ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រយុទ្ធ​គ្នា​ខ្លាំងក្លា​ផ្ទុះ​ឡើង​នៅ​ជុំវិញ​មន្ទីរពេទ្យ Indonesian Hospital ក្នុង​តំបន់​ហ្កាហ្សា


អណ្តាត​ភ្លើង​ដែល​លេច​ចេញ​ឡើង​នៅក្នុង​អាកាស​ដោយសារ​ការបាញ់​ដោយ​យោធា​អ៊ីស្រាអែល​នៅក្នុង​តំបន់​ហ្កាហ្សា មើល​ពី​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល នៅ​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
អណ្តាត​ភ្លើង​ដែល​លេច​ចេញ​ឡើង​នៅក្នុង​អាកាស​ដោយសារ​ការបាញ់​ដោយ​យោធា​អ៊ីស្រាអែល​នៅក្នុង​តំបន់​ហ្កាហ្សា មើល​ពី​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល នៅ​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​ នៅ​ជុំវិញ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា (Gaza) ដែល​នៅ​ទីនោះ​អ្នក​ជំងឺ​និង​អ្នក​ជម្លៀស​ពី​ផ្ទះ​សម្បែង​រាប់​ពាន់​នាក់​បាន​ជ្រក​កោន​អស់​រយៈពេល​រាប់​សប្ដាហ៍​មក​ហើយ ស្រប​ពេល​កងទ័ព​អ៊ីស្រាអែល​ផ្ដោត​លើ​ការ​បោស​សម្អាត​រុករក​ក្នុង​មន្ទីរពេទ្យ​នោះ​ដែល​ពួកគេ​ថា ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) បាន​ប្រើ​សម្រាប់​លាក់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

គ្រាប់ផ្លោង​មួយ​គ្រាប់​បាន​បាញ់​ចំ​ជាន់​ទី​ពីរ​នៃ​មន្ទីរពេទ្យ Indonesian Hospital ដោយ​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ១២ នាក់​ស្លាប់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់​និង​បុគ្គលិក​សុខាភិបាល​ម្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ។ គេ​មិន​ឃើញ​មាន​ការ​លើកឡើង​ណា​មួយ​ភ្លាមៗ​ពី​យោធា​អ៊ីស្រាអែល​អំពី​រឿង​នេះ​នោះ​ទេ។

ការ​រុល​ទៅ​មុខ​ចូល​ក្នុង​មន្ទីរពេទ្យ Indonesian Hospital នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ជម្លៀស​ទារក​កើត​មិន​គ្រប់​ខែ​ចំនួន​ ៣១ នាក់​ពី​មន្ទីរពេទ្យ Shifa នៅ​ក្នុង​ទីក្រុង​ហ្កាហ្សា ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។ ទារក​ទាំង​នោះ​ស្ថិត​ក្នុង​ចំណោម​អ្នក​ជំងឺ​ឬ​អ្នក​រង​របួស​ធ្ងន់ធ្ងរ​ជាង ២៥០ នាក់​ដែល​ជាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​កងទ័ព​អ៊ីស្រាអែល​បាន​ចូល​ទៅ​ដល់​មន្ទីរពេទ្យ​នោះ។

អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ក្រុម​ហាម៉ាស់​បាន​ប្រើ​ជន​ស៊ីវិល​ជា​ខែល​ការពារ។ ចំណែក​ឯ​អ្នក​រិះគន់​លើ​អ៊ីស្រាអែល​វិញ​ថា​ការ​ហ៊ុមព័ទ្ធ​និង​ការ​បាញ់​ផ្លោង​តាម​អាកាស​ឥត​ឈប់ឈរ​របស់​អ៊ីស្រាអែល​គឺ​ស្មើ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជា​រួម​លើ​ជនជាតិ​ប៉ាឡេស្ទីន ២ លាន ៣ សែន​នាក់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​តំបន់​ហ្កាហ្សា​លោក Ashraf al-Qidra ដែល​ឥឡូវ​នេះ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា បាន​និយាយ​ថា​អ្នក​ជំងឺ​ប្រហែល ៦០០ នាក់ បុគ្គលិក​សុខាភិបាល​ប្រហែល ២០០ នាក់ និង​អ្នក​ជម្លៀស​ពី​ផ្ទះ​សម្បែង​ប្រហែល ២.០០០ នាក់​កំពុង​ជ្រកកោន​នៅ​ទីនោះ៕

XS
SM
MD
LG