ភ្នំពេញ — ទំព័រថ្មីមួយទៀតនៃនយោបាយកម្ពុជាត្រូវបានកត់ត្រាទុក កាលពីថ្ងៃទី ១ ខែកក្កដាកន្លងទៅ គ្រាដែលលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងជាមេបញ្ជាការកងទ័ពជើងគោក បានទទួលទង់របស់គណបក្សប្រជាជនកម្ពុជាពីឪពុករបស់លោក ហើយបានបង្ហាញមុខនិងបញ្ចេញកម្លាំងឃោសនារកសំឡេងគាំទ្រជូនគណបក្សកាន់អំណាចចាស់វស្សាមួយនេះជាលើកដំបូង។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ជយោ! គណបក្សប្រជាជនកម្ពុជា.......អរគុណណាស់ព្រឹកមិញបានចេញដំណើរធ្វើការហែក្បួនបក្សទេវតារបស់យើង។ យើងបានស្តាប់នូវគោលនយោបាយដែលមេបក្សទេវតាយើង ដែលសម្តេចតេជោបានចេញហើយ គឺគោលនយោបាយទាំងអស់សម្រាប់បក្សទេវតាគឺដើម្បីប្រជាពលរដ្ឋនិងបម្រើខ្លួនយើងទាំងអស់គ្នា។ […] នៅសល់ ២១ ថ្ងៃទៀតដើម្បីជួយជំរុញទេវតាឱ្យឈ្នះភ្លូកទឹក ភ្លូកដីនៅរាជធានីភ្នំពេញតែម្តង ១២ អាសនៈយើងយកប៉ុន្មាន? យកទាំង ១២តែម្តង»។
លោក ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងទឹកមុខពោរពេញដោយសុទិដ្ឋិនិយម ដោយទទួលបានការស្វាគមន៍ពីក្រុមអ្នកគាំទ្រនិងសកម្មជនបក្សរាប់ពាន់នាក់ដែលបានចូលរួមហែក្បួនឃោសនារបស់បក្ស នៅក្នុងថ្ងៃដំបូងនៃការធ្វើយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ ដែលគ្មានវត្តមានគណបក្សភ្លើងទៀន ដែលជាគណបក្សនយោបាយប្រជែងដ៏ចម្បងមួយ។
សម្រាប់ក្រុមអ្នកគាំទ្រនិងសកម្មជននយោបាយបក្ស ការបង្ហាញមុខមាត់របស់លោក ហ៊ុន ម៉ាណែត គឺជាលទ្ធផលនៃការកែទម្រង់របស់រចនាសម្ព័ន្ធបក្ស និងជាក្តីសង្ឃឹមនៃការអភិវឌ្ឍប្រទេសបន្តទៅមុខទៀតរបស់គណបក្សកាន់អំណាច។ ក៏ប៉ុន្តែក្រោមបរិបទនៃការបោះឆ្នោតជាតិមួយដែលគ្មានគណបក្សនយោបាយប្រជែងចម្បងនោះ សម្រាប់ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតមួយចំនួនទៀត វត្តមានរបស់លោក ហ៊ុន ម៉ាណែត ក្នុងឆាកនយោបាយជាលើកដំបូងនេះ មិននាំមកនូវក្តីសង្ឃឹមអ្វីថ្មីនៅក្នុងឆាកនយោបាយកម្ពុជាដែលកំពុងរំកិលទៅរករបបអត្តាធិបតេយ្យកាន់តែខ្លាំងឡើង ខណៈលទ្ធផលនៃការបោះឆ្នោតជាតិអាណត្តិទី ៧ នេះ ក៏ត្រូវបានសន្មត់មុនរួចទៅហើយនោះ។
លោក ស៊ុន សំណាង សកម្មជននិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់គីមហេនៃប្រទេសកូរ៉េខាងត្បូង បានប្រាប់វីអូអេថា ការបង្ហាញមុខមាត់របស់លោក ហ៊ុន ម៉ាណែត ក្នុងយុទ្ធនាការឃោសនាលើកដំបូងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវលទ្ធផលនៃ «កំណែទម្រង់របស់គណបក្សប្រជាជនកម្ពុជា» ដែលបានដាក់បញ្ចូលសមាសភាពនៃក្រុមអ្នកដឹកនាំវ័យក្មេងដែលមានចំណេះដឹង។ សមាជិកបក្សវ័យ ៣៣ ឆ្នាំរូបនេះ រំពឹងថា រចនាសម្ព័ន្ធបែបនេះនឹងពង្រឹងឥទ្ធិពលនៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។
លោក ស៊ុន សំណាង ថ្លែងថា៖ «សង្ឃឹមថា ថ្ងៃអនាគតទៅ ឯកឧត្តម ហ៊ុន ម៉ាណែតនឹងដឹកនាំគណបក្សប្រជាជនកម្ពុជាបានល្អ ហើយក៏ដូចជាដឹកនាំសង្គមជាតិបានល្អ ពីព្រោះតែយើងមានខួរក្បាលថ្មី យើងមានអ្នកថ្មី ទាំងអ្នកដឹកនាំថ្មី ទីពីរគឺយើងកំពុងមានការកែទម្រង់ច្រើនទៅលើយុវជនសម័យថ្មី ដើម្បីចូលបម្រើការងារប្រទេសជាតិយើង»។
សម្រាប់ពលរដ្ឋដែលជាអ្នកគាំទ្រវ័យចំណាស់ ដូចជាលោក អ៊ុង ភី អាយុ ៦៦ ឆ្នាំ និងលោក អ៊ុក ពណ្ណារម្យ អាយុ ៦៣ ឆ្នាំ ដែលធ្លាប់តែឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតដោយមិនមានអ្នកបន្តវេនច្បាស់ការណ៍នោះ ការចេញប្រឡូកធ្វើយុទ្ធនាការឃោសនារបស់លោក ហ៊ុន ម៉ាណែត បានផ្តល់នូវក្តីសង្ឃឹមដល់ពួកគេថា ការអភិវឌ្ឍប្រទេសអាចនឹងប្រសើរឡើងមួយកម្រិតទៀត ក្រោមសមាសភាពរបស់ឈាមថ្មីដែលមាន «ការចេះដឹងខ្ពស់»។
លោក អ៊ុង ភី ថ្លែងថា៖ «គាត់មានឱពុកគាត់ជាជំហរនៅពីក្រោយ គាត់ក្មេង ហើយ គាត់រៀនបានជ្រៅជ្រះ។ សព្វថ្ងៃគាត់មេទ័ពផង ហើយគាត់ជាប់តំណែង តាមគំនិតខ្ញុំកាន់តែរីកចម្រើនទៀតហើយទៅមុខទៀត»។
រីឯលោក អ៊ុក ពណ្ណារម្យ ថ្លែងថា៖ «គាត់មានតម្រិះ គាត់មានការចេះដឹងខ្ពស់។ គាត់មានសញ្ញាបត្រចេញមកពីសហរដ្ឋអាមេរិក។ ម៉្លេះហើយនិយាយ គេឆាប់យល់ណាស់។ ហើយណាមួយគាត់ចុះផ្ទាល់នឹងការងារហ្នឹង ហើយគាត់កំពុងតែរៀនសូត្របែបបទពីការងារហ្នឹងពីឱពុកគាត់។ ឱពុកនៅពីក្រោយខ្នង អប់រំបន្ថែមពីលើហ្នឹងទៀតគឺអស្ចារ្យហ្មង។ លើកលែងតែអ្នកជុំវិញខ្លួន គេប៉ែងជើង មិនដឹងទេ។ តែឯកឧត្តម ហ៊ុនម៉ាណែត គាត់ស័ក្កសមជានាយករដ្ឋមន្ត្រី»។
ដោយឡែក លោក ថន ចន្ថា ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ រស់នៅក្នុងទីក្រុងភ្នំពេញ បានឱ្យដឹងថា ទោះបីជាការហែក្បួនឃោសនារបស់បក្សកាន់អំណាចមានភាពអធិកអធមដោយមានបង្ហាញមុខរបស់មេដឹកនាំបន្តវេនក្តី ក៏យុទ្ធនាការឃោសនាបោះឆ្នោតដែលអវត្តមានគណបក្សជំទាស់ លែងជាពេលវេលាសម្រាប់រូបលោក ក្នុងការតាមដាននយោបាយកម្ពុជាទៀតនោះទេ។
លោកថ្លែងថា៖ «នៅពេលដែលអត់មានគូប្រកួតប្រជែងមួយដែលមានសក្តានុពល មានគីឡូប៉ុនគ្នា យុទ្ធនាការឃោសនានេះវាធ្វើឱ្យអត់មានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ឬធ្វើឱ្យប្រជាពលរដ្ឋហ្នឹងមានចិត្តរំជើបរំជួល ថាចង់ផ្ទៀងផ្ទាត់ ចង់តាមដានមើលលទ្ធផលបោះឆ្នោតនាពេលខាងមុខនេះ ពីព្រោះមានតែគីឡូគាត់មួយដែលមានគីឡូធំ»។
បុរសវ័យ ៣៧ ឆ្នាំរូបនេះ ក៏បានកត់សម្គាល់ថា ការធ្វើយុទ្ធនាការរបស់លោក ហ៊ុន ម៉ាណែត ហាក់មិនបង្ហាញពីការប្តេជ្ញាចិត្តខ្លាំងក្លាលើការអភិវឌ្ឍជាដុំកំភួនអ្វីនោះឡើយ។
លោក ថន ចន្ថា ថ្លែងថា៖ «យើងមើលទៅដូចជាគ្មានអីគួរឱ្យចាប់អារម្មណ៍ផង។ អ្វីដែលគាត់លើកឡើង គឺគាត់លើកឡើងពីសមទ្ធិផលបក្សរបស់គាត់ ពីយុទ្ធសាស្រ្តផែនការដែលគាត់ថានឹងធ្វើអ្វី ដើម្បីឱ្យជាតិរបស់យើងអភិវឌ្ឍខ្លាំងក្លាជាងហ្នឹង។ យើងអត់ទាន់មានឃើញគាត់មានការតាំងចិត្ត ឬក៏ប្តេជ្ញាអីឱ្យវាមុតមាំជាងហ្នឹងទេ»។
បន្ថែមលើនេះ លទ្ធផលនៃការបោះឆ្នោតជាតិអាណត្តិនេះក៏នឹងមិនមានការភ្ញាក់ផ្អើលអ្វីដែរ ស្របពេលដែលមតិសាធារណៈបានសន្មតថា ជ័យជម្នះភ្លូកទឹកភ្លូកដីនឹងបានទៅលើគណបក្សកាន់អំណាច ដែលនឹងមានលោក ហ៊ុន ម៉ាណែត ជាប់ជាតំណាងរាស្ត្រម្នាក់ប្រចាំមណ្ឌលរាជធានីភ្នំពេញនោះ។ នេះបើតាមការយល់ឃើញរបស់យុវតី ស៊ៀវ ម៉ី អាជីវករវ័យ ៣០ ឆ្នាំម្នាក់ នៅរាជធានីភ្នំពេញ។
កញ្ញាថ្លែងថា៖ «ខ្ញុំអត់ចាប់អារម្មណ៍ ពីព្រោះដោយសារអី វាអត់មានដៃគូប្រកួតប្រជែងចូលរួមជាមួយ មើលធ្វើអី។ បើឧទាហរណ៍ថា មានគណបក្សប្រឆាំងចូលរួមនៅពេលនេះ ខ្ញុំតាមដានមើល តាមដានមើលម៉េច អូ! ខាងគណបក្សប្រជាជនក្បួនដង្ហែគេម៉េច មនុស្សប៉ុណ្ណា ខាងគណបក្សប្រឆាំង ខ្ញុំក៏មើលដូចគ្នា អូ! ក្បួនដង្ហែគេម៉េច យីល្អមើលតើសនែក កៀកកិតៗគ្នា ចាំមើលលទ្ធផលបោះឆ្នោតមើល។ ខ្ញុំជឿថា បងប្អូនប្រជាពលរដ្ឋមួយចំនួនក៏គាត់គិតដូចខ្ញុំដែរ គាត់នឹងតាមដាន»។
ការធ្វើសកម្មភាពនយោបាយជាផ្លូវការលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត ក្នុងនាមលោកជាបេក្ខជនតំណាងរាស្ត្រឈរក្នុងលេខរៀងទី ១ របស់គណបក្សប្រជាជនកម្ពុជាសម្រាប់មណ្ឌលរាជធានីភ្នំពេញ បានធ្វើឡើងស្របពេលដែលទីលាននៃការប្រជែងរកសំឡេងគាំទ្រគ្មានវត្តមានរបស់គណបក្សភ្លើងទៀន ដែលត្រូវបានបដិសេធក្នុងការចុះឈ្មោះចូលរួមការបោះឆ្នោតជាតិ ខណៈលម្ហសេរីភាពរបស់សង្គមស៊ីវិល សហជីព និងសារព័ត៌មានឯករាជ្យ ត្រូវបានរឹតត្បិតកាន់តែខ្លាំងឡើង។
អ្នកនាំពាក្យរបស់គណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ បានប្រាប់វីអូអេថា ការចេញឃោសនារកសំឡេងឆ្នោតជាលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត ជាសិទ្ធិសេរីភាពរបស់លោក ក្នុងការឃោសនាជូនគណបក្សនយោបាយរបស់លោក។ ក៏ប៉ុន្តែអ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា បើទោះបីជាមេដឹកនាំបន្តវេនវ័យ ៤៦ រូបនេះ មានចំណេះដឹងខ្ពង់ខ្ពស់ក្តី ហើយមុខមាត់របស់លោកកំពុងបន្តលេចធ្លោកាន់តែខ្លាំងឡើយក្តី ក៏សមត្ថភាពពិតប្រាកដរបស់លោក ហ៊ុន ម៉ាណែត ក្នុងការចូលរួមកសាងសង្គមជាតិក្នុងនាមជាមេដឹកនាំបន្តវេន នឹងត្រូវបន្តរង់ចាំមើលបន្ថែមទៀត គ្រាដែលលោកនឹងក្លាយជាតំណាងរាស្ត្រម្នាក់ប្រចាំមណ្ឌលរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «អ៊ីចឹងវាពិបាកនឹងរំពឹងថា ទៅថ្ងៃអនាគត វាមានការប្រែប្រួលប្លែកពីអាណតិ្តមុនប៉ុន្មានណាស់ ពីព្រោះអីយើងគិតហើយថា នៅក្នុងស្ថាប័ននីតិបញ្ញត្តិប្រហែលជាគ្មានគណបក្សប្រឆាំងដ៏រឹងមាំ ដើម្បីជួយកិច្ចនិងតម្រែតម្រង់ទិសនៅក្នុងការដឹកនាំប្រទេសយើង ដើម្បីជៀសឱ្យផុតពីបញ្ហាអសកម្មក្នុងសង្គមខ្លះ ដែលធ្លាប់កើតមាននាពេលកន្លងទៅ»។
ជុំវិញការដកពិសោធន៍ចេញឃោសនាលើកដំបូងជាបេក្ខជនតំណាងរាស្ត្រម្នាក់របស់លោក ហ៊ុន ម៉ាណែត វីអូអេបានព្យាយាមទាក់ទងលោកតាមទូរសព្ទនិងតាមបណ្តាញតេឡេក្រាម ក៏ប៉ុន្តែមិនមានការឆ្លើយតប។ ទោះជាយ៉ាងណាក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់វីអូអេថា លោក ហ៊ុន ម៉ាណែត ពិតជាស័ក្កសមក្នុងការដឹកនាំដង្ហែក្បួនឃោសនាលើកនេះ ពីព្រោះលោកមានបេក្ខភាពនាយករដ្ឋមន្ត្រី។
លោកថ្លែងថា៖ «ប្រជាប្រិយភាពរបស់បេក្ខជននាយករដ្ឋមន្ត្រី វាផ្សារភ្ជាប់ទៅនឹងប្រជាប្រិយភាពនៃកម្មវិធីនយោបាយរបស់គណបក្ស។ ចឹងទេ ខ្ញុំយល់ថា ទោះបីជាឯកឧត្តម ហ៊ុន ម៉ាណែត ជាឥស្សរៈជនថ្មីថ្មោង ជាឈាមថ្មីសម្រាប់បន្តវេន អ្នកឈាមចាស់ក៏ដោយ ក៏ត្រូវបានប្រជាពលរដ្ឋទទួលស្គាល់នូវគុណសម្បតិ្តរបស់គាត់តាំងពីកើតមក រហូតមកដល់ពេលនេះ គាត់មានគ្រប់លក្ខណៈសម្បត្តិជាមន្ត្រីដែលមានសីលធម៌ល្អ ចរិយាសម្បត្តិល្អ»។
បើទោះបីជាគណបក្សប្រជាជនកម្ពុជាបានបង្ហាញកម្លាំងឃោសនាដ៏អធិកអធមរបស់ខ្លួនក្តី ក៏យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នេះ ត្រូវបានគេមើលឃើញថា មានបរិយាកាសមិនសូវគគ្រឹកគគ្រេង ដូចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ ឡើយ ទោះជាលោក ហ៊ុន ម៉ាណែត បានចេញឃោសនាលើកដំបូងយ៉ាងណាក៏ដោយ។ នេះបើតាមការសម្គាល់ឃើញរបស់លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋជាទូទៅនៅតែគិតថា សម្តេចនាយក ជានាយករដ្ឋមន្ត្រី ជាប្រធានបក្ស។ ដូច្នេះអារម្មណ៍របស់គេដែលអត់ខ្វល់ខ្វាយហ្នឹង មិនមែនអត់ខ្វល់ខ្វាយរឿងលោក ហ៊ុន ម៉ាណែត ទេ។ គេអត់ខ្វល់ខ្វាយនឹងរឿងការឃោសនាបោះឆ្នោតមួយ ដែលវាអត់ស្អីដែលធ្វើឱ្យរំជួលចិត្ត ពីព្រោះវាមានតែគណបក្សធំគគ្រិងគគ្រាំងតែមួយចឹង។ ម្លោះហើយភាពរំជួលចិត្តនៅក្នុងសម័យកាលឃោសនាបោះឆ្នោតដូចពីអតីតកាលអី វាអស់មានហើយ។ វាអត់មានទេ អានេះវាជាអារម្មណ៍របស់ប្រជាពលរដ្ឋដែលខ្ញុំជួបប្រទះនិយាយ និស្សិតអីហ្នឹង វាទៅជាអ៊ីចឹង»។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ លើកឡើងថា ការបង្ហាញខ្លួនជាសាធារណៈក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជាលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត បានបង្ហាញពីសមត្ថភាពថ្មីរបស់ថ្នាក់ដឹកនាំជំនាន់ក្រោយនៃគណបក្សកាន់អំណាច ហើយវាក៏ជាឱកាសមួយដល់មេដឹកនាំបន្តវេនរូបនេះដកស្រង់ពិសោធន៍ក្នុងការទាក់ទាញម្ចាស់ឆ្នោតផងដែរ។
លោកថ្លែងថា៖ «នេះគឺជាដែលហៅថារបត់មួយ ដែលពីមុនយើងឃើញសកម្មជននយោបាយគណបក្សកាន់អំណាចសុទ្ធសឹងជាអ្នកនយោបាយមានបទពិសោធន៍ច្រើននៅក្នុងការដឹកនាំប្រទេស។ ដូច្នេះឯកឧត្តម ហ៊ុន ម៉ាណែត គាត់មានបទពិសោធន៍នៅក្នុងការងារយោធា ដូច្នេះនៅក្នុងការងារស៊ីវិលនេះ គឺជាកិច្ចការដំបូង និងជារបត់មួយដែលទាក់ទាញអ្នកមើល ឬអ្នកបោះឆ្នោត ម្ចាស់ឆ្នោតឱ្យពិនិត្យមើលអំពីសមត្ថភាព និងការដឹកនាំរបស់អ្នកនយោបាយជំនាន់ថ្មី»។
ក៏ប៉ុន្តែ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះបានសង្កត់ធ្ងន់ថា ទំនោរនៃភាពជាអ្នកដឹកនាំរបស់ក្រុមអ្នកដឹកនាំជំនាន់ថ្មី ដូចជាលោក ហ៊ុន ម៉ាណែត នឹងមិនមានភាពខុសប្លែកគ្នាប៉ុន្មានទេពីក្រុមអ្នកនយោបាយជំនាន់មុនរបស់គណបក្សកាន់អំណាចចាស់វស្សានេះ។ ដូច្នេះលោកថា ក្តីរំពឹងចង់បានការផ្លាស់ប្តូរថ្មីរបស់ម្ចាស់ឆ្នោតពីការបោះឆ្នោតជាតិអាណត្តិទី ៧ នេះ នឹងត្រូវរង់ចាំមើលជាបន្តទៀត។
លោកថ្លែងថា៖ «អ៊ីចឹងយើងរង់ចាំមើលជាក់ស្តែង ពីព្រោះបច្ចុប្បន្ននេះបានន័យថាម្ចាស់ឆ្នោតមិនមានជម្រើស ឬក៏មានលទ្ធភាពអីរើសបានក្រៅពីរង់ចាំមើលពេលវេលាទេ ពីព្រោះការកាន់អំណាចរបស់គណបក្សកាន់អំណាចនៅតែបន្តទៅមុខ ហើយសមាសភាពគណបក្សកាន់អំណាចនេះ វាមានបញ្ចូលនូវឈាមថ្មី ដៃជើងថ្មីហ្នឹង មានភាពសកម្ម និងផ្តល់ប្រយោជន៍ដល់ពលរដ្ឋបានក្របខណ្ឌ ឬក៏កម្រិតណាមួយ»។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បានកត់សម្គាល់ថា វាហាក់ដូចជាការខាតបង់ឱកាសដ៏ល្អមួយក្នុងការប្រឡូកនយោបាយបែបប្រជាធិបតេយ្យពិតប្រាកដ សម្រាប់ក្រុមអ្នកដឹកនាំបន្តវេនរបស់គណបក្សកាន់អំណាច ដូចជាលោក ហ៊ុន ម៉ាណែត នៅពេលចេញធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយគ្មានគណបក្សនយោបាយប្រឆាំងណាមួយប្រជែងជាមួយឱ្យពិតប្រាកដ ខណៈលទ្ធផលនៃការបោះឆ្នោតក៏ត្រូវបានគេសន្មតមុនហើយនោះ។
លោកថ្លែងថា៖ «បើនិយាយអំពីការឈ្នះវិញនោះ វាលើសពីភ្ូកទឹកភ្លូកដីទៀតណោះបាទ។ គេអាចទស្សន៍ទាយបានតាំងពីឥឡូវ ព្រោះមិនមានគូប្រជែងទៅហើយ បើយើងមើលការហែក្បួនហែអីក៏នៅគ្រប់ទីកន្លែង គឺឃើញតែគណបក្សកាន់អំណាចមួយដែលគាត់មានលទ្ធភាព ហើយគាត់ហែតែម្នាក់ឯង ក្រៅពីនោះមិនឃើញមានគណបក្សណាផ្សេងទេបាទ»។
ក៏ប៉ុន្តែបញ្ហាប្រឈមដ៏ចម្បងរបស់ក្រុមអ្នកដឹកនាំបន្តវេន ដូចជាលោក ហ៊ុន ម៉ាណែត នោះគឺថា តើរដ្ឋាភិបាលដែលខ្លួននឹងដឹកនាំនាពេលអនាគតនោះ នឹងត្រូវបានបណ្តាប្រទេសជាដៃគូនិងប្រទេសឯទៀតក្នុងពិភពលោកទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាលនោះដល់កម្រិតណា។
លោក មាស នី ថ្លែងថា៖ «បញ្ហានោះនៅត្រង់ភាពស្របច្បាប់របស់រដ្ឋាភិបាលដែលកើតក្រោយឆ្នាំ ២០២៣ នឹងត្រូវបានទទួលស្គាល់ពីមជ្ឈដ្ឋាននានានៅក្នុងកម្រិតប៉ុណ្ណានោះ អាហ្នឹងជារឿងមួយដែលយើងត្រូវតាមមើលតទៅទៀត»៕