ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េខាងត្បូង​​សោក​ស្តាយ​ចំពោះ​ការ​បាញ់​សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ដោយ​​កូរ៉េខាងជើង


រូបឯកសារ៖ លោក Moon Jae-in ប្រធានាធិបតី​កូរ៉េខាងត្បូង​ និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Moon Jae-in ប្រធានាធិបតី​កូរ៉េខាងត្បូង​ និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ Moon Jae-in បាន​សុំ​អភ័យទោស​ដល់​គ្រួសារ​ជន​រង​គ្រោះនៃ​មន្ត្រី​រដ្ឋការ​កូរ៉េខាង​ត្បូង​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កងទ័ព​ប្រទេស​កូរ៉េ​ខាង​ជើង​ កាល​ពី​សប្តាហ៍​មុន នៅ​តាម​ព្រំដែន​សមុទ្រនៃ​ប្រទេស​ទាំង​ពីរ។​

លោក​ប្រធានាធិបតី​ Moon បានចូលរួម​រំលែក​មរណទុក្ខ​ដល់គ្រួសារ​ជន​រង​គ្រោះ​នេះ​ នៅ​ក្នុ​ងកិច្ច​ប្រជុំ​មួយ​ជាមួយ​ជំនួយការ​ជាន់​ខ្ពស់​របស់​លោក ក្នុង​ទី​ក្រុង​សេអ៊ូល​ កាល​ពី​ថ្ងៃ​ចន្ទ។​

មន្ត្រី​កូរ៉េខាងត្បូង​ដែល​ត្រូវ​កងទ័ព​កូរ៉េខាងជើង​បាញ់​សម្លាប់​នោះ​ មាន​អាយុ​៤៧​ឆ្នាំ​ ជា​បុគ្គលិក​ទីភ្នាក់ងារ​ជលផលរបស់​កូរ៉េខាង​ត្បូង។​ លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន​ ​ក្នុង​អំឡុង​ពេល​បំពេញ​ការងារលើ​ទូក​នេសាទ​មួយ​ នៅ​ភាគ​ខាង​ជើង​នៃ​ព្រំដែន​សមុទ្រខាង​លិច​ ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ខ្សែ​បន្ទាត់កំណត់​ភាគ​ខាង​ជើង។

បន្ទាប់​ពី​ត្រូវ​បាន​ស្ទាក់​ចាប់​ ដោយកងទ័ពកូរ៉េ​ខាង​ជើង​រួច​ លោក​ត្រូវ​បាន​គេ​សួរ​ចម្លើយ​ និង​បាញ់​សម្លាប់​តែ​ម្តង​ ហើយ​សាកសព​របស់​លោក​ត្រូវ​បាន​គេចាក់​ប្រេង​និង​ដុត​ចោល​ ដោយ​ទំនងមាន​ការ​បញ្ជា​ពី​ថ្នាក់​លើ​ នេះ​បើ​តាម​ការលើក​ឡើង ដោយភាគី​យោធា​កូរ៉េ​ខាង​ត្បូង។​

ប៉ុន្តែ កងទ័ព​កូរ៉េ​ខាង​ជើង​បាន​បក​ស្រាយ​ខុស​ពី​ការ​អះ​អាង​នេះ​ ដោយ​លើក​ឡើង​ថា​ កងទ័ព​ព្រំដែនកូរ៉េ​ខាង​ជើង​ បាន​អនុវត្ត​តាមការ​ណែនាំ​ប្រឆាំង​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ ហើយ​បាន​បាញ់​ចំនួន​១០​គ្រាប់ទៅ​លើ​បុរស​នោះ​ពី​ចម្ងាយ។ នៅ​ពេល​ដែល​គេ​បាន​ទៅ​ដល់ទូក​របស់បុរស​នោះ គេ​ឃើញ​មាន​តែ​ឈាម​ ហើយ​ក៏​បាន​ដុតទូក​និង​សម្ភារៈផ្សេងៗ​ទៀត​របស់​បុរស​នោះ​ក្នុង​ពេល​នោះ​តែ​ម្តង​ទៅ។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ ពី​ការ​សុំ​ទោស​ជា​សាធារណៈ​ដ៏​កម្រ​របស់​មេដឹក​កូរ៉េ​ខាង​ជើង​លោក​ Kim Jong-un កាល​ពី​ថ្ងៃ​សុក្រ​សបា្តហ៍​មុន។​ ​លោក​ Moon និយាយ​ថា​ ​នេះ​ជា​ការបញ្ជាក់​ថា ​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​លោក Kim មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំងលើក​រឿង​នេះ​ និង​ចង់​ការពារ​មិន​ឲ្យ​មាន​ការ​បែក​បាក់​ទាំង​ស្រុងនូវ​ទំនាក់ទំនងរវាង​កូរ៉េ​ទាំង​ពីរ​នោះ​ឡើយ។

គណបក្ស​អំណាច​ពលរដ្ឋ​ដែល​ជា​គណបក្ស​ប្រឆាំងកូរ៉េ​ខាង​ត្បូង​ និង​អ្នក​រិះគន់​ដទៃ​ទៀត​ បាន​ចោទ​ប្រកាន់​យោធា​កូរ៉េ​ខាង​ត្បូង​ ​ថា​មិនបាន​ជួយ​សង្គ្រោះ​ជិវិត​ជន​រង​គ្រោះ​ នៅ​ពេល​ដែល​ដឹង​ថា​លោក​ត្រូវ​បានគេ​ប្រទះ​ឃើញក្នុង​ដែន​ទឹក​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ មុន​ត្រូវ​បាន​គេ​បាញ់​សម្លាប់។​

ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ពីរ​ បើក​ការ​ស៊ើប​អង្កេត​រួម​គ្នា​មួយទៅ​លើ​ហេតុការណ៍​នោះ៕

XS
SM
MD
LG