នៅក្នុងលិខិតមួយច្បាប់ដែលផ្ញើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុនលោក Yoshihide Suga បានសម្តែងនូវក្តីសង្ឃឹមថា ប្រទេសជប៉ុននិងកូរ៉េខាងត្បូងនឹងមានទំនាក់ទំនងល្អប្រសើរជាងមុន ស្របពេលដែលប្រទេសទាំងពីរកំពុងមានទំនាក់ទំនងមិនល្អទាក់ទិននឹងរឿងប្រវត្តិសាស្ត្រ និងពាណិជ្ជកម្ម។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ជម្លោះរវាងប្រទេសទាំងពីរដែលមានតាំងពីពេលដែលជប៉ុនដាក់អាណានិគមលើឧបទ្វីបកូរ៉េពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ នៅតែប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីសព្វថ្ងៃ។ ជម្លោះនោះគឺទាក់ទិននឹងបញ្ហាដែលពលករកូរ៉េត្រូវបានបង្ខំឲ្យធ្វើការក្នុងក្រុមហ៊ុនជប៉ុន ហើយស្ត្រីកូរ៉េត្រូវបង្ខំឲ្យធ្វើការនៅផ្ទះបនរបស់យោធាជប៉ុនក្នុងសម័យសង្គ្រាមលោកលើកទី ២។
ទំនាក់ទំនងនេះកាន់តែជូរចត់ជាងមុនទៀត បន្ទាប់ពីតុលាការកំពូលកូរ៉េខាងត្បូងបានសម្រេចកាលពីឆ្នាំ ២០១៨ ឲ្យក្រុមហ៊ុនផលិតដែកថែបជប៉ុនសងសំណងដល់ពលករដែលត្រូវគេបង្ខំឲ្យធ្វើការ ដែលករណីនេះបានជំរុញឲ្យរដ្ឋាភិបាលជប៉ុនដាក់កំហិតរារាំងការនាំចេញវត្ថុធាតុដើមបច្ចេកវិទ្យាខ្ពស់សំខាន់ៗមួយចំនួន។
នៅក្នុងលិខិតដែលលោក Suga បានផ្ញើជូនលោក Moon Jae In កាលពីថ្ងៃសៅរ៍នោះ លោក Suga បានសង្កត់ធ្ងន់លើភាពចាំបាច់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់លោក Moon Jae In។
កាលពីសប្តាហ៍មុន លោក Moon Jae In ក៏បានផ្ញើរលិខិតអបអរសាទរមួយច្បាប់ជូនលោក Suga ផងដែរ ដោយបាននិយាយថា លោកមានឆន្ទៈដើម្បីអង្គុយចចារនៅពេលណាក៏បាន ដើម្បីកែលំអរទំនាក់ទំនង និងជំរុញឲ្យមានការផ្លាស់ប្ដូរការទូត សេដ្ឋកិច្ច និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕