ខណៈការឆ្លងជំងឺកូវីដ១៩នៅភូមិសាស្រ្តរាជធានីភ្នំពេញ មិនទាន់ថមថយនៅឡើយ ក្រុមសិទ្ធិមនុស្សបានលើកឡើងថា អាជ្ញាធរគួរបើកតំបន់ខ្លះនៅភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការរកស៊ីរបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារការបិទខ្ទប់ទីក្រុងជិតពីរសប្តាហ៍មកហើយ។
រដ្ឋាភិបាលបានឲ្យដឹងថាទីក្រុងភ្នំពេញ និងតំបន់ដែលហាមឃាត់ការធ្វើដំណើរចេញចូលកាលពីពេលមុន នៅបន្តទៀត ដែលការបិទខ្ទប់នេះនឹងផុតកំណត់នៅថ្ងៃទី២៨ ខែមេសា។ ការលើកឡើងនេះ ខណៈរដ្ឋាភិបាលបានបញ្ចប់បម្រាមហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ កាលពីថ្ងៃទី២៥ ខែមេសា។ នេះបើយោងតាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ។ តំបន់ទេសចរណ៍ធម្មជាតិនៅទូទាំងប្រទេស ក្នុងនោះគឺតំបន់ប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ក៏ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ បន្ទាប់ពីការបិទខ្ទប់អស់រយៈជិតបីសប្តាហ៍។
អ្នកការពារសិទ្ធិមនុស្សនិងសិទ្ធិកម្មករ បង្ហាញការបារម្ភជាថ្មីទៀត ចំពោះស្ថានភាពរស់នៅរបស់ពលរដ្ឋក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅរបស់ខេត្តកណ្តាល ដែលទំនងនឹងត្រូវបន្តស្ថិតក្នុងការបិទខ្ទប់ដដែល ខណៈកម្រិតឆ្លងជំងឺកូវីដ១៩ បន្តកើនឡើងក្នុងតំបន់ភូមិសាស្ត្រទាំងពីរ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកប្រាប់ VOA នៅថ្ងៃចន្ទនេះថា អាជ្ញាធររាជធានី និងក្រុងតាខ្មៅ គួរផ្តើមពិចារណាបើកឡើងវិញនៃទីតាំងដែលមិនប្រឈមនឹងការឆ្លងខ្លាំងនៃជំងឺកូវីដ១៩ ដើម្បីសម្រួលដល់ការបំពេញការងាររបស់ប្រជាពលរដ្ឋ។
លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា៖ «អីចឹងបើសិនជាតំបន់មួយចំនួននៅក្នុងភ្នំពេញដែលតំបន់ខណ្ឌផ្សេងៗ ដែលមិនមានការរីករាលដាលខ្លាំងដូចខាងខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យអីជាដើម ហើយនិងខណ្ឌផ្សេងទៀតហ្នឹង គួរតែពិចារណាបើកឲ្យពួកគេមានការធ្វើដំណើរ ធ្វើចរាចរណ៍ឡើងវិញ ហើយឲ្យគេគោរពទៅតាមគោលការណ៍ រដ្ឋបាល វិធានការក្រសួងសុខាភិបាលបីកុំ បីការពារអីចឹងទៅ ខ្ញុំគិតថា អាចធូរស្រាលនូវស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់អ្នកភ្នំពេញមួយចំនួន»។
ចំណែកលោក អាត់ ធន់ មេដឹកនាំសហភាពការងារកម្ពុជា មានប្រសាសន៍ថាកម្មករក៏កំពុងជួបការលំបាកខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃ ដូចពលរដ្ឋសាមញ្ញផ្សេងទៀត ព្រោះតែថៅកែរោងចក្រមិនបើកប្រាក់ឈ្នួលពីរសប្តាហ៍នៃការបិទទីតាំងភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅកន្លងមក។
លោក អាត់ ធន់ បញ្ជាក់ថា៖ «គឺយើងកំពុងតែទាក់ទងទៅខាងក្រសួង ថាវារឿងយ៉ាងម៉េចបានជាសមាគមនិយោជកថា មិនមានការផ្តល់នៅក្នុងអំឡុងពេលដែលព្យួរកិច្ចសន្យាទេ តែស្នើឲ្យតំណាងនិយោជកហ្នឹងផ្តល់លុយជាមនុស្សធម៌វិញ អីចឹងខ្ញុំគិតថា វា[កាន់តែ]ធ្វើឲ្យកម្មករលំបាកទៅៗ ដែលគាត់រាំងខ្ទប់ផង គាត់អត់ការងារផង គាត់ប្រឈមនឹងបញ្ហាសុខភាពផង គាត់ស្ត្រេស៍ មិនអាចចេញទៅណាផង មិនដឹងថា ធ្វើយ៉ាងម៉េចទេ ពេលនេះគឺពិបាក»។
មេដឹកនាំសហជីពរូបនេះបន្ថែមថា កម្មករក្នុងចំនួនដ៏ច្រើនរាប់មិនអស់កំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ និងលុយកាក់ក្នុងអំឡុងពេលនៃការបិទទីតាំងភូមិសាស្ត្រទាំងពីរ។ លោកបន្ថែមថា ការបើកឲ្យមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ បានសម្រួលស្ថានភាពមួយកម្រិតដល់កម្មករអាចធ្វើដំណើរបាន ប៉ុន្តែការលំបាករបស់ពួកគេ គឺមានដដែល ពោលគឺពួកគេមិនអាចឆ្លងចូលមកធ្វើការក្នុងរាជធានី ឬនៅតំបន់មួយចំនួនក្នុងខេត្តកណ្តាលដែលមានការបិទខ្ទប់។
ក្នុងអំឡុងពេលនៃការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលនេះ មានការបង្ហោះសារលើហ្វេសប៊ុកពីសំណាក់កម្មកររោងចក្រ ឬពលរដ្ឋក្រីក្រនៅតាមសហគមន៍មួយចំនួន អំពាវនាវរកការផ្គត់ផ្គង់ស្បៀងអាហារ។ នេះបើតាមក្រុមការពារសិទ្ធិមនុស្ស។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ។
ចំណែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបដិសេធមិនផ្តល់ការអធិប្បាយដោយថាជាប់ប្រជុំ។
«ខ្ញុំមិនអាចសម្ភាសន៍បានទេ ខ្ញុំជាប់ប្រជុំ ឮសូរទេប្អូន? ជាប់ប្រជុំផែនការខ្ញុំបន្តិច»។
យោងតាមសេចក្តីណែនាំរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែមេសា អាជ្ញាធរត្រូវបន្តអនុវត្តវិធានការសំខាន់ៗមួយចំនួន ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូរ៉ូណាបង្កជាជំងឺកូវីដ១៩នៅរាជធានី និងក្រុងតាខ្មៅ ខេត្តកណ្តាល និងតំបន់ព្រំប្រទល់នៃខេត្តនីមួយៗ។
សេចក្តីណែនាំឲ្យដឹងថា៖ «ក្នុងករណីដែលមានផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់នឹងខេត្តដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន គណៈអភិបាលខេត្តពាក់ព័ន្ធអាចសហការគ្នាដើម្បីដាក់ចេញនូវវិធានការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចេញចូលឆ្លងកាត់ភូមិសាស្ត្រខេត្តដែលស្ថិតក្នុងសមត្ថកិច្ចរៀងខ្លួនជាបណ្តោះអាសន្ន»។
វិធានការផ្សេងទៀត រួមមានវិធានការបិទខ្ទប់ទីកន្លែង តំបន់ ឬភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ វិធានការរឹតត្បិត ឬការហាមឃាត់ការជួបជុំនិងការប្រមូលផ្តុំមនុស្សដូចជា ការជួបជុំសេពគ្រឿងស្រវឹង វិធានការហាមឃាត់ ឬការកម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ វិធានការហាមឃាត់ការលក់ដូរគ្រឿងស្រវឹង និងវិធានការបម្រាមគោចរជាដើម។
លើសពីវិធានការទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ បានបិទផ្សារមួយចំនួនដូចជាផ្សារដើមគ ផ្សារចាស់ និងផ្សារអូរឫស្សី ក្នុងគោលបំណងកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩។ ដំណាលគ្នានឹងការបិទផ្សារនេះ ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីផែនការលក់ដូរទំនិញតាមយានយន្តចល័ត និងតាមប្រព័ន្ធអនឡាញ។ ទំនិញទាំងនោះរួមមាន ទឹកស៊ីអ៊ីវ មី ត្រីខកំប៉ុង ទឹកត្រី និងទំនិញប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកការពារសិទ្ធិមនុស្ស។
លោក ស៊ឹង សែនករុណា មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុក យល់ថាអាជ្ញាធរគួរសិក្សាបើកឡើងវិញទីផ្សារដែលបិទកន្លងទៅ ដោយរៀបចំឲ្យមានការលក់ស្របទៅតាមវិធានសុខាភិបាលនិងរដ្ឋបាល ដែលមានបីកុំ និងបីការពារ ឬយកលំនាំតាមប្រទេសថៃដែលអាជ្ញាធរនៅទីនោះបានរៀបចំឲ្យអាជីវករអាចបន្តអាជីវកម្មរបស់ពួកគេក្នុងតំបន់បិទខ្ទប់។ លោក ស៊ឹង សែនករុណា ថាធ្វើដូច្នេះទើបពលរដ្ឋអាចទទួលបានការផ្គត់ផ្គង់បន្លែបង្កា និងអាហារត្រីសាច់ផ្សេងទៀត ដែលមានជីវជាតិបំប៉នសុខភាពទប់ទល់នឹងការឆ្លងជំងឺកូវីដ១៩។
បើតាមលោក ស៊ឹង សែនករុណា ការរៀបចំឲ្យមានការលក់ដូរតាមទីផ្សារដែលបានបិទខ្ទប់នោះ ក៏អាចជួយអ្នកលក់តូចតាចតាមចិញ្ចើមផ្លូវ ដែលលោកថាពួកគេកំពុងរងសម្ពាធពីស្ថាប័នធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលនៅបន្តទារបំណុលនៅឡើយ៕