ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង​ថា កូរ៉េខាងជើង​បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួន​នៅ​ក្នុង​សមុទ្រ


រូបឯកសារ៖ យោធាកូរ៉េខាងជើងយាមល្បាតនៅតំបន់ភាគខាងត្បូងប្រទេស ខណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូង Lee In-young ធ្វើដំណើរទស្សនកិច្ចក្នុងតំបន់ជាប់កូរ៉េខាងជើង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

យោធា​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​សម្លាប់ រួច​ដុត​ភា្លមៗ​នូវ​សព​របស់​មន្ត្រី​រដ្ឋការ​កូរ៉េ​ខាង​ត្បូង​មួយ​រូប​ ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ជិត​ព្រំដែន​សមុទ្រ​ខាង​លិច​ដែល​មាន​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បុរស​កូរ៉េ​ខាង​ត្បូង​នោះ ដំបូង​ឡើយ​ត្រូវ​បាន​សាកសួរ​នៅ​ក្នុង​ដែន​ទឹក​កូរ៉េ​ខាង​ជើង មុន​ពេល​លោក​ត្រូវ​គេ​បាញ់​សម្លាប់ ជ្រមុជ​ក្នុង​ប្រេង រួច​ដុត​ភ្លើង​ដោយ​ទាហាន​ពាក់​ម៉ាស់​លាក់​មុខ ដែល​ទំនងជា​ទទួល​បញ្ជា​ពី​ថ្នាក់​លើ។ មន្ត្រី​កូរ៉េ​ខាង​ត្បូង​មិន​បាន​បញ្ជាក់​ថា ​ខ្លួន​ទទួល​បាន​ព័ត៌មាន​លម្អិត​នេះ​ពី​ប្រភព​ណា​នោះ​ទេ។

មន្ត្រី​យោធា​កូរ៉េ​ខាង​ត្បូង​បាន «ថ្កោលទោស​ខ្លាំងក្លា» និង​ជំរុញ​កូរ៉េខាងជើង​ឲ្យ «ដាក់ទោស​អ្នក​ដែល​ទទួល​ខុស​ត្រូវ» ចំពោះ​រឿង​នេះ។ មន្ត្រី​រដ្ឋការ​កូរ៉េ​ខាង​ត្បូង​ដែល​ត្រូវ​បាន​សម្លាប់​នេះ គឺ​ជា​បុរស​អាយុ ៤៧ ឆ្នាំ​ម្នាក់ ​ដែល​បម្រើ​ការ​នៅ​ក្រសួង​សមុទ្រ​និង​នេសាទ​កូរ៉េ​ខាង​ត្បូង។

យោធា​កូរ៉េខាងត្បូង​ជឿ​ថា បុរស​នោះ​ប្រហែលជា​ព្យាយាម​រត់​គេច​ទៅ​កូរ៉េខាង​ជើង ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។

មក​ទល់​នឹង​ពេល​នេះ យោធា​កូរ៉េ​ខាង​ជើង​មិន​ទាន់​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ព័ត៌មាន​បន្ថែម​ពី​កូរ៉េ​ខាង​ត្បូង​នៅ​ឡើយ​ទេ។ នេះ​បើ​យោង​តាម​មន្ត្រី​កូរ៉េខាង​ត្បូង។ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក៏​មិន​អត្ថាធិប្បាយ​អ្វី​ជា​សាធារណៈ​អំពី​ឧប្បទ្ទវហេតុ​នេះ​ដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG