ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលបន្តបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ រហូតដល់ថ្ងៃទី៥ ខែឧសភា


រូបឯកសារ៖ អាជ្ញាធរ​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​កាន់​តែ​ខ្លាំង បន្ទាប់​ពី​អនុវត្ត​បំរាម​គោចរ​អស់រយៈពេល​មួយ​សប្តាហ៍ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ រាជធានី​ភ្នំពេញ​មាន​សភាព​ស្ងប់ស្ងាត់ ក្នុង​អំឡុងពេល​បិទខ្ទប់នេះ។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ អាជ្ញាធរ​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​កាន់​តែ​ខ្លាំង បន្ទាប់​ពី​អនុវត្ត​បំរាម​គោចរ​អស់រយៈពេល​មួយ​សប្តាហ៍ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ រាជធានី​ភ្នំពេញ​មាន​សភាព​ស្ងប់ស្ងាត់ ក្នុង​អំឡុងពេល​បិទខ្ទប់នេះ។ (ហ៊ាន សុជាតា/វីអូអេ)

រដ្ឋាភិបាលកម្ពុជា​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ប្រកាស​បន្ត​បិទខ្ទប់​រាជធានី​ភ្នំពេញ និងក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល មួយ​សប្តាហ៍​ទៀត រហូត​ដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២១ ខណៈ​ជំងឺកូវីដ​១៩ មិនទាន់​ថមថយ​នៅឡើយ​។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២១។

សេចក្តីសម្រេច​ចុះហត្ថលេខាដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ បញ្ជាក់​ថា «បន្ត​ការ​បិទខ្ទប់​ភូមិសាស្រ្តរាជធានីភ្នំពេញ ​និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​ ដើម្បីប្រយុទ្ធ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃជំងឺ​កូវីដ១៩ សម្រាប់រយៈ​ពេល​៧ថ្ងៃ​បន្ត​ទៀត រហូត​ដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២១»។

សេចក្តីសម្រេចនោះ​បញ្ជាក់ថា៖ «រយៈពេល​នៃ​ការបិទខ្ទប់​នេះ​អាច​ត្រូវបាន​បន្ថែម​ទៀត អាស្រ័យ​លើ​ការ​ចូលរួម​អនុវត្ត​របស់ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទខ្ទប់​និង​ស្ថានភាព​នៃ​ការវិវត្ត​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូវីដ១៩»។

បើ​តាម​សេចក្តី​សម្រេច​នោះ រដ្ឋាភិបាល​ក៏បាន​កំណត់បែងចែក​តំបន់​បិទ​ខ្ទប់​ ជា ​«តំបន់ក្រហម» ដែលសំដៅលើ​ភូមិសាស្រ្ត​ដែលមាន​ការ​ឆ្លង​រាលដាលកូវីដ១៩​ធ្ងន់​ធ្ងរ «តំបន់​លឿងទុំ» សំដៅ​លើ​តំបន់​មាន​ការរាលដាលកម្រិតមធ្យម ​និង​ «តំបន់​លឿង» សំដៅ​លើ​តំបន់​មាន​ការ​រាលដាលកម្រិត​ស្រាល។ ការ​សម្រេច​ថ្មី​នេះនឹង​ចាប់​អនុវត្ត​ចាប់​ពី​ម៉ោង​សូន្យ​នៅថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២១ តទៅ​ ហើយការ​កំណត់​ថា​តំបន់ណា​មួយ​មាន​ពណ៌​ណា​នោះ ​អាស្រ័យ​លើការ​សម្រេច​របស់​រដ្ឋបាលរាជធានីភ្នំពេញ​និងក្រុងតាខ្មៅ។

គួរបញ្ជាក់​ថា ការបិទខ្ទប់ទីក្រុងភ្នំពេញនិង​ក្រុង​តាខ្មៅ រយៈពេល​២សប្តាហ៍ នឹង​ផុត​សុពលភាព ​នៅថ្ងៃទី​២៨ ខែមេសា។

កម្ពុជា​បន្តរកឃើញ​ករណីឆ្លង​ថ្មី​នៃ​ជំងឺកូវីដ១៩ ជារៀងរាល់​ថ្ងៃ គិតចាប់តាំងពីថ្ងៃ​បិទខ្ទប់ដំបូង​ ដែល​ភាគច្រើន​មាន​ចន្លោះពី៥០០ទៅ៦០០នាក់​ក្នុង​មួយ​ថ្ងៃ។

នៅថ្ងៃច័ន្ទនេះ ក្រសួង​សុខាភិបាលកម្ពុជាឲ្យ​ដឹង​ថា​ មនុស្ស​ប្រមាណ៦០០នាក់​ទៀត​ បាន​ឆ្លង​ជំងឺកូវីដ១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​២០​ កុម្ភៈ កើន​ដល់១ម៉ឺននាក់។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រសួងសុខាភិបាលបាន​ឲ្យ​ដឹង​ថា​មនុស្សជិត​៥៨០នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​ភាគ​ច្រើន​នៅ​រាជធានី​ភ្នំពេញ ​មាន​ចំនួន៣៣៧នាក់ ខេត្តព្រះសីហនុ​៩១នាក់​ ខេត្ត​បន្ទាយមានជ័យ​៩១នាក់ និង​ខេត្ត​កណ្តាល​ចំនួន​៥១នាក់។

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ បាន​កើន​ឡើង​ទៅ​ដល់​៧៩នាក់ ក្នុង​នោះមាន​ករណីស្លាប់​ថ្មី៥នាក់ ដែល​ត្រូវបាន​ប្រកាស។​ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួងសុខាភិបាល​នៅ​ថ្ងៃច័ន្ទនេះ៕

XS
SM
MD
LG