ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ធ្វើ​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​ជា​ច្រើន​នាក់​ស្លាប់​នៅ​ហ្កាហ្សា


សាកសពមនុស្សដែលត្រូវបានសម្លាប់ដោយសារ​ការវាយប្រហារ​តាម​អាកាស​របស់​ទាហាន​អ៊ីស្រាអែល​លើក្រុង Khan Yunis ភាគខាងត្បូង​តំបន់​ហ្កាហ្សា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
សាកសពមនុស្សដែលត្រូវបានសម្លាប់ដោយសារ​ការវាយប្រហារ​តាម​អាកាស​របស់​ទាហាន​អ៊ីស្រាអែល​លើក្រុង Khan Yunis ភាគខាងត្បូង​តំបន់​ហ្កាហ្សា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សៅរ៍​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​ដែល​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​រាប់​សិប​នាក់​ស្លាប់​និង​រង​របួស ដែល​ក្នុង​នោះ​រួម​មាន​ទាំង​មនុស្ស​ម្នាក់​នៅ​ក្នុង​បរិវេណ​សាលារៀន​មួយ​កន្លែង​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Jabaliya នៅ​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា (Gaza) ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ជំនួយ​និង​កិច្ចការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​នៅ​តំបន់​មជ្ឈិម​បូព៌ា (UNRWA)។

លោក Ahmed Radwan ដែល​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP តាម​ទូរស័ព្ទ​អំពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​សាលារៀន Fakhoura នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Jabaliya ថា៖ «ទិដ្ឋភាព​គឺ​គួរ​ឱ្យ​រន្ធត់។ មាន​សាកសព​ស្ត្រី​និង​កុមារ​នៅ​លើ​ដី។ អ្នក​ផ្សេង​ទៀត​ស្រែក​រក​ជំនួយ»។

រូបភាព​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP អំពី​មន្ទីរពេទ្យ​មូលដ្ឋាន​មួយ​កន្លែង​បាន​បង្ហាញ​ថា សាកសព​ជាង ២០ នាក់​ត្រូវ​បាន​រុំ​ដោយ​ក្រណាត់​ប្រឡាក់​សុទ្ធតែ​ឈាម។

អគ្គ​ស្នងការ​ទីភ្នាក់ងារ UNRWA លោក Philippe Lazzarini បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អនឡាញ X កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា៖ «ការ​វាយ​ប្រហារ​ទាំង​នេះ​គឺ​មិន​អាច​ក្លាយជា​រឿង​ធម្មតា​បាន​ទេ។ វា​ត្រូវតែ​បញ្ចប់។ កិច្ច​ឈប់​បាញ់​គ្នា​ដើម្បី​មនុស្សធម៌​មិនអាច​បង្អង់​យូរ​ទៀតបានទេ»។

យោធា​អ៊ីស្រាអែល​បាន​ឆ្លើយតប​ដោយ​និយាយ​ថា​ទាហាន​របស់​ខ្លួន​ធ្វើ​សកម្មភាព​នៅ​ក្នុង​តំបន់​ជំរំ Jabaliya «ក្នុង​គោល​បំណង​វាយ​ប្រហារ​លើ​ពួក​ភេរវករ» តែ​ប៉ុណ្ណោះ ហើយ​ព្យាយាម​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​គ្រោះថ្នាក់​ច្រើន​ដល់​ជន​ស៊ីវិល។

កាលពី​ថ្ងៃ​សៅរ៍ យោធា​អ៊ីស្រាអែល​បាន​រំឭក​ជន​ស៊ីវិល​នៅ​ក្នុង​ផ្នែក​នានា​នៅ​ភាគ​ខាង​ត្បូង​នៃ​តំបន់​ហ្កាហ្សា (Gaza) ឱ្យ​ចាកចេញ។

លោក Mark Regev ទីប្រឹក្សា​របស់​លោក​នាយករដ្ឋមន្ត្រី Benjamin Netanyahu នៃ​ប្រទេស​អ៊ីស្រាអែល​បាន​ប្រាប់​ទូរទស្សន៍ MSNBC ថា៖ «យើង​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ចាកចេញ​ទៅ​កន្លែង​ផ្សេង»។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​ដឹង​ថា​វា​មិន​ងាយស្រួល​នោះ​ទេ​សម្រាប់​ពួកគេ​ជា​ច្រើន ប៉ុន្តែ​យើង​មិន​ចង់​ឃើញ​ជន​ស៊ីវិល​ជាប់​ផុង​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នេះ»។

កាលពី​ថ្ងៃ​សៅរ៍ ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៤៧ នាក់​នៅ​ក្នុង​ទីក្រុង Khan Younis និង​តំបន់​ជុំវិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទាហាន​ពេទ្យ។

ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​ទៅលើអគារ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង Khan Younis ដោយ​ធ្វើ​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន ២៦ នាក់​ស្លាប់​និង ២៣ នាក់​ទៀត​រង​របួស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល។ មន្ត្រី​សុខាភិបាល​បាន​បន្ថែម​ថា មនុស្ស ៦ នាក់​ទៀត​ត្រូវ​បាន​សម្លាប់​នៅ​ចម្ងាយ​ពីរ​បី​គីឡូម៉ែត្រ​នៅ​ភាគ​ខាង​ជើង នៅ​ពេល​ដែល​ផ្ទះ​មួយ​ខ្នង​នៅ​ក្នុង​ក្រុង Deir Al-Balah ត្រូវ​បាន​ផ្លោង​ចំ។

ជនជាតិ​ប៉ាឡេស្ទីន ១៥ នាក់​បាន​ស្លាប់​កាលពី​រសៀល​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ផ្ទះ​មួយ​ខ្នង​នៅ​ភាគ​ខាង​លិច​ទីក្រុង Khan Younis ជិត​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​មួយ​កន្លែង​របស់​ជន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទាហាន​ពេទ្យ​និង​អ្នក​ដែល​ឃើញ​ហេតុការណ៍​នេះ។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ដឹកនាំ​បេសកកម្ម​មនុស្សធម៌​រួម​គ្នា​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ​កាលពី​ថ្ងៃ​សៅរ៍​ទៅ​កាន់​មន្ទីរពេទ្យ Shifa។

ក្រុម​បេសកកម្ម​នេះ​ដែល​បាន​ចំណាយ​ពេល​មួយ​ម៉ោង​នៅ​ឯ​មន្ទីរពេទ្យ​នោះ​បាន​និយាយ​ថា មន្ទីរពេទ្យ​នេះ «ដែល​ធ្លាប់​ជា​មន្ទីរពេទ្យ​ធំ​ជាង​គេ​បង្អស់ ទំនើប​បំផុត និង​មាន​គ្រឿង​បរិក្ខារ​ល្អ​បំផុត​នៅ​ក្នុង​តំបន់​ហ្កាហ្សា» ឥឡូវ​នេះ​បាន​ក្លាយជា «តំបន់​មរណៈ»។

បុគ្គលិក​សុខាភិបាល ២៥ នាក់​នៅតែ​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​ដើម្បី​ផ្ដល់​ការ​ព្យាបាល​ដល់​អ្នក​ជំងឺ ២៩១ នាក់ ដែល​មាន​ទារក ៣២ នាក់​ស្ថិត​ក្នុង «ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង អ្នក​ជំងឺ ២ នាក់​កំពុង​ទទួល​ការ​ព្យាបាល​ដិតដល់​ដោយ​គ្មាន​ឧបករណ៍​ដក​ដង្ហើម និង​អ្នក​ជំងឺ​លាង​ឈាម ២២ នាក់​ផង​ដែរ»។ អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា អ្នក​ជំងឺ​ភាគ​ច្រើន​មាន​របួស​ធ្ងន់ធ្ងរ៕

ប្រែសម្រួលដោយ​លោក ភី សុភាដា

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

XS
SM
MD
LG