ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​បាតុករ​ស៊ូដង់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​ទី​ស្នាក់ការ​យោធា​ក្នុង​រដ្ឋធានី​ខាទុំ


បាតុករ​ស៊ូដង់​ធ្វើបាតុកម្ម​ ដោយ​ស្រែក​ពាក្យ​ស្លោក​ក្នុង​ពេល​តវ៉ាទាមទារ​ឲ្យ​ប្រធានាធិបតី​ស៊ុដង់ Omar al-Bashir ចុះ​ចេញ​ពី​តំណែង នៅ​រដ្ឋធានី​ខាទុំ កាល​ពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃ​សៅរ៍​ ប្រជាពល​រដ្ឋ​ស៊ូដង់​រាប់​ពាន់​នាក់​បាន​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​ក្នុង​រដ្ឋធានីខាទុំ ឆ្ពោះ​ទៅ​ទី​ស្នាក់ការ​យោធា​ជា​លើក​ទី​មួយ​ ចាប់​តាំង​ពី​មាន​បាតុកម្ម​ប្រឆំាំង​រដ្ឋាភិបាល​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​បាន​ផ្ទុះ​ឡើង ​កាល​ពី​៤​ខែ​កន្លង​ទៅ។

ក្បួន​បាតុកម្ម​បាន​ចាប់​ផ្តើម​ដោយ​មាន​ហ្វូងបាតុករ​ប្រមូល​ផ្តុំគ្នា​នៅ​តាម​ផ្លូវនានា​នៅ​ក្នុង​រដ្ឋធានី​ប្រទេសស៊ូដង់។ ​ពួក​អ្នក​រៀបចំ​បាតុកម្ម​បាន​ប្រកាស​ឲ្យ​ពួកបាតុករ​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីស្នាក់ការ​យោធា ​ដែល​មាន​ទីតាំង​នៅ​ជិត​គេហដ្ឋាន​របស់​ប្រធានាធិបតី​ស៊ូដង់​លោក ​Omar al-Bashir។

សាក្សី​បាន​ប្រាប់​សារព័ត៌មាន​បារាំង ​AFP​ ថា​ ពួកបាតុករ​ក៏​បាន​ប្រមូល​ផ្តុំគ្នា​នៅ​អាគារ​របស់​កងទ័ព​នៅ​កណ្តាល​ទីក្រុង​ Madani​ ផងដែរ។

បាតុកម្ម​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​១៩ ​ខែធ្នូ​ មក​ម៉្លេះ ដោយ​បាតុករ​ជាច្រើន​បាន​ស្តី​បន្ទោស​រដ្ឋាភិបាល​របស់​លោក ​Bashir​ ថា​គ្រប់​គ្រង​សេដ្ឋកិច្ច​ប្រទេស​មិន​បាន​ល្អ​ ដែល​បណ្តាល​ឲ្យ​ម្ហូប​អាហារ​ និង​ប្រេង​ឡើង​ថ្លៃ ​និង​កង្វះ​ខាត​រូបិយប័ណ្ណ​បរទេស។

លោក Bashir​ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ ដើម្បី​បង្ក្រាប​ទៅ​លើ​ក្បួន​បាតុកម្ម​ បន្ទាប់​ពី​ទទួល​បរាជ័យ​ក្នុង​ការ​បង្រ្កាប​ពួក​បាតុករ​កាល​ពី​ពេល​មុន។ រដ្ឋាភិបាល​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ថា​ មនុស្ស ​៣១​នាក់​ត្រូវ​បាន​សម្លាប់​ ប៉ុន្តែ​ក្រុមគ្រូ​ពេទ្យ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ប៉ាន់​ស្មាន​ថា​ យ៉ាង​ហោច​ណាស់មនុស្ស​ស្លាប់​មាន​ដល់​ទៅ​ ៦០​នាក់។

រដ្ឋាភិបាល​នៅ​បន្ត​ចាត់​វិធានការ​តឹង​រ៉ឹង​ និង​បាន​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​ដែល​ក្នុង​នោះ​មាន​ទាំង​ក្រុម​បាតុករ ​មេដឹកនាំ​ក្រុម​ប្រឆាំង​ និង​ក្រុម​អ្នកសារព័ត៌មាន​ផង​ដែរ៕

XS
SM
MD
LG