ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកបោះឆ្នោត​ខ្លះ​ថា រង់ចាំមើល​ការអនុវត្ត​ជាជាង​ស្តាប់​ការឃោសនា​កម្មវិធី​នយោបាយ​របស់​គណបក្ស​នីមួយៗ


រូបឯកសារ៖ មន្ត្រី​តាម​ការិយា​ល័យ​បោះឆ្នោត​ ​ត្រួត​ពិនិត្យ​ឯក​សារ​បោះ​ឆ្នោត​របស់​ពល​រដ្ឋ​ នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១​​ ​ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)
រូបឯកសារ៖ មន្ត្រី​តាម​ការិយា​ល័យ​បោះឆ្នោត​ ​ត្រួត​ពិនិត្យ​ឯក​សារ​បោះ​ឆ្នោត​របស់​ពល​រដ្ឋ​ នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១​​ ​ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)

ខណៈ​គណបក្ស​ដែល​ចូលរួម​ការបោះឆ្នោត​ប្រឹង​បង្អួត​គោលនយោបាយ​របស់​ខ្លួន​ ដើម្បី​កៀរគរ​សំឡេង​គាំទ្រ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី៧ អ្នកបោះឆ្នោត​ខ្លះ​ថ្លែង​ដោយ​ប្រយ័ត្នប្រយែង​ថា ពួកគេ​មិន​ទាន់​មាន​ជំនឿ​ថា គោលនយោបាយ​ទាំងនោះ​ត្រូវបាន​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព​នោះទេ។

ពួកគេ​រង់​ចាំមើល​ការអនុវត្ត ជាជាង​ការ​និយាយ​ និង​សន្យា​ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​។

អ្នក​នាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន លើកឡើង​ថា គណបក្ស​កាន់​អំណាចនៅបន្តគិតគូរពីការ​លំបាក​របស់​កសិករ​ ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​យក​ពន្ធ​លើ​ដីស្រែ​ បន្តការ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​ ហើយ​ផ្តោតកា​រយកចិត្តទុកដាក់​លើជីវភាពកម្មករ​ និង​អ្នករក​ស៊ី​នៅ​ក្នុង​សេវាកម្សាន្ត និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។

លោក​ថ្លែងថា​៖ «​ចំពោះ​កម្មករ​ និយោជិត​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ទទួល​រង​ហានិភ័យ​ខ្ពស់ហ្នឹង​ គឺ​យើង​ផ្តល់​ប័ណ្ណ​ប.ស.ស​ ហើយ​កម្មករ​និយោជិត​ហ្នឹង​ យើង​ប្រគល់​ប័ណ្ណ​ក្រីក្រ​ជូន​គ្រប់​គ្នា​ទាំង​អស់​ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ធានា​បាន​នូវ​ការ​កែប្រែ​ជីវភាព​រស់​នៅ​បាន​ល្អ​ប្រសើរ​ជាបន្តបន្ទាប់​ឡើងវិញ»។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន លោក​ យ៉េង​ វីរៈ​ ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពីពេល​ថ្មីៗនេះថា​ កំណែទម្រង់​ស្ថាប័ន​ជាតិ​រៀបចំការបោះឆ្នោត​ (គ.ជ.ប)​ នឹង​ត្រូវធ្វើឡើង ហើយ​រក្សា​ឱ្យបាន​ឋានៈអនុគ្រោះពន្ធ​ EBA ​របស់​សហភាព​អឺរ៉ុប ​បន្ធូរបន្ថយ​បំណុល​របស់​ពលរដ្ឋ បើ​គណបក្ស​ក្រៅ​រដ្ឋាភិបាលតូចមួយនេះ​ មាន​សំឡេង​នៅ​រដ្ឋសភាជាតិ​។​

លោក​ថ្លែង​ថា​៖ «គោល​នយោបាយ​ជា​អាទិភាព ឬកិច្ចការ​ជា​អាទិភាព​ ដែល​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ តំណាង​រាស្ត្រ​យើង​នឹង​ធ្វើ​ហ្នឹង​ គឺ​សុំ​ស្នើ​ដូរសមាសភាព​គ.ជ.ប​ ព្រោះ​តាម​រដ្ឋធម្មនុញ្ញ​យើង​ ច្បាប់​ស្តី​ពី​ការ​រៀបចំ​ប្រព្រឹត្តទៅ​របស់​គ.ជ.ប​ គឺ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក៏មាន​សិទ្ធិ​ អំណាច​ក្នុង​ការ​ដាក់​បេក្ខភាព​ សមាសភាព​គ.ជ.ប​ ដែរ​ ចឹង​ៗ​ ជា​រឿង​អាទិភាព​ទី១ គឺយើង​នឹង​ធ្វើ​អាហ្នឹង​»។

ប្រធានគណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​លោក​ ញឹក ប៊ុនឆៃ ថា​ គណបក្ស​របស់​លោក​នឹង​ផ្តោត​លើ​ការ​សម្អាត​អំពើពុករលួយនៅស្ថាប័ន​តុលាការ​ ពង្រឹង​វិស័យ​អប់​រំ​ និង​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ជនអន្តោប្រវេសន៍​។​

លោក​ប្រាប់វីអូអេថា​៖ «នេះ​ជា​បញ្ហា​មាន​សារៈសំខាន់​ដែលគណបក្ស​ខ្មែរ​រួប​រួម​ជាតិយក​ចិត្ត​ទុក​ដាក់​ ធ្វើ​យ៉ាងណា​ឱ្យ​ការ​អនុវត្ត​ច្បាប់ហ្នឹង​ឱ្យ​ស្មើ​មុខ​គ្នា​មិន​ថា​ អ្នកមាន​ អ្នក​ក្រ​ អ្នកតូច​ អ្នកធំ​។ បច្ចុប្បន្ន​នៅ​មាន​ការ​រើស​អើង ហើយ​បញ្ហា​តុលាការ​អី​ ក៏​នៅ​មាន​បញ្ហា​ខ្លះ​ៗ។ ដូច្នេះ​ យើង​ជំរុញ​ធ្វើ​ម៉េច​ឱ្យ​តុលាការ​ហ្នឹង​ អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ហើយ​ស្អាត​ស្អំ​ ហើយ​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ ច្បាប់​អនុវត្ត​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្មើគ្នា​ទាំង​អស់​»។ ​

​ប្រធាន​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក​ ម៉ម សូណង់​ដូ មើល​ឃើញ​បញ្ហាបែក​ចែក​ស្ថាប័ន​៣ គឺ​តុលាការ​ រដ្ឋាភិបាល និង​សភា​ឱ្យ​ដាច់​ពី​គ្នា​នោះ​ថា នៅ​មានភាពមិនច្បាស់​លាស់​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅកម្ពុជា។​

លោក​លើកឡើង​ថា​៖ «មិនមែន​ខ្ញុំ​ដណ្តើម​អំណាច​ទេ ខ្ញុំ​ដណ្តើម​ធ្វើ​សង្គម​ខ្មែរ​មួយ​ឱ្យ​ល្អ​រឹងប៉ឹង​ រឹង​មាំ។ យើង​គិត​ពី​ឈ្លោះ​គ្នា​ ក៏ឈ្លោះ​ទៅ​ អានេះខុស​ អានេះ​ត្រូវ​ យើង​កុំ​និយាយ​ខុស​ត្រូវ។​ យើង​យក​បញ្ហា​ណាមួយ​ដូច​លទ្ធិប្រជាធិបតេយ្យ​ ដែល​មាន​ចារ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គេនិយាយ​ថាម៉េច?​ ស្ថាប័ន​បី​បែង​ចែក​ពី​គ្នា​។​ ឥឡូវ​បើ​ថា​មាត្រា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ណាមួយ​ដែល​ថា​មិនបែង​ចែក យើង​ត្រូវ​មើល​អាត្រង់​ហ្នឹង​ បើសិន​មិន​កើត​ទេ​ យើង​ធ្វើ​វិសោធនកម្ម​ចុះ​។ បើមិន​វិសោធនកម្ម​មិន​បាច់​ថា​ អាហ្នឹង​លទ្ធិ​ប្រជាធិបតេយ្យ​ទេ ត្រូវ​កើត​ថា​លទ្ធិប្រជាធិបតេយ្យ​របស់ monsier [លោក​ ]​ អ្នក​ណា​មួយ​ទៅ​ ​ឧកញ្ញ៉ា​ណាមួយទៅ​»។

អ្នកនំាពាក្យ​គណបក្ស​ជំទាស់​ភ្លើង​ទៀន​ លោក ​គីម សួរភិរិទ្ធ​ ​ សោក​ស្តាយ​ដែល​គណបក្ស​មិន​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ ព្រោះគណបក្ស​មាន​គោល​នយោបាយ​សំខាន់​ៗ​ជាច្រើន​ផងដែរ​ ដើម្បី​ជួយប្រជាពលរដ្ឋ​ តួយ៉ាងការជួយ​មនុស្ស​ចាស់នៅ​កម្ពុជា​ដែលពឹងពាក់​ខ្លាំង​លើ​ការ​ផ្គត់​ផ្គង់ពីកូនៗ។

លោកថ្លែងថា៖ «​ស្រុក​ខ្មែរ​នេះស៊ឹង​ ៧០ភាគរយ​ជាង​ហើយ​ដែល​ មនុស្ស​ចាស់​រស់​ពឹង​ផ្អែក​លើ​សេដ្ឋ​កិច្ច​កូន​។ អ៊ីចឹង​ បើ​កូន​រក​មិន​បាន​ហើយ​ ឪហ្នឹង​ក៏​ពិបាក​នឹង​ហូប​ដែរ​។ ទី២​ គាត់​ចាស់​ គាត់​ឈឺ​ច្រើន​ ជំងឺ​ចាប់​ផ្តើម​រួម​រឹត​ហើយ​។ ទី៣ ផ្លូវ​ចិត្ត​គាត់​ឯកោ​។ អ៊ីចឹង​ទេ​ យើង​ត្រូវ​គិត​ថា ហើយ​ប្រទេស​ខ្ញុំ​មើល​ទៅ​ឯកសារ​ស្រាវ​ជ្រាវ​ ខ្ញុំ​ឃើញ​ចាស់​ៗ​ គាត់​ធ្វើ​វេទិកា​ កាល​ពី​ឆ្នាំ​២០១៩​ ២០២០​ គាត់​ជុំ​គ្នា​ គាត់​បង្ហាញ​ថា​ នៅ​តែកម្ពុជា​ ហើយ​និង​ឡាវ​ទេ​ ដែល​មិន​ទាន់​បាន​គិត​គូរ​អំពី​បញ្ហា​មនុស្ស​ចាស់​ហ្នឹង​ឱ្យបាន​ដិត​ដល់​»។

​និស្សិត​ឆ្នាំទី​៤ ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​ លោក​ សែម​ ជា​ដារ៉ាវិបុល​ អាយុ​ ២២​ឆ្នាំ ​ថា ​គណបក្ស​ត្រូវមាន​សកម្មភាព​ជាក់​ស្តែង​ ដើម្បី​អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន​។

លោកថ្លែងថា៖ «សម្រាប់​ខ្ញុំ​ពិបាក​បន្តិច​ ទី១​គឺ​យើង​គ្រាន់​តែ​ឃើញ​គោល​នយោបាយ​ ហើយ​នឹង​ទី២​ គឺយើង​ត្រូវ​ការ​រង់​ចាំ​ មើល​ទាល់​តែ​ការ​អនុវត្ត​ពួកគាត់​ហ្នឹង​មានប្រសិទ្ធ​ភាព​បែប​ណា»។ ​

ជុំវិញ​ការ​បោះឆ្នោត​ជាតិ​នៅថ្ងៃទី​២៣ ខែកក្កដា​ អ្នកតាមដាន​នយោបាយ​មួយចំនួន​សង្កេត​ឃើញថា​ ដោយសារតែ​គណបក្ស​ចំនួន​១៧ មាន​ថវិកា​និង​សំឡេងគាំទ្រ​តិចតួច គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ទំនង​ជា​នឹង​ទទួល​បាន​អាសនៈ​ទាំង​អស់ ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី។ អង្គការ​អន្តរជាតិ​ជា​ច្រើន​ចាត់​ទុកថា​ការ​បោះឆ្នោត​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​សំឡេង និង​ឆន្ទៈ​ពិតប្រាកដរបស់​ពលរដ្ឋ​៕

XS
SM
MD
LG