ប្រទេសអាហ្វ្រិកខាងត្បូងបានសុំឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមជាមួយពួកហាម៉ាស់។ លោកប្រធានាធិបតី Cyril Ramaphosa បានធ្វើសេចក្តីប្រកាសនេះនៅក្នុងទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាតា ដែលនៅទីនោះលោកថា លោកបាននិយាយជាមួយអ្នកគ្រប់គ្រងប្រទេសកាតាអំពីស្ថានភាពមនុស្សធម៌អាក្រក់ឡើងៗនៅហ្កាហ្សា។
លោក Ramaphosa បានបន្ថែមថា៖ «យើងទាំងពីរនាក់ស្អប់ខ្ពើមខ្លាំងណាស់អ្វីដែលកំពុងកើតមាននៅហ្កាហ្សា ដែលនៅពេលនេះក្លាយជាជំរំប្រមូលផ្តុំមួយដែលកំពុងមានការសម្លាប់ប្រល័យពូជសាសន៍»។
លោក Ramaphosa បានថ្លែងថា អាហ្វ្រិកខាងត្បូងមិនគាំទ្រសកម្មភាពពួកហាម៉ាស់នៅពេលក្រុមនេះធ្វើការវាយប្រហារដ៏ប្រល័យលើអ៊ីស្រាអែលកាលពីខែមុនបណ្តាលឱ្យមនុស្សជាង១.២០០នាក់ស្លាប់ និងចាប់ចំណាប់ខ្មាំងចំនួន២៤០នាក់។ តែយ៉ាងណាក៏ដោយ ក៏លោកបានរិះគន់ការឆ្លើយតបរបស់អ៊ីស្រាអែល ដោយលោកនិយាយថា មនុស្សបាន«ស្លាប់ដូចរុយ»នៅក្នុងមន្ទីរពេទ្យត្រូវឡោមព័ទ្ធនៅហ្កាហ្សា។
លោកបានបន្ថែមថា៖ «អាហ្វ្រិកខាងត្បូង ជាមួយប្រទេសច្រើនទៀតក្នុងពិភពលោក យល់ឃើញថាជាការសមគួរយកសកម្មភាពរបស់អ៊ីស្រាអែលទៅដាក់ក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ»។
នៅពេលវីអូអេទាក់ទង ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលមិនធ្វើអត្ថាធិប្បាយទេ។
លោកស្រី Mia Swart សាស្ត្រាចារ្យនៅមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Witwatersrand ដែលជាអ្នកជំនាញខាងច្បាប់អន្តរជាតិ ពន្យល់អំពីអ្វីដែលទំនងកើតមាននៅពេលនេះ។
អ្នកស្រីបានថ្លែងថា៖ «តុលាការ ICC ប្រហែលត្រូវស៊ើបអង្កេតអំពីអ្វីដែលត្រូវបានអះអាងនៅទីនេះ។ វាអាចជាដំណើរការយូរ»។
អ៊ីស្រាអែលតែងតែថា ខ្លួនធ្វើសកម្មភាពការពារខ្លួន។ កាលពីដើមសប្តាហ៍ទីបីនៃខែវិច្ឆិកា នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលបានធ្វើ«ការប្រឹងប្រែងខ្លាំងណាស់»ដើម្បីឱ្យមានជនស៊ីវិលស្លាប់តិចបំផុត។
អាហ្វ្រិកខាងត្បូងជាអ្នកគាំទ្រអន្តរជាតិខ្លាំងមួយដល់ជនជាតិប៉ាឡេស្ទីន។ គណបក្សសមាជជាតិអាហ្វ្រិកគ្រប់គ្រងប្រទេសនេះបានបង្ហាញអ្វីដែលខ្លួនថាជាភាពស្របគ្នារវាងការតស៊ូរបស់ក្រុមជនស្បែកខ្មៅអាហ្វ្រិកខាងត្បូងប្រឆាំងនឹងរបប apartheid របស់ក្រុមជនស្បែកសរើសអើងពូជសាសន៍និងស្ថានការណ៍នៅមជ្ឈិមបូព៌ា។
អ្នកស្រី Mahlengi Bhengu-Motsiri អ្នកនាំពាក្យគណបក្សនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ ខែវិច្ឆិកាថា ពួកគេនឹងគាំទ្រញត្តិមួយរបស់ក្រុមប្រឆាំងក្នុងសភាអំពាវនាវឱ្យបិទស្ថានទូតអ៊ីស្រាអែលនៅក្រុងប្រេតូរីយ៉ា។
អ្នកស្រី Bhengu-Motsiri បានថ្លែងថា៖ «ដោយសារមានអំពើឃោរឃៅបច្ចុប្បន្នក្នុងដែនដីប៉ាឡេស្ទីនត្រូវកាន់កាប់ គណបក្ស ANC នឹងយល់ព្រមតាមញត្តិមួយក្នុងសភាដែលអំពាវនាវដល់រដ្ឋាភិបាលឱ្យបិទស្ថានទូតអ៊ីស្រាអែលនៅអាហ្វ្រិកខាងត្បូងនិងផ្អាកទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល»។
មានបាតុកម្មធំៗគាំទ្រប៉ាឡេស្ទីនក្នុងក្រុងអាហ្វ្រិកខាងត្បូង ហើយក៏មានការដើរធ្វើបាតុកម្មតូចៗគាំទ្រអ៊ីស្រាអែលដែរដែលត្រូវបានបង្អាក់ដោយបាតុកម្មប្រឆាំង។
ក្រុម Jewish Board of Deputies ដែលជាក្រុមមួយតំណាងសហគមន៍ជ្វីហ្វនៅអាហ្វ្រិកខាងត្បូងនិយាយថា មានកំណើនការប្រឆាំងនឹងជនអំបូរជ្វីហ្វក្នុងប្រទេសតាំងពីមានសង្គ្រាមនេះមក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ