ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នយោបាយ​មួយ​ចំនួន​បារម្ភ​អំពី​ការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ ខណៈ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ការ​ពារ​វិសោធនកម្ម​ថ្មី​នេះ


រូបឯកសារ៖ ព្រះសង្ឃមួយអង្គសម្លឹងមើលទង់ជាតិខ្មែរ ដែលត្រូវបានដាក់តាំងនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៧។

អ្នក​នយោបាយ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​ ១០ ចាប់​តាំង​ពី​ការ​ប្រកាស​ប្រើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣ ​មក ​ក្នុង​គ្រា​ដែល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ។

ទោះ​ជា​យ៉ាងណា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ថ្លែង​ការពារ​ថា​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈ​រដ្ឋមន្ត្រី​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន ធ្វើ​ឡើង​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់​កំពូល​របស់​ជាតិ និង​ធានា​ការពារ​ឧត្តម​ប្រយោជន៍​របស់​ជាតិ។

មាត្រា​ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​ចុងក្រោយ​នេះ​ រួម​មាន​មា​ត្រា​ ១៩ ​ថ្មី​(មួយ) មាត្រា​ ៨៩ មាត្រា​ ៩៨ (ថ្មី) មាត្រា​ ១០២ ​ថ្មី ​មាត្រា​ ១១៩​ ថ្មី​(មួយ) និង​មាត្រា​ ១២៥​ ថ្មី​នៃ​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ព្រាង​ដែល​ត្រូវ​បានបង្ហាញ​ដោយ​ក្រសួង​យុត្តិធម៌។ សេចក្តី​ព្រាង​ច្បាប់​កែ​រដ្ឋធម្មនុញ្ញ​ក៏​រួម​ទាំង​មាត្រា​ថ្មី​ ២​ ទៀត គឺ​មាត្រា​ ៣ ​ថ្មី និង​មាត្រា​ ៤​ ថ្មី។

​លោក យ៉ង សាំង​កុមារ ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន ថ្លែង​ថា​មាត្រា​ ៩៨​ ថ្មី​(មួយ)​ហាក់​បី​ដូច​ជារដ្ឋាភិបាល​ខ្លាច​បក្ស​ប្រឆាំង​ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភាហៅ​មន្ត្រី​ណា​មួយ​មក​ស្តី​បន្ទោស ព្រោះច្បាប់​ចាស់ត្រង់​មាត្រា​ ៩៨ ​ថ្មី​ចែង​ថា​តំណាង​រាស្ត្រ​ចំនួន​ ៣០​ នាក់​ អាច​ធ្វើ​ញត្តិ​បន្ទោស​បាន។ ចំណែក​វិសោធន​កម្ម​ច្បាប់មាត្រា​ ៩៨ ​ថ្មី​(មួយ)​នេះ ចែង​ថា​ទាល់​តែ​ ១ ​ភាគ​ ៣ ឬ​ចំនួន​ស្មើ​ ៤២ ​នៃ​តំណាង​រាស្ត្រ​សរុប​បច្ចុប្បន្ន​ដែល​មាន​ចំនួន​ ១២៥​ រូប។

លោក​យល់​ថា​ ការ​កែ​ចំនួន​សមាភាព​នេះ​ជា​ការផ្តល់​សិទ្ធិ​ខ្លាំង​ដល់​គណបក្ស​ដែល​មាន​សំឡេង​ច្រើន​ក្នុង​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​រដ្ឋ​សភា និង​រដ្ឋាភិបាលផង​ដែរ។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​អាហ្នឹង​ ដូច​ដាវ​មុខ​ពីរ​អ៊ីចឹង។ ឧទាហរណ៍​ ថ្ងៃ​មុខ​ទៅ គណ​បក្ស​ប្រជាជន​ក្លាយ​ទៅ​ជា​គណ​បក្ស​ប្រឆាំង​វិញ អ៊ីចឹង​ក៏​គាត់​ពិបាក​ក្នុង​ខ្លួន​គាត់​ដែរ​ក្នុង​ការ​រក​សំឡេង។ អ៊ីចឹង​យល់​ល្អ ខ្ញុំ​គិត​ថា​ទុក​៣០​ហ្នឹង​ទៅ វា​ដូច​ជា​សមរម្យ​ហើយ។ ណា​មួយ​៣០​[រូប]មិន​មែន​ជា​ចំនួន​ងាយ​ស្រួល​រក​បាន​គ្រប់​គ្នា ដើម្បីធ្វើ​ញត្តិ​បន្ទោស​ដែរ។ ហើយ​ញត្តិ​បន្ទោស​ហ្នឹង​មិន​មែន​ចេះ​តែ​នឹក​ឃើញ​ធ្វើ​ៗ​ទេ ព្រោះកន្លង​មក​តាំង​ពី​ ៩៣ [ឆ្នាំ​ ១៩៩៣ ] ដូច​មិន​ទាន់​មាន​របៀប​ហ្នឹង​ទេ នៅ​ស្រុក​ខ្មែរ​យើង»។

រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​សម័យ​ប្រជុំ​មួយ​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១។ (AFP/រូប​ផ្តល់​ឱ្យ​ដោយ​រដ្ឋសភា​កម្ពុជា)
រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​សម័យ​ប្រជុំ​មួយ​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១។ (AFP/រូប​ផ្តល់​ឱ្យ​ដោយ​រដ្ឋសភា​កម្ពុជា)

បើ​យោង​តាម​សេចក្តី​ព្រាង​ធម្មនុញ្ញ ត្រង់​មាត្រា​ ១១៩ អត្ថន័យ​ក៏​ត្រូវ​បាន​ស្នើ​កែ​ប្រែ ដោយ​លុប​ចោល​ឃ្លាពាក់​ព័ន្ធ​នឹង​ការ​ស្នើ​ពី​ប្រធាន​ ដោយ​មាន​មតិ​ឯកភាព​ពី​អនុប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា ក្នុង​ការ​ស្នើ​តំណាង​រាស្ត្រ​មួយ​រូប​ជា​នាយក​រដ្ឋមន្ត្រី​ឲ្យ​បង្កើត​រដ្ឋាភិបាល។ មាត្រា​ថ្មី​ចែង​ថា​តាម​សេចក្តី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា ព្រះមហាក្សត្រ​ចាត់​តាំង​វរជន​មួយ​រូប​ជា​នាយក​រដ្ឋមន្ត្រី​ ឲ្យ​បង្កើត​រាជ​រដ្ឋាភិបាល។ សេចក្តី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា​នេះ ត្រូវ​ចម្លង​ជូន​ប្រធាន​រដ្ឋសភា។

​ត្រង់​ចំណុច​នេះ លោក យ៉ង សាំង​កុមារ បាន​ថ្លែង​ថា​៖ «ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី ហើយ​ក្បាល​ម៉ាស៊ីន​សភា គណៈ​កម្មការ​នានា​ វា​ហាក់​ដូច​ជា​ផ្តល់​សិទ្ធិ​ទៅ​ឱ្យ​គណ​បក្ស​ដែល​មាន​សំឡេងច្រើន។ កាល​ពី​មុន​មាន​ន័យ​ថា​ប្រធាន​សភា អនុ​ប្រធាន​សភា គាត់​ស្នើ​បេក្ខ​ជន​នាយក​រដ្ឋមន្ត្រី​ទៅ​ព្រះ​មហា​ក្សត្រ​ ឥឡូវ​គាត់​ដូរ​មក​គណ​បក្ស​ដែល​មាន​សំឡេង​ច្រើន​ស្នើ​វិញ»។

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណបក្ស​កម្ពុជា​និយម ដែល​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប កត់​សម្គាល់​ចំណុច​សំខាន់​ទាក់​ទងកា​របង្កើន​ចំនួន​តំណាង​រាស្ត្រ​ក្នុង​ការ​ធ្វើ​ញត្តិ​បន្ទោស​នេះ​ដែរ​ ដោយលោក​ថា​វា​ជា​រឿង​មួយ​មិន​ចាំ​បាច់​នោះ​ទេ។ លោក​បន្ថែម​ថា​ការ​ធ្វើ​វិសោ​ធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​នេះ ក៏មិន​គួរ​ធ្វើ​ឡើង​នៅ​ពេល​នេះ​ដែរ ព្រោះ​មិន​មាន​សំឡេង​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចូល​រួម​ពិគ្រោះ​យោបល់។

លោក​ថ្លែង​ថា៖ «ការ​កែ​ប្រែ​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ ដោយ​បន្ទាន់​បែប​នេះ យើង​យល់​ឃើញ​ថា ហាក់​ដូ​ច​ជា​ពុំ​សម​ស្រប​ទៅ​តាម​កាលៈ​ទេសៈ និង​ពេល​វេលា។ គួរ​រក​ឱកាស​ជជែក​ឱ្យ​បា​នទូលំ​ទូលាយ ពី​ព្រោះ​រដ្ឋ​ធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ដូច្នេះ​ការ​ពិគ្រោះ​យោបល់​រវាង​គណ​បក្ស​កាន់​អំណាច និង​គណ​បក្ស​មិន​កាន់​អំណាច គឺជា​រឿង​ចំបាច់​ជា​ទីបំផុត​ មុន​នឹង​ធ្វើវិ​សោ​ធន​កម្មរដ្ឋ​ធម្ម​នុញ្ញ»។

លោក​កត់​សម្គាល់​ផង​ដែរ​ថា​ ការ​ធ្វើវិសោ​ធន​កម្ម​ច្បាប់​ត្រង់មាត្រា​ ៣ ​ថ្មី(មួយ)​ដែល​ថារដ្ឋសភា​តាម​សំណើ​របស់​គណ​បក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋ​សភា​ អាច​ដំណើរ​ការ​បោះ​ឆ្នោ​ត​ជា​កញ្ចប់​បាន ដើម្បី​ជ្រើសតាំង​ប្រធាន និង​អនុ​ប្រធាន​រដ្ឋសភា និ​ង​គណៈ​កម្មការ​នានា​របស់​រដ្ឋ​សភា នៅ​ពេល​ព្រះ​មហា​ក្សត្រ​មិន​អាច​សម្រេច​បាន​ ចំពោះ​ការ​ចាត់​តាំង​វរជន​មួយ​រូប​ជា​នា​យក​រដ្ឋ​មន្ត្រីឱ្យ​បង្កើត​រដ្ឋា​ភិ​បាល​បាន និង​នៅ​ពេល​ដែល​មិន​អាច​សម្រេច​បាន នីតិ​វិធី​នៃ​មាត្រា​ ៨២ ​ថ្មី​(មួយ)​ ​ដែល​លោក​ថា​នេះ​បង្ហាញ​ពី​ការមិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ និង​គួរ​បោះ​ឆ្នោត​ដោយ​ឡែក​ៗ​ពី​គ្នា​ទើប​ល្អ​ប្រសើរ។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ទះដៃពេលចូលរួមក្នុងពិធីគម្រប់ខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ទះដៃពេលចូលរួមក្នុងពិធីគម្រប់ខួប ៧១ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

លោក ​យ៉ែម​ បុញ្ញ​ឫទ្ធិ បញ្ជាក់​ថា៖ «ចំណុច​មួ​យទៀត​ ដែល​យើង​គួរ​ឱ្យ​កត់​សម្គាល់ ការ​បោះ​ឆ្នោ​ត​ជា​ក​ញ្ចប់​ ដោយ​សរ​ប​ញ្ជាក់​ឱ្យ​ឃើញ​ថា​វា​ពុំ​មាន​លក្ខណៈ​បែង​ចែក​អំណាច​ឱ្យ​ដាច់​ពី​គ្នា​ជាក់​លាក់​ច្បាស់​លាស់។ ហើយ​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​ ក៏​ហាក់​បី​ដូច​ជា​ការ​បង្ហាញ​ពី​ភាព​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ។ យើង​យល់​ថា​គួរ​បោះ​ឆ្នោតដោយ​ឡែក​ៗ​ពី​គ្នា»។

ក្នុង​ពេល​ដែល​មិន​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម កាល​ពី​ខែ​តុលា ឆ្នាំ​ ២០២១ ដោយ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា នាយក​រដ្ឋ​មន្ត្រី និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុង​ក្រោយ​នេះ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ ជា​គោល​ដៅ​ប្រឆាំង​នឹង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​មាន​សញ្ជាតិ​ខ្មែរ និង​បារាំង។

សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​លើក​ទី​ ១០ ​នេះ នឹង​ត្រូវ​ត្រួត​ពិនិត្យ និង​អនុម័ត​ដោយ​រដ្ឋសភា​ដែល​គ្រប់​គ្រង​ដោយ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់។ បើ​តាម​រដ្ឋធម្មនុញ្ញ ការ​ផ្ដើម​គំនិត​សើរើ ឬ​ការ​ផ្ដើម​គំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​សិទ្ធិ​របស់​ព្រះ​មហាក្សត្រ​ របស់​នាយក​រដ្ឋមន្ត្រី​ និង​របស់​ប្រធាន​រដ្ឋ​សភា​ តាម​សេចក្ដី​ស្នើ​របស់​តំណាង​រាស្ត្រ​មួយ​ភាគ​បួននៃ​ចំ​នួន​សមា​ជិក​រដ្ឋសភា​ទាំងមូល។ ការ​សើរើ ឬ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ ត្រូវ​ធ្វើ​ឡើង​ដោយ​ច្បាប់​ធម្មនុញ្ញ​មួយ​ដែល​អនុម័ត​ដោយ​រដ្ឋសភា​ តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

កាល​ពី​ថ្ងៃ​ពុធ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​បញ្ជាក់​ថា​វិសោធនកម្ម​ដែល​សំដៅ​ធានា​នូវ​ដំណើរ​ការ​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ «អាច​ធ្វើ​ទៅ​បាន» ហើយ​ពុំ​មាន​ប៉ះពាល់​អ្វី ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របប​រាជា​និយម។

លោក​ ថាច់ សេដ្ឋា ​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែង​ថាមិន​គួរ​ធ្វើ​វិសោធ​នកម្ម​ច្បាប់​ធម្មនុញ្ញ​នេះ​ទេ ព្រោះ​វា​ធ្វើឱ្យ​ខូច​ទ្រង់​ទ្រាយ​ដើម​នៃ​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា ហើយ​កន្លង​មកការ​អនុវត្ត​ការ​ងារ​ក៏​មិន​ឃើញ​មាន​ការ​រាំង​ស្ទះ​អ្វី​ផង​ដែរ។ លោក​សង្កត់​ធ្ងន់​ថា​ការ​ធ្វើនេះ​ទំនង​ជា​ការ​ពារ​មន្ត្រី​ខិល​ខូច ជាជាង​ការ​ពារ​ផល​ប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ​ និង​ហាក់ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​ទៅ​វិញ។

លោក​ប្រាប់​វីអូអេ​ថា៖ «យើង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ណាស់ ហាក់​បី​ដូច​ជា​ការ​កែ​ច្បាប់​នេះ​ធ្វើ​ឱ្យ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ដើរ​ថយ​ក្រោយ​ទៅវិញ។ មិន​បាន​បើក​ឱ្យ​ទូលំទូលាយ​ការ​ចូលរួម​របស់​ប្រជាពល​រដ្ឋ​ផង ហើយ​យើង​មាន​សិទ្ធិ​គ្រប់​គ្រាន់​ទៅ​ក្នុង​តំណាង​រាស្ត្រ​សួរ​ដេញ​ដោល​សួរ​នាំស្តី​បន្ទោស​ដល់​រដ្ឋ​មន្ត្រី​អសកម្ម ឬ​ក៏​មន្ត្រី​ដែល​យើង​មើល​ឃើញ​ថា​មិន​បាន​បម្រើ​ផល​ប្រយោ​ជន៍​ទៅ​តាម​ប្រជា​ពល​រដ្ឋ​ពេញ​លេញ​ហ្នឹង។ អ៊ីចឹង​ហាក់​ដូច​ជា​ទៅ​ការ​ពារ​ទៅ​វិញ។​ អ៊ីចឹង ខ្ញុំ​គិត​ថា​មិន​សម​ស្រប ដើម្បី​បម្រើ​ផ​ល​ប្រយោ​ជន៍រ​បស់​ប្រជា​រាស្ត្រ​យើង​ទេ»។

លោក យង់ គិម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិ​ភាព បាន​សម្តែង​ការ​សោក​ស្តាយ​ដែល​កម្ពុជា​តែង​តែ​ប្រើប្រាស់​វិសោ​ធន​កម្ម​ច្បាប់ ឬ​ហៅ​ថា​ធម្មនុញ្ញ​បន្ថែម​នេះ​មក​អនុវត្ត។ លោក​ចង់​ឱ្យ​រដ្ឋា​ភិបាល​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់ និង​ចៀស​ឱ្យ​ផុត​ពី​ភាព​ជា​បណ្តោះ​អាស​ន្ន តាម​រយៈ​ការ​ប្រើប្រាស់​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នេះ និង​ត្រូវ​បង្កើត​ភាព​ចាស់​ទុំ​ខាង​ផ្នែក​នយោបាយ ដើម្បី​រៀប​ចំ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ។

លោក​ថ្លែង​ថា៖ «កម្ពុជា​គួរ​ចេញ​ផុត​ពី​ស្ថាន​ភាព​នៃ​ភាព​ជា​បណ្តោះ​អាសន្ន។ កាល​មុន​យើង​ថា​ធម្មនុញ្ញ​បន្ថែម​គឺ​អនុវត្ត​បណ្តោះ​អាសន្ន ​ប៉ុន្តែ​បណ្តោះ​អាសន្ន​ហ្នឹង​ច្រើន​ដែរ...។ ប៉ុន្តែ​យើង​ចង់​ឃើញ​ភាព​ត្រូវ​រ៉ូវ​គ្នា​ខាង​នយោបាយ ការ​ស្រុះ​ស្រួល​គ្នា​ខាង​នយោ​បាយ ភាព​ចាស់​ទុំ​ខាង​នយោបាយ ដើម្បី​យើង​អនុវត្ត​នីតិវិធី​នៃ​ការ​បោះ​ឆ្នោ​ត​ត្រឹមត្រូវ​ដែល​មាន​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញជា​ការ​ប្រសើរ​ កុំ​ឱ្យ​ចាំបាច់​ប្រើប្រាស់​នូវ​ខ្លឹមសារ​ធម្មនុញ្ញ​បន្ថែម​ ឬ​ក៏​យ​ក​ធម្មនុញ្ញ​បន្ថែម​មក​ដាក់​ក្នុង​ច្បាប់»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ​នា​ថ្ងៃ​ព្រហ​ស្បតិ៍ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ថ្លែង​ថា​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ណា​ក៏​មាន​ការ​កែ​ប្រែ​ដែរ ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការ​ជាប់​គាំង​ក្នុង​កិច្ច​ដំណើរ​ការ​របស់​ស្ថាប័ន​ជាតិ។

លោក​បញ្ជាក់​ថា​៖​ «​ការ​ធ្វើ​វិសោធន​កម្ម​នីមួយ​ៗគឺតែងតែ​បម្រើ​គោល​ដៅ​ ២​ ដែល​ខ្ញុំ​បាន​បញ្ជាក់​ជូន​មុន​នេះ​ គឺ​ទី​១ ​ទាក់ទង​នឹង​ការ​បំពេញ​ចន្លោះ​ខ្វះខាត បើ​សិន​ជា​មាន​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ ហើយ​ទី​២​ទាក់ទង​ហ្នឹង​ ការ​ធានា​ការ​ពារ​នូវ​ឧត្តម​ប្រយោជន៍​របស់​ជាតិ»។

លោក​បន្ថែម​ថា៖«​មិន​មែន​រឿង​កែ​រដ្ឋ​ធម្ម​នុញ្ញ​នេះ ដែល​ដឹក​នាំ​ឱ្យ​គណបក្ស​ប្រជាជន​ដឹកនាំ​ប្រទេស​ជាតិ​ទេ គឺ​រឿង​ការ​បោះឆ្នោត​នោះ​ទេ នៅ​ក្នុ​ង​ការ​បោះឆ្នោត​សេរី​ពហុ​បក្ស។ ហើយ​រដ្ឋធម្មនុញ្ញ​ក៏​គ្មាន​កន្លែង​ណា​ដែល​សរសេរ​ថា​កែ​រដ្ឋធម្មនុញ្ញ​ដាក់​ថា​គណបក្ស​ណា​មួយ​ត្រូ​វដឹកនាំ​ប្រទេស​ឯណា គឺ​អត់​មាន​ទេ»។

លោក​បន្ថែម​ថា​ការ​ធ្វើ​វិសោធនកម្ម​នេះ​មិន​ធ្វើ​ឡើង​ក្នុង​កាលៈ​ទេសៈ​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភាព​អាសន្ន ហើយ​វា​មិន​ប៉ះពាល់​គោល​ការណ៍​លទ្ធិ​ប្រជាធិប​តេយ្យ​ឡើយ។ លោក​បន្ថែម​ថា​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​រដ្ឋសភា ដើម្បី​ត្រួត​ពិនិត្យ​បន្ត​ទៀត៕

XS
SM
MD
LG