ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណាវីរុសថ្មី​កើនឡើង​នៅ​កូរ៉េខាង​ត្បូង​និង​ចិន


អ្នក​យាមល្បាត​ក្នុង​សម្លៀកបំពាក់​បុរាណ​ពាក់ម៉ាស​​ដើម្បី​ការពារ​ពី​ការ​ឆ្លង​​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី ទីក្រុង សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នក​យាមល្បាត​ក្នុង​សម្លៀកបំពាក់​បុរាណ​ពាក់ម៉ាស​​ដើម្បី​ការពារ​ពី​ការ​ឆ្លង​​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី ទីក្រុង សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រទេស​កូរ៉េខាងត្បូង​បាន​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​មេរោគ​កូរ៉ូណាវីរុស​ថ្មី​រហូត​ដល់​កម្រិត​ខ្ពស់​បំផុត។

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​ជំរុញ​កុំ​ឲ្យ​ក្រុម​មន្ត្រី​ស្ទាក់ស្ទើរ​ក្នុង​ការ​«ចាត់​វិធានការ​ដ៏​ខ្លាំងក្លា​ដែល​មិន​ធា្លប់​ធ្វើ​មិន​មុន​មក‍»​ដើម្បី​គ្រប់គ្រង​ការ​ឆ្លងរាតត្បាត​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នេះ។

នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​ លោក Chung Sye-kyun បាន​និយាយ​ថា មេរោគ​កូរ៉ូណាវីរុស​ថ្មី​នេះ​បាន​ឆ្លងរាតត្បាត​ដល់«​ដំណាក់កាល​មួយ​ដែល​កាន់​តែ​គ្រោះថ្នាក់‍» នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ដោយសារ​តែ​មាន​ការ​រាយការណ៍​អំពី​ករណី​អ្នកឆ្លងថ្មី​បន្ថែម​ទៀត​នៅ​ថ្ងៃ​អាទិត្យ​នេះ។

លោក​នាយករដ្ឋមន្ត្រី Chung បាន​ថ្លែង​សុន្ទរកថាថ្នាក់​ជាតិ​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​កំពុង​តែ​ខិតខំប្រឹងប្រែង​ពេញ​ទំហឹង​ដើម្បី​គ្រប់គ្រង​កុំ​ឲ្យ​មេរោគ​កូរ៉ូណាវីរុស​ថ្មី​នេះ​ឆ្លងរាតត្បាត​បន្ថែម​ទៀត។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​កូរ៉េខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​ចំនួន​១២៣​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ មាន​១១៣ករណី​កើតឡើង​នៅ​ក្នុង​ទីក្រុង Daegu ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​បួន​របស់​កូរ៉េខាងត្បូង និង​នៅ​ក្នុង​តំបន់​ជុំវិញ​នោះ។ កូរ៉េខាងត្បូង​ឥឡូវ​នេះ​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ថ្មីនេះ​ចំនួន​៥៥៦​ករណី​ហើយ។

កាល​ពី​ថ្ងៃ​សៅរ៍​ ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ក៏​បាន​ចេញ​សេចក្ដីប្រកាស​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​ផងដែរ ដោយសារ​តែ​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​វីរុស​ថ្មី​នេះ ដោយ​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​បង្កើន​ការ​ប្រុងប្រយ័ត្ន ប្រសិន​បើ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​នេះ។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា សេចក្ដីប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​កម្រិត​ទី​ពីរ​នេះ​មាន​ន័យ​ថា អ្នក​ដំណើរ​ទាំងអស់​គួរ​តែ​ចៀសវាង​ទាក់ទង​ជាមួយ​នឹង​អ្នក​ឈឺ និង​ត្រូវ​អនុវត្ត​អនាម័យ​ជា​ប្រចាំ ដូចជា​ត្រូវ​លាងដៃ ដើម្បី​កុំ​ឲ្យ​ឆ្លង​មេរោគ​នេះ។ ប្រទេស​ចិន​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ថ្មីនេះ​ចំនួន​៦៤៨​ករណី ដែល​ធ្វើ​ឲ្យ​ចំនួនអ្នកឆ្លង​សរុប​កើនឡើង​ដល់​៧៦.៩៣៦​ករណី។ អ្នក​ជំងឺ​ចំនួន​៩៧​នាក់​ថែម​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​នេះ​សរុប​កើនឡើង​ដល់​២.៤៤២​នាក់​៕​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG