បាតុករខ្លះដែលបានស្រែកអបអរការធ្លាក់ចេញពីអំណាចរបស់ប្រធានាធិបតី Omar al-Bashir នៅក្នុងប្រទេសស៊ូដង់ កំពុងថ្កោលទោសការបង្កើតក្រុមប្រឹក្សាយោធាដើម្បីជំនួសប្រធានាធិបតី al-Bashir។
សមាគមអាជីពស៊ូដង់ ដែលជាអ្នករៀបចំការតវ៉ាដ៏សំខាន់នៅពេលថ្មីៗនេះប្រឆាំងនឹងលោក al-Bashir បាននិយាយថា ខ្លួនច្រានចោលសេចក្តីប្រកាសថា ក្រុមប្រឹក្សាអន្តរកាលដែលដឹកនាំដោយយោធា នឹងគ្រប់គ្រងប្រទេសស៊ូដង់រយៈពេល ២ឆ្នាំបន្ទាប់នោះ។
សមាគមអាជីពស៊ូដង់ បានអំពាវនាវឲ្យមានរដ្ឋាភិបាលស៊ីវិលអន្តរកាលមួយហើយនឹងឲ្យពលរដ្ឋបន្តអង្គុយធ្វើកូដកម្មនៅឯបន្ទាយយោធាក្នុងរដ្ឋធានី Khartoum ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍។
បាតុករ២នាក់នៅក្នុងរដ្ឋធានី Khartoum ក៏បានច្រានចោលដល់ការកាន់កាប់អំណាចរបស់ពួកយោធាដែរ។
លោក Mohamed Ali បានប្រាប់ VOA ថា៖ «ការប្រកាសរបស់ពួកយោធា ជាការអាក់អន់ចិត្ត។ ពីព្រោះតែការប្រកាសនេះ មិនបានធ្វើទៅតាមបេសកម្មទាំងអស់របស់បដិវត្តន៍។ ខ្ញុំសុំឲ្យពួកបាតុករអង្គុយធ្វើកូដកម្មនៅខាងមុខបន្ទាយយោធារហូតទាល់តែបដិវត្តន៍របស់ស៊ូដង់បានសម្រេចជោគជ័យ»។
លោកស្រី Suha Ahmed បាននិយាយថា ពួកបាតុករ នឹងមិនសុខចិត្តទទួលយកការដឹកនាំរបស់យោធា២ឆ្នាំបន្ថែមទៀតទេ។ លោកស្រី និយាយទៀតថា៖ «បន្ទាប់ពីការដឹកនាំអស់រយៈពេល៣០ឆ្នាំ យើងនឹងនៅតែអង្គុយធ្វើកូដកម្មរហូតទាល់តែការទាមទាររបស់យើង បានត្រូវឆ្លើយតបដោយរដ្ឋាភិបាលអន្តរកាលស៊ីវិល ដើម្បីស៊ូដង់សេរី ប្រជាធិបតេយ្យនិងស្ថិរភាព»៕