ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ស៊ូដង់​និង​បាតុករ​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី Bashir ចុះ​ចេញ​ពី​តំណែង


ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង Khartoum ប្រទេស​ស៊ូដង់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។

ប៉ូលិស​ស៊ូដង់​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដាក់​បាតុករ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​តវ៉ា​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី Omar al-Bashir ដែល​កាន់​តំណែង​ជា​យូរ​មក​ហើយ​នោះ ចុះ​ចេញ​ពី​តំណែង។

សាក្សី​និយាយ​ថា ប៉ូលិស​បាន​ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​នឹង​បាតុករ ខណៈ​ដែល​ពួកគេ​បាន​ព្យាយាម​ដើរ​ដង្ហែ​ជា​ក្បួន​តវ៉ា​ទៅ​កាន់​រដ្ឋសភា​ក្នុង​ទីក្រុង Omduran។ ក៏​មាន​ការ​រាយការណ៍​ថា មាន​ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ក្នុង​សង្កាត់​មួយ​ចំនួន​ក្នុង​ទីក្រុង Khartoum ផង​ដែរ ដែល​បាតុករ​បាន​នាំ​គ្នា​ស្រែក​ថា «សេរីភាព សន្តិភាព និង​យុត្តិធម៌‍‍» និង​ស្រែក​ថា «ផ្តួលរំលំ! ផ្តួលរំលំ‍‍!‍»។

ការ​តវ៉ា​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ជាង​មួយ​ខែ​មុន​នេះ ក្រោយ​ពី​រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​មួយ​ឲ្យ​ដំឡើង​ថ្លៃ​នំប៉័ង បាន​ធ្វើឲ្យ​ប្រជាជន​នៅ​ទូទាំង​ប្រទេស​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រឆាំង​នឹង​ការ​កាន់​អំណាច​អស់​រយៈពេល​៣​ទសវត្សរ៍​របស់​លោក​ប្រធានាធិបតី Bashir។

សមាគម​អ្នក​មាន​វិជ្ជាជីវៈ​ស៊ូដង់ ដែល​ហៅ​កាត់​ថា (SPA) គឺ​ជា​អ្នក​រៀបចំ​ការ​ធ្វើ​បាតុកម្ម​នេះ។ សមាគម​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ «សរសេរ​ញត្តិ​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី Bashir ចុះ​ចេញ​ពី​តំណែង‍»។ ​

យោង​តាម​ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​២៦​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​តវ៉ា​នេះ ចាប់​តាំង​ពី​ខែ​មុន​មក ប៉ុន្តែ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Amnesty International បាន​ឲ្យ​ដឹង​ថា តួលេខ​អ្នក​ស្លាប់​គឺ​មាន​ដល់​ទៅ​ជាង​៤០​នាក់​ឯណោះ។

លោក Bashir ដែល​បាន​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​កាល​ពី​ឆ្នាំ​១៩៨៩នោះ​ អះអាង​ថា ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ មិន​មែន​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​នោះ​ទេ៕

XS
SM
MD
LG