ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ត្បូង​អំពាវនាវ​ឲ្យ​កូរ៉េ​ខាង​ជើង​ទទួល​យក​សំណើ​របស់​ខ្លួន​ដើម្បី​រៀបចំ​កិច្ចប្រជុំ​យោធា​មួយ


នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧​នេះ ទាហាន​កូរ៉េ​ខាង​ជើង​យាម​នៅ​ព្រំប្រទល់​ភូមិ Panmunjom នៅ​ក្នុង​ក្រុង Paju ប្រទេស​កូរ៉េ​ខាង​ត្បូង។

នៅ​ថ្ងៃ​សុក្រនេះ​ ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​អំពាវនាវ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ឱ្យ «ទទួល​យល់ព្រម​ជា​បន្ទាន់» សំណើ​របស់​ខ្លួន​ដើម្បី​ធ្វើកិច្ចចរចា​ខាង​យោធា​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រាប់​បន្ធូរបន្ថយ​ភាព​តានតឹង​តាម​ព្រំដែន​ដែល​កំពុង​កើនឡើង​នៅ​លើ​ឧបទ្វីប​កូរ៉េ និង​ដើម្បី​រុះរើ​កម្មវិធី​អាវុធ​បរមាណូ​របស់​កូរ៉េខាង​ជើង។​

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន​ទាន់​បាន​ឆ្លើយតប​ជា​ផ្លូវ​ការ​ដល់​សេចក្តី​ស្នើ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​នៅ​ឡើយ​ទេ។​ សេចក្តី​ស្នើ​នេះ​មាន​ទាក់ទិន​នឹង​ការ​សុំ​ឱ្យ​មាន​ជំនួប​ខាង​យោធា​ និង​កិច្ច​ចរចា​ដាច់​ដោយ​ឡែក​នៅ​ខែ​ក្រោយសម្រាប់​ឱ្យ​មាន​ជា​ថ្មី​ឡើង​វិញ​នូវ​ការ​ជួបជុំ​គ្នា​ជា​បណ្តោះ​អាសន្ន​នៃ​ក្រុម​គ្រួសារ​កូរ៉េ​ដែល​បានត្រូវ​បែកខ្ញែក​គ្នា​ដោយសារ​សង្គ្រាម​កូរ៉េពី​ឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣។​

ក្រសួង​ការពារ​ប្រទេស​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​នៅថ្ងៃ​សុក្រនេះ​ថា​មាន​ការ​ពិបាកក្នុង​ការ​ចាត់ចែង​ការ​ប្រជុំ​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ស្នើ​ជា​ដំបូង​ឱ្យ​ធ្វើនៅ​ថ្ងៃ​ទី២១ខែ​កក្កដា​នៅ​ភូមិ Panmunjom នៅ​លើ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​ដែល​មាន​កង​យោធា​ច្រើន។

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយ​ថា «ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ខាង​យោធា​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង ​និង​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​ការ​ធ្វើ​ឱ្យ​មាន​ការ​សន្ទនា​គ្នា​ខាង​យោធា​ជា​ថ្មីឡើង​វិញ​ជា​កាតព្វកិច្ច​បន្ទាន់​ណាស់​សម្រាប់​ធ្វើឱ្យមាន​សន្តិភាព​ និង​ស្ថិរភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ»៕

XS
SM
MD
LG