាង​ត្បូង​គួរ​បំពេញ ​បានបណ្តាលឱ្យ​មាន​ការ​ខ្វែង​គំនិត​គ្នារវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ​នេះ​ ដូចជាកាល​ពី​សប្តាហ៍​ទី​មួយ​នៃ​ខែមករា ​នៅពេលរដ្ឋាភិបាលក្រុង Washington ​បានបដិសេធគំនិត​លោក Yoon ចង់​ឲ្យ​មាន​ការធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ​រួមគ្នា​ជា​មួយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

ការ​ប្រថុយ​ប្រថានច្រើន

បើ​តាម​លោក Chun In-bum ​ឧត្តមសេនីយ៍ឯកចូលនិវត្តន៍នៃ​កងទ័ព​ជើង​គោក​កូរ៉េ​ខាង​ត្បូងថា ​ទោះជា​កូរ៉េខាងត្បូង​ត្រូវការ​បង្ហាញ​ការតាំង​ចិត្តក្នុង​ការប្រឈមនឹង​ការ​បង្ករឿង​ដោយកូរ៉េខាង​ជើង​ក៏ដោយ ​ក៏​ប្រតិកម្ម​នៃ​ការ​ធ្វើការ​តបត​វិញ​របស់​កូរ៉េ​ខាង​ត្បូង​នាំ​ឱ្យ​មាន​ការ​បារម្ភ​ដែរ។

ឮលោក Chun ​បាននិយាយ​ក្នុង​បទសម្ភាស​ជាមួយ​នឹង​VOA ​ថា៖​«បញ្ហា​មួយ​លាន​ជំពូក​អាច​ខុសឆ្គង។ សូមពិចារណាអំពី​រឿង​នេះ»។

បើតាម​លោក Chun ​ថា​ ក្នុង​ចំណោមលទ្ធភាព​នៃ​ការកើត​មានបាន ​គឺ​ថា​បញ្ជារបស់​លោក Yoon​ អាចត្រូវបកស្រាយ​ខុសដោយ​មេដឹកនាំយោធាកូរ៉េខាង​ត្បូងដែល​អន្ទះសា​ហួស​ហេតុ ​កូរ៉េ​ខាង​ជើង​អាច​យល់​ច្រឡំអំពី​ការតបត​របស់​កូរ៉េខាង​ត្បូង​ថា​ជា​ការវាយប្រហារ​ហើយ​បាញ់​លើ​កូរ៉េ​ខាង​ត្បូង ​អាវុធ​កូរ៉េខាងត្បូងអាច​គាំង​ដំណើរដូច​ដែល​បានកើត​មាន​ច្រើន​ដង​មក​ហើយ​ក្នុង​ការតបតបែប​នេះ​កាលពី​ឆ្នាំ​ទៅ ​ហើយ​អាវុធ​ទំនើប​របស់​កូរ៉េ​ខាងត្បូងដូចជាដ្រូន​ជា​ដើម ​អាច​ត្រូវ​កូរ៉េ​ខាង​ជើង​ចាប់បាន​ប្រសិន​បើ​ត្រូវ​បញ្ជូន​ឆ្លងកាត់​ព្រំដែន។

រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ពិនិត្យ​មើល​គ្រាប់មីស៊ីល ​(ICBM) នៅ​ក្នុង​រូបថត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (KCNA via REUTERS)
រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ពិនិត្យ​មើល​គ្រាប់មីស៊ីល ​(ICBM) នៅ​ក្នុង​រូបថត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (KCNA via REUTERS)

គ្មាន«ការ​តបតវិញ»ត្រូវ​បានអនុញ្ញាត​ទេ

ការឆ្លើយតប​របស់​កូរ៉េខាង​ត្បូង​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​យុទ្ធ​សន្តិភាព ​ដែលសម្រាប់​បញ្ចៀសកុំឱ្យ​មាន​អរិភាព​នៅក្រោយ​សង្គ្រាម​កូរ៉េពី​ឆ្នាំ១៩៥០​ដល់​១៩៥៣។

លោក Chun​ បាន​ថ្លែង​ថា​ការគំរាម​កំហែងដោយ​ប្រើ​ដ្រូន«បី​ទល់​នឹងមួយ»​របស់​លោក Yoon ​អាច​នាំ​ឱ្យ​មានបញ្ហា​ជា​ពិសេស​។

បើ​តាម​លោក Chun តាមរយៈ​កិច្ចព្រមព្រៀង​យុទ្ធសន្តិភាព​នោះ ​ការ​ឆ្លើយតប​ខាង​យោធា​ឆ្លងកាត់​ព្រំដែនត្រូវ​បាន​អនុញ្ញាត​ប្រសិន​បើ​ការតបត​មាន​សមាមាត្រ​និង​ជា​ការការពារ​ខ្លួន។

លោកបានថ្លែង​ថា ​ម្យ៉ាងវិញ​ទៀត ​អាជ្ញាធរកូរ៉េខាង​ត្បូង​អាច​មាន​ហេតុផល​ត្រឹមត្រូវ​ក្នុង​ការបាញ់​ទម្លាក់ដ្រូន​ក្នុង​ដែនដី​កូរ៉េ​ខាងត្បូង។ លោក​បានបន្ថែម​ថា​មានពេល​ជាច្រើន ​ដ្រូន​គ្មាន​ប្រដាប់​អាវុធ​អាច​ត្រូវ​មើលឃើញ​ថាជា​ការគំរាម​កំហែង​អាយុជីវិត។

លោក Chun ​បាន​និយាយ​ថា ​ម្យ៉ាងវិញ​ទៀត ការបញ្ជូន​ដ្រូន​ទៅ​ប៉ែក​ខាងជើង​ព្រំដែន​ជា​«ការតបត»​ដូច​ដែល​លោក​ Yoon ​បាន​ស្នើ ​អាចរំលោភ​លើ​បទបញ្ញត្តិយុទ្ធសន្តិភាព​ស្តី​ពី​ការណែនាំ​ក្នុងការប្រយុទ្ធ​នឹង​សត្រូវ។

ពួកមន្ត្រី​យោធា​កូរ៉េ​ខាងត្បូង​បាន​និយាយ​យោង​ដល់​ការការពារ​ខ្លួនឯងក្នុង​ការបញ្ជូន​ដ្រូន​ទៅ​ខាង​ជើង​ព្រំដែន ​ដោយ​ហៅ​ការបញ្ជូន​នេះ​ថា​ជា​ការឆ្លើយតប​ត្រឹមត្រូវ​ដល់ការឈ្លានពាន​ជាក់ស្តែង​របស់​កូរ៉េខាង​ជើង​ក្នុង​ដែនអាកាស​ខ្លួន។ តែ​យ៉ាង​ណា​ក៏​ដោយ ក៏​លោក Yoon បាននិយាយ​យោង​ដល់​របៀប​ដោះស្រាយ​របស់​លោក​ថា​ជា​ការប៉ុនប៉ង​មួយ​ដើម្បី​«ដាក់ទណ្ឌកម្ម​និង​សងសឹក»​ប្រឆាំង​នឹង​កូរ៉េខាង​ជើង។

បញ្ជា​ការអ.ស.ប. United Nations Command ដែល​ជា​កងកម្លាំងយោធា​ពហុជាតិទទួលបន្ទុក​ធ្វើឱ្យ​មានការ​គោរព​កិច្ចព្រមព្រៀង​យុទ្ធសន្តិភាព ​មិនបានអធិប្បាយ​អ្វី​ក្រៅពី​និយាយថា​ខ្លួន​បើក​ការស៊ើបអង្កេតនៅ​ក្រោយ​ការបង្ហោះ​ដ្រូន​កូរ៉េ​ខាង​ជើង​ចូល​ក្នុង​កូរ៉េ​ខាងត្បូង។

នៅពេល​ត្រូវទាក់ទងដោយ​វីអូអេ ​បញ្ជាការអ.ស.ប.​មិនបាន​និយាយ​ទេ​ថា​តើខ្លួន​នឹង​ស៊ើបអង្កេត​អំពី​សកម្មភាព​កូរ៉េខាង​ត្បូង​ឬ​បែបណា​ទេ។ ប៉ុន្តែ ​ក្រោយ​ការប៉ះទង្គិច​គ្នា​តាម​ព្រំដែន​កាលពី​ពេលមុនៗ ​បញ្ជាការ​អ.ស.ប.បាន​បន្ទោស​ភាគី​ទាំងពីរ។

បន្ទាប់​ពី​មាន​ការ​បាញ់​ត​គ្នា​មួយ​កាលពី​ខែ​ឧសភា​ ឆ្នាំ​២០២០​នៅ​ឯ​ប៉ុស្តិ៍​ឆ្មាំ​ក្នុង​តំបន់​គ្មានកងទ័ព ​បញ្ជាការ​អ.ស.ប.​បានរក​ឃើញ​ថា​កូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​យុទ្ធសន្តិភាព។

ការ​ស៊ើបអង្កេតនេះ​បាន​រកឃើញ​ថា​កូរ៉េខាងជើង​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​យុទ្ធសន្តិភាពនៅពេល​ខ្លួន​បាញ់​កាំភ្លើងបួន​គ្រាប់​លើ​ប៉ុស្តិ៍​ឆ្មាំ​កូរ៉េខាង​ត្បូង ដែលអាច​ដោយ​ចៃដន្យ។ កងឆ្មាំ​កូរ៉េ​ខាង​ត្បូង ​ដែល​បានរង់ចាំ​៣២នាទី​មុន​តបត​ដោយ​បាញ់​កាំភ្លើង​ពីរ​ប្រាវ​ ក៏​បានរំលោភ​លើ​កិច្ចព្រមព្រៀង​នោះ​ដែរ។

រូបឯកសារ៖ ការ​សាកល្បង​បាញ់​ពី​លើ​ដី​នូវ​ម៉ាស៊ីន​ប្រេង​ឥន្ធនៈ​ដ៏​មាន​ឥទ្ធិពល​ នៅ​ខេត្ត ​South Pyongan ប្រទេស​កូរ៉េខាងជើង ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២។ (KCNA VIA KNS / AFP)
រូបឯកសារ៖ ការ​សាកល្បង​បាញ់​ពី​លើ​ដី​នូវ​ម៉ាស៊ីន​ប្រេង​ឥន្ធនៈ​ដ៏​មាន​ឥទ្ធិពល​ នៅ​ខេត្ត ​South Pyongan ប្រទេស​កូរ៉េខាងជើង ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២។ (KCNA VIA KNS / AFP)

ការពិចារណាអំពី​ការធ្វើឱ្យ​រា​មិនធ្វើសង្គ្រាម

ទោះជា​មានការប្រថុយ​ប្រថាន​ច្រើន​អំពី​កំណើន​ភាពតានតឹង​ក៏​ដោយ​ ក៏​យុទ្ធសាស្ត្រ​នៃ​ការឆ្លើយតប​ម៉ឺងម៉ាត់របស់​កូរ៉េខាងត្បូងមាន​អ្នកគាំទ្រ​ច្រើន។​

លោក Dan Pinkston សាស្ត្រាចារ្យទំនាក់ទំនង​អន្តរជាតិនៅ​សាកលវិទ្យាល័យ Troy មាន​មូលដ្ឋាន​នៅរដ្ឋធានីសេអ៊ូល​បាននិយាយ​បង្ហាញ​ហេតុផល​ថា​ការប្រថុយ​ប្រថាន​អាច​ធំ​ជាង​នេះ​បើ​ឃើញ​ថា​ត្រូវ​បំភិតបំភ័យ​បាន​ ដោយ​ការគំរាម​កំហែង​របស់​កូរ៉េ​ខាងជើង។ លោក​ថ្លែង​ថាការ​តបត​ដោយ​សមាមាត្រ​ធ្វើឱ្យ​ប្រាកដប្រជា​ថាកូរ៉េ​ខាង​ជើង​ដឹង​ថា​ខ្លួន​នឹង​ទទួល​បរាជ័យបើ​ខ្លួន​វាយ​ប្រហារ​កូរ៉េ​ខាងត្បូង។

លោក Pinkston បានច្រាន​ចោល​គំនិត​ដែល​ថា​របៀប​ដោះស្រាយមួយ​បែប​នេះ​អាច​នាំ​ឱ្យ​មាន​ការធ្វើតេស្ត​អាវុធ​កូរ៉េ​ខាងជើង​ថែមទៀត​ ដែល​លោក​និយាយ​ថា​ជា​ញឹកញយ វា​ជា​សមយុទ្ធ​ត្រូវគ្រោងទុក​ជា​មុន​សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​ជា​ពិសេស។

លោក​ Pinkston ​បាន​ពោល​ថា៖ «​វា​ជា​ផ្នែកនៃ​កម្មវិធី​មួយកំពុង​មាន​ធ្វើ...​លោកអ្នក​មិនអាច​«ធ្វើឱយ​រា»​សមយុទ្ធ​ទាំង​នោះ​ទេ»។

លោក​ Pinkston ​បានពោល​ថា ​កំណើន​ការប្រថុយ​ប្រថាន ​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​គឺ​«នៅ​ឆ្ងាយ»​ពី​អរិភាពធំៗ ​ហើយ​ថា​មាន​របៀប​ដោះស្រាយប្រសិនបើ​មាន​ភាពតានតឹង​ជិត​ដល់​ការធ្វើ​សង្គ្រាម។​

ការ​សម្របសម្រួល​រវាង​សម្ព័ន្ធមិត្ត

ប្រសិន​បើ​កូរ៉េខាងជើងនៅ​តែ​បង្ករឿង​ជាមួយ​កូរ៉េខាងត្បូង​ នៅពេលខ្លួន​បន្ត​ផលិត​អាវុធ​ល្អ​ជាងមុន​និង​ច្រើន​ជាង​មុន​ កូរ៉េ​ខាងត្បូង​អាច​យល់​ថា​ខ្លួន​ត្រូវតែ​បន្ត​ការតបត​របស់​ខ្លួនតទៅទៀត។ លោក Yoon ​ដែល​ជា​អតីត​រដ្ឋអាជ្ញា​គ្មាន​បទពិសោធន៍​ខាង​នយោបាយ​កាលពីពេលមុន ​ក៏​អាច​នៅតែ​តបត​តាម​វិធី​ដែល​អាច​បង្កើន​ភាពតានតឹង។

ពួកអ្នកវិភាគ​និយាយ​ថា​នៅ​ក្រោយ​មាន​ការបង្ក​រឿង​សឹង​តែ​រាល់ពេល​ដោយ​កូរ៉េ​ខាងជើង ​ពួកមន្ត្រី​ស.រ.អ.​និង​កូរ៉េ​ខាងត្បូង​បាន​និយាយជាថ្មី​ទៀត​ថា​ពួក​គេ​បាន​ទាក់ទងគ្នា​យ៉ាង​ជិតស្និទ្ធ​ ដែល​ជា​កត្តា​សំខាន់​មួយសម្រាប់​បន្ត​ដំណើរការទៅមុខ។​

លោក Robert Rapson ​ភារធារីនិង​ជាអនុប្រធាន​បេសកកម្ម​នៅ​ស្ថានទូត​ស.រ.អ.​ក្នុង​រដ្ឋធានី​សេអ៊ូលរហូត​ដល់ឆ្នាំ២០២១​បាន​និយាយ​ថា៖​«ការទាក់ទងគ្នា​នេះ​ពង្រឹងការសម្រប​សម្រួល​សម្ព័ន្ធភាព​ជិតស្និទ្ធ​មាន​តទៅទៀត​អំពី​ការឆ្លើយ​តបនឹងការបង្ក​រឿង...​និង​ជា​ការបញ្ជូនសារ​ជា​សាធារណៈ​ផង​ដែរ»។

លោក Rapson ​បានថ្លែង​ប្រាប់​VOA​ថា៖​«គ្មាន​ការយល់ឃើញ​នៅ​កូរ៉េ​ខាងជើង​ថា​មាន​ការបែកបាក់​ឯកភាព​ទ្វេភាគី​ស្តី​ពី​គោលដៅ​និង​របៀប​ដោះស្រាយបញ្ហា​បង្កើត​ឡើង​ដោយ​កូរ៉េ​ខាង​ជើង​ទេ»។

លោកបាន​បន្ថែម​ថា៖ «​ផលវិបាក​នៃ​ការគិតគូរ​ខុស​មាន​ធំ​ណាស់»៕



ប្រែ​សម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG