ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចោទ​អាមេរិក​ពីការ​ជ្រៀត​ជ្រែក​ដោយសារ​​អាមេរិក​បញ្ជូននាវា​ដ៏​ខ្លាំង​ទៅ​កាន់​កោះ​តៃវ៉ាន់


រថក្រោះ​ U.S. M60A3 បាញ់​នៅ​ក្នុង​ការ​ហ្វឹក​ហាត់​យោធា​ប្រចាំ​គ្នា Han Kuang នៅ​កោះ Penghu តៃវ៉ាន់ កាលពី​ថ្ងៃទី​២៥ ឧសភា ២០១៧។
រថក្រោះ​ U.S. M60A3 បាញ់​នៅ​ក្នុង​ការ​ហ្វឹក​ហាត់​យោធា​ប្រចាំ​គ្នា Han Kuang នៅ​កោះ Penghu តៃវ៉ាន់ កាលពី​ថ្ងៃទី​២៥ ឧសភា ២០១៧។

​ចិន​បានធ្វើ​ការ​តវ៉ា​ប្រឆាំង​ជាផ្លូវការ​នឹង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​ពី​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​បាន​ចុះ​ហត្ថលេខាលើ​វិធានការណ៍​មួយ​ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់​ដែល​អាច​នាំ​នាវា​ចំបាំង​របស់​សហរដ្ឋ​អាមេរិក​ចូល​ចត​នៅ​កោះ​តៃវ៉ាន់។

ប្រធានា​ធិបតី​ត្រាំ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ការពារ​ប្រ​ទេស​ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់​កាល​ពី​ថ្ងៃ​អង្គារ​ដែល​អនុញ្ញាត​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​រវាង​នាវា​របស់​កោះ​តៃវ៉ាន់​និង​សហរដ្ឋ​អាមេរិក។ បើ​ដំណើរ​ទស្សន​កិច្ច​របស់​នាវា​បែប​នេះ​កើត​មាន​ឡើង ទស្សនកិច្ច​របស់​នាវាទាំង​នេះ​នឹងក្លាយ​ជា​លើក​ទី១ ចាប់​តាំង​ពី​សហរដ្ឋ​អាមេរិក​បានកាត់​ផ្តាច់​ចំណង​ទាក់​ទង​ជា​មួយ​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ​១៩៧៩​ហើយ​បាន​បង្កើត​ទំនាក់​ទំនង​ខាង​ការទូត​ជាមួយ​ចិន​ដី​គោក។

លោកLu Kangអ្នកនាំ​ពាក្យ​ក្រសួងការបរទេស​ចិន​បាន​ប្រាប់​ពួក​អ្នកយក​ព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​ថា ​ខណៈ​ដែលផ្នែក​មួយ​ចំនួន​នៃ​ច្បាប់​នោះ​ដែល​មាន​ជាប់​ទាក់​ទិន​ទៅ​នឹង​កោះ​តៃវ៉ាន់មិនបាន​តម្រូវ​ឲ្យ​អនុវត្តទៅតាម​ផ្លូវ​ច្បាប់​ក៏ដោយ ​ពួកគេ​បាន«​រំលោភ​គោល​នយោបាយ​ប្រទេស​ចិន​តែ​មួយ​ហើយ​នឹង​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន‍»។

លោក Lu Kangអ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ទៀត​ថា រដ្ឋាភិ​បាល​ក្រុង​ប៉េកាំង​ជំទាស់​ប្រឆាំង​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ណាមួយ​របស់​នាវា ​ការទាក់​ទង​ខាង​យោ​ធា​ឬ​ការ​លក់​អាវុធ​រវាង​សហរដ្ឋ​អាមេរិក​និង​កោះ​តៃវ៉ាន់។

ការតាន​តឹង​នៅ​ក្នុង​តំបន់បាន​រីកកាន់​តែ​ធំឡើង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​បន្ទាប់​ពី​អ្នកការទូត​ជាន់​ខ្ពស់​របស់​ចិនម្នាក់​បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ទន្ទ្រាន​កោះតៃវ៉ាន់ ​ប្រសិន​បើ​នាវា​ចំបាំង​សហរដ្ឋ​អាមេរិកទៅទស្សនកិច្ច​កោះ​តៃវ៉ាន់​ដែល​ចិន​ចាត់​ទុក​ជាផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន៕

XS
SM
MD
LG