ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ដាក់​លក់​ដេញ​ថ្លៃ​សិល្បៈ​នៅ​ទីក្រុង​ណៃរ៉ូប៊ី​តាំង​បង្ហាញ​សិល្បៈ​អាហ្រ្វិក​ខាង​កើត​ដែល​កំពុង​រីក​ចម្រើន


អ្នក​ចូល​រួម​ទស្សនា​ការ​ដាក់​លក់​ដេញ​ថ្លៃ​កំពុង​មើល​ផ្ទាំង​គំនូរ​ដែល​គេ​ដាក់​លក់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥។

ទ្វីប​អាហ្វ្រិក​បាន​បង្ហាញ​ពី​អំនួត​របស់​ខ្លួន​ខាង​វិស័យ​សិល្បៈ​តាំង​ពី​យូរ​មក​ហើយ។​ នៅ​ខណៈនេះដែរ​​ សិល្បករ​នៅ​អាហ្វ្រិក​ខាង​កើត​ក៏ទទួល​បាន​ភាព​ល្បីល្បាញ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស។​

នៅ​ដើម​ខែ​វិច្ឆិកា​នេះ​ មាន​សិល្បករ​ប្រមាណ​៣០០​នាក់​ មាន​ទាំង​អ្នក​ស្រឡាញ់​សិល្បៈ​ និង​អ្នក​សន្សំ​របស់​របរ​សិល្បៈ​ផង​ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី (Nairobi)​ ដើម្បី​ចូលរួម​ក្នុង​ការ​ដាក់​លក់​ដេញ​ថ្លៃ​ប្រចាំ​ឆ្នាំ​លើក​ទី៣​ នូវ​សិល្បៈ​សហសម័យ​ និង​សិល្បៈ​សម័យ​ទំនើប​របស់​ភ្នាក់ងារ​មជ្ឈដ្ឋាន​សិល្បៈ (Circle Art Agency)។ ការ​លក់​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា​ ជា​ការ​លក់​ដេញ​ថ្លៃ​បែប​ជំនួញ​លើក​ដំបូង​ និង​មាន​តែ​មួយ​គត់​នៅ​ទ្វីប​អាហ្រ្វិក​ភាគ​ខាង​កើត។

លោកស្រី ​Danda Jaroljmek ​ ដែល​ជា​នាយក​នៃ​ភ្នាក់ងារ​នេះ​ បាន​និយាយ​ថា ​ស្នាដៃ​សិល្បៈ​ពី​ប្រទេស​កេនយ៉ា​ (Kenya) តង់សានី​ (Tanzania) អ៊ូហ្គង់ដា​ (Uganda) អេត្យូពី (Ethiopia) ស៊ូដង់ (Sudan) និង​ណាមីប៊ី (Namibia) ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​កន្លែង​តាំង​លក់​ដេញ​ថ្លៃ​កាលពី​ដើម​ខែ​វិច្ឆិកា​នេះ។

លោកស្រី​ Danda Jaroljmek​ ប្រធាន​ភ្នាក់ងារ​ Circle Art Agency។
លោកស្រី​ Danda Jaroljmek​ ប្រធាន​ភ្នាក់ងារ​ Circle Art Agency។

«អ្នក​ដឹង​ហើយ​ ប្រទេស​នីមួយៗ​មាន​ភាព​ខុស​ប្លែក​ពី​គ្នា ប៉ុន្តែ​ ខ្ញុំ​យល់​ថា​ រឿង​ដែល​ដូចគ្នា​មែន​ទែន​នោះ​គឺថា​ សិល្បៈ​នៃ​ប្រទេស​ទាំង​នេះ​មិន​សូវ​មាន​គេ​ស្គាល់​ច្រើន​ដូច​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ទ្វីបអាហ្រ្វិក​ទេ​ ហើយ​យើង​កំពុងតែ​ព្យាយាម​បង្កើន​ការ​យល់​ដឹង​ពី​ប្រទេស​ទាំង​នោះ​ និង​បញ្ចេញ​ឲ្យ​គេ​ស្គាល់​សិល្បករ​ពី​តំបន់​ខាង​កើត​នេះ​ និង​ដើម្បី​នាំ​ឲ្យ​អ្នក​ទិញ​នៅ​ក្នុង​ប្រទេស​ និង​អន្តរជាតិ​ដែល​ចូល​មក​ បាន​ដឹង​ឮ​ពី​សិល្បៈ​ដ៏​អស្ចារ្យ​ដែល​មាន​នៅ​ទីនេះ»។​

មាន​ចម្លាក់​ និង​គំនូរ​ពណ៌​ចំនួន​ហាសិបមួយ​ផ្ទាំង​បាន​ដាក់​លក់​ ដែល​បង្ហាញ​ទិដ្ឋភាព​ផ្សេងៗ​នៃ​ទ្វីប​អាហ្វ្រិក​ ដូចជា​ជីវិត​សត្វ​ព្រៃ​ ទិដ្ឋភាព​ភូមិ​បុរាណ​ ទស្សនៈ​ក្នុង​កិច្ចការ​សង្គម​ ដូចជា​រូប​មួយ​មាន​ចំណង​ជើង​ថា​ «គ្មាន​សម្តេច​ប៉ាប​អាហ្រ្វិក» និង​រូប​មួយ​ទៀត​ដែល​បង្ហាញ​អំពី​កូដកម្ម​របស់​ក្រុម​វេជ្ជបណ្ឌិត​នៅ​ក្រុង​ណៃរ៉ូប៊ី។

នាង Linda Benvenutoដែល​មាន​សញ្ជាតិពីរ​ គឺ​កេនយ៉ា​អាមេរិកាំង​ បាន​រស់នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី​ តាំងពី​ឆ្នាំ​១៩៧៥។​ នាង Benvenutoដែល​ជា​អ្នក​ស្នេហា​សិល្បៈ​ម្នាក់​ដែរ​នោះ​ បាន​និយាយ​ថា​ នាង​នៅ​ចាំ​បាន​កាលពី​ពេល​ដែល​ក្រុម​សិល្បករ​នាំគ្នា​ផ្តោត​ទៅ​លើ​តែ​សិល្បៈ​មិន​មាន​ភាព​ចម្រូងចម្រាស់​ ដូចជា​រូប​បុរាណ​អំពី​សត្វ​ព្រៃ​អាហ្រ្វិក​ជាដើម។

នាង​បាន​និយាយ​ថា៖ «ឥឡូវ​ យើង​មានទម្រង់​សិល្បៈ​ច្រើន​ មាន​ទស្សនវិស័យ​ច្រើន​ យើង​ដឹង​អំពី​សិល្បៈ​កាន់តែ​ច្រើន​ យើង​ទទួល​អារម្មណ៍​ថា ​វា​ដូចជា​ព្រលឹង​របស់​ទីក្រុង​ណៃរ៉ូប៊ី​ ហើយ​ថា​ក្រុង​ណៃរ៉ូប៊ី​កំពុង​តែ​រីក​ចម្រើន»។

យោង​តាម​លោកស្រី Jaroljmek សិល្បករ​លែង​នៅ​តែ​ក្នុង​បន្ទប់​វិចិត្រសាល​ទៀត​ហើយ។​ ពួកគេ​មាន​ភាព​ឯករាជ្យ​ និង​ស្វែងរក​ឱកាស​ដោយ​ខ្លួនឯង។

«គ្រប់​គ្នា​មាន​ទូរស័ព្ទដៃ​ប្រភេទ​ទំនើប ​គ្រប់គ្នា​មាន​លទ្ធភាព​ស្វែង​រក​ព័ត៌មាន​ ហើយ​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​ជាង​មុន​ និង​ព្យាយាម​ចាប់​យក​ឱកាស​អន្តរជាតិ​ ហើយ​បរិយាកាស​ទាំង​មូល​កំពុងតែ​ផ្លាស់ប្តូរ»។

នាង Benvenutoបាន​រំឭក​អំពី​ការ​ដាក់​លក់​ដេញ​ថ្លៃ​លើក​ទីមួយ​របស់​ភ្នាក់ងារ​មជ្ឈដ្ឋាន​សិល្បៈ Circle នៅ​ក្នុង​ឆ្នាំ​២០១៣។

នាង​និយាយ​ថា៖ «កាល​នោះ​ វា​គួរ​ឲ្យ​រំភើប​ខ្លាំង​ណាស់ ហើយ​វា​ធ្វើ​ឲ្យ​មាន​ភាព​ជ្រួល​ជ្រើម​ដ៏​អស្ចារ្យ។ យើង​អាច​មើល​ដឹង​ថា​ ឥឡូវ​នេះ​ មនុស្ស​កំពុងតែ​មើល​មកក្រុង​ណៃរ៉ូប៊ី​ ថា​ជា​ទីក្រុង​សិល្បៈ​ហើយ»។

ភាព​ជ្រួល​ជ្រើម​ពី​ពេល​នោះ​នៅតែ​បន្ត​មាន​រហូត​ដល់​ពេល​នេះ។​ នៅ​ក្នុង​ឆ្នាំ​នេះ​ ការ​លក់​ដេញ​ថ្លៃ​ទាំង​អស់​មាន​ទឹក​ប្រាក់​សរុប​ជាង​១៩១.០០០​ដុល្លារ​ ដោយ​មាន​ការ​កើន​ឡើង​ជាលំដាប់​ ចាប់តាំង​ពី​ការ​ដាក់​លក់​លើក​ទីមួយ​ នៅ​ក្នុង​ឆ្នាំ​២០១៣​មក៕

ប្រែសម្រួល​ដោយ​ សើ​ សាយ្យាណា

XS
SM
MD
LG