ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋា​ភិបាល​ក្រុងភ្នំពេញ​តបទៅ​សមាជិកព្រឹទ្ធសភា​អាមេរិកថា​​ ​ប្រជាធិបតេយ្យ​កម្ពុជាកំពុង​ជឿនលឿន​ទៅមុខ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

ក្រុម​មន្ត្រី​ផ្លូវកា​ររបស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​សុក្រ​នេះ​ ផ្តល់​ការ​ពន្យល់​ទៅ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មួយចំនួន​ដែល​ទាមទារ​ឱ្យមានការ​រំឭកឡើងវិញ​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ថា ការ​អនុវត្ត​ប្រជាធិបតេយ្យ​ និង​ការ​គោរពរ​សិទ្ធិមនុស្សនៅ​កម្ពុជា​កំពុង​មាន​ភាព​ល្អប្រសើរ​ឡើង​ ដែល​ផ្ទុយ​ពីការ​ចោទ​ប្រកាន់​ពីក្រុម​ជំទាស់​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ៤ ​រូប បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​កម្ពុជា​គឺ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន គោរព​តាម​ «ការ​សន្យា​ខាង​លទ្ធិប្រជាធិបតេយ្យ» ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ខណៈ​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​រូបនេះ កំពុង​លេច​មុខ​លេច​មាត់ ចូល​រួម​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ នៅ​រដ្ឋធានីវ៉ាស៊ីនតោន​របស់​សហរដ្ឋ​អាមេរិក។

បើតាម​សេចក្តី​ថ្លែងការណ៍រួមរបស់​សមាជិក​ព្រឹទ្ធសភា​៤រូប រួមមានលោក Edward J. Markey សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Massachusetts​ លោក Mitt Romney សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Utah លោក​ Bob Menendez សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ New Jersey និង​លោក Jim Risch សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Idaho ការ​សន្យា​ឱ្យ​កម្ពុជា​មានប្រព័ន្ធ​ប្រជាធិបតេយ្យ​តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ដែលបាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​៣០មុន​ នោះ​ត្រូវ​បាន​គំរាម​កំហែង​ដោយ​សកម្មភាព​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន។

សមាជិក​ព្រឹទ្ធសភា​ទាំង៤រូប​ ក៏​បាន​ស្វាគមន៍​ការ​អនុម័ត​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ចំពោះ​សំណើ​ច្បាប់​ស្តី​ពី​ការ​រំឭក​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ស្តី​ពី​កម្ពុជា ដែល​មាន​ប្រទេស​ ១៩ ជា​ហត្ថលេខី ក្នុង​នោះ​ក៏មានរដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោនផងដែរ។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​លោក​ ​សុខ ឥសាន បាន​ថ្លែង​ការ​ពារ​ការ​ខិតខំរបស់កម្ពុជាក្នុង​ការ​អនុវត្តតាម​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រនេះថា​ ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ទទួលបាន​ផ្លែផ្កាពី​កិច្ច​ព្រមព្រៀង​នេះ​ ​ដោយ​លោកថាការ​អនុវត្តលទ្ធិប្រជាធិប​តេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជាកំពុង​មានភាព​ល្អ​ប្រសើរ​ឡើង​ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ។ ​

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/វីអូអេ)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/វីអូអេ)

លោក​ថ្លែង​ថា៖ ​«​យើង​បាន​នឹង​កំពុង​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហើយ។ អ៊ីចឹង​បាន​យើង​ឃើញ​ថា ការ​អនុវត្តលទ្ធិ​ប្រជាធិបេតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​មាន​ការ​រីកចម្រើន​នៅ​កម្ពុជា​ [ដែល]​មិន​ដូច​ការ​ចោទ​ប្រកាន់​ពី​មជ្ឈ​ដ្ឋាន​ប្រឆាំង​ទេ»។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើកឡើង​របស់​សមា​ជិកព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ដែល​ចង់ឱ្យ​កម្ពុជា​រំឭក​កិច្ច​ព្រម​ព្រៀង​ចុះ​ថ្ងៃទី​២៣​ ខែតុលា​ ឆ្នាំ១៩៩១​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​នោះ​ លោក សុខ ឥសាន ​បកស្រាយថា​៖

​«​រំឭក​[កិច្ច​ព្រមព្រៀង​២៣​តុលា១៩៩១​]អី បើ​យើង​រំឭក​រាល់ថ្ងៃហើយ មាន​រំឭកអីទៀត។ គ្រាន់ខ្ញុំ​យល់​ថា សភា​អាមេរិក​៤​ ឬ៥​នាក់ហ្នឹង​ ក្តាប់​សភាព​ការ​ណ៏កម្ពុជា ​អត់​បាន​ផង។ បើ​មក​ស្រុក​ខ្មែរ ឃើញសភាព​ការណ៍​ពិត​ដឹង​ ថា​តើ​ប្រជា​ជន​ខ្មែរ​រស់នៅ​របៀប​ម៉េច សប្បាយរីករាយ​នៅក្នុង​រង្វង់​គ្រួសារ ក្នុង​សង្គមជាតិ​ហើយ​ នៅ​ចង់​ទាម​ទារ​អីទៀត​»។

បើតាម​លោក ​សុខ ឥសាន​ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​មក​ពីគណបក្ស​កាន់​អំណាច​ផងនោះ​ ទាំង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋខ្មែរ​ តែង​តែ​ប្រាថ្នា​ចង់​ឃើញ​កម្ពុជាអនុវត្ត​ច្បាប់​បានត្រឹមត្រូវដើម្បី​ធានា​ស្ថិរភាព​នយោបាយ​ ក៏ដូច​ជា​រៀប​ចំសណ្តាប់​ធ្នាប់សង្គម​ឱ្យ​បាន​ល្អ។

អ្នកនាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ លោក​ ផៃ​ ស៊ី​ផាន​ ប្រាប់​វីអូអេ​នៅថ្ងៃសុក្រនេះ​ថាកម្ពុជា មាន​ច្បាប់​របស់​កម្ពុជា និង​រដ្ឋ​ធម្ម​នុញ្ញក្នុង​ការ​អនុវត្ត​ ដែល​មិន​អាច​យក​កិច្ច​ព្រមព្រៀង​២៣​តុលា​ទៅ​ជា​ចង្អុលបង្ហាញ​ ឱ្យកម្ពុជា​ធ្វើការ​សម្រេច​ចិត្ត​ក្នុងកិច្ចការ​ណាមួយ​បាន​ទ

រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​កិច្ចសម្ភាស​ជាមួយ​វីអូអេ នៅ​វិមាន​មិត្តភាព ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​កិច្ចសម្ភាស​ជាមួយ​វីអូអេ នៅ​វិមាន​មិត្តភាព ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ (អូន ឆេងប៉រ/វីអូអេ)

លោកបន្ថែម​ថា បុគ្គល​ដែល​ថា​ឱ្យកម្ពុជាអនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នេះ​ មាន​បំណង​កេងចំណេញ​នយោបាយ​ផ្ទាល់​ខ្លួនតែប៉ុណ្ណោះ​ ពោលគឺមិនបានផ្តោតទៅ​លើ​ទិដ្ឋភាព​រស់នៅជាក់​ស្តែង​របស់​ពលរដ្ឋខ្មែរ​នោះ​ទេ។

លោក​ថ្លែង​ថា៖ ​«​ចំពោះ​រាជរដ្ឋាភិបាល​ គឺ​យើង​អនុវត្ត​តាម​ច្បាប់​របស់កម្ពុជា​...។ ប្រជាពលរដ្ឋខ្មែរ​អនុវត្ត​ច្បាប់របស់​កម្ពុជាដែរ​ យើង​អត់មាន​អនុវត្ត​អ្វីក្រៅពីច្បាប់របស់​កម្ពុជាទេ​ ពីព្រោះកម្ពុជាមាន​ច្បាប់រដ្ឋធម្មនុញ្ញ​ កម្ពុជា​មា​ន​តំណាង​រាស្ត្រ​របស់​ផ្ទាល់​ខ្លួន កម្ពុជា​មាន​តុលាការ​របស់​ផ្ទាល់ខ្លួន​។ ដូច្នេះ អ្វីដែលជា​២៣​តុលា​ហ្នឹង​ គ្រាន់ជា​ឧត្តមគតិ​ដែល​បាន​ដក​ស្រង់​ ហើយ​នឹង​តាក់តែង​បញ្ចូល​ក្នុង​ច្បាប់។ ហើយ​២៣​តុលា​វាគ្រាន់ជានិមិត្ត​រូប​ទេ នៃឧត្ត​មគតិ នៃ​សេចក្តីសម្រេច​ ដែលខ្មែរ ទាំង​អស់​គ្នា​ចង់​បាន​ ។ មិន​មែន​ជា​ការចង្អុលបង្ហាញ​ ឱ្យទៅ​អនុវត្ត​ ឬដាក់​ទណ្ឌកម្ម​នោះ​ទេ ​ពីព្រោះ​វា​មិន​មែន​ជា​ច្បាប់»​។

នាយករងទទួលបន្ទុកសិទ្ធិ​មនុស្ស​នៃ​អង្គការលីកាដូ​ លោក ​អំ សំអាត​ លើក​ទឹក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ត្រង់​ចំណុច​ដែល​នៅ​មិនទាន់​អស់​សុពលភាព តួយ៉ាង​ ការ​កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែលមាំមួន និង​ការគោរ​ពឱ្យបាន​នូវ​សេរីភាព​ជាមួយ​មូលដ្ឋាន​របស់​ពលរដ្ឋ។​

ស្រដៀង​គ្នា​នេះ​ដែរ​ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែនករុណា ក៏បាន​កត់​សម្គាល់​ស្ថានភាព​មិនទាន់ប្រសើរឡើង​នូវការ​អនុវត្តសិទ្ធិនយោបាយរបស់​ពលរដ្ឋ​ និងកា​របើកឱ្យមាន​ការ​បោះ​ឆ្នោតសេរី​ពហុបក្ស ដោយ​លើក​ហេតុផល​ គិតចាប់​តាំង​ពីការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​មកនោះ គឺ​រដ្ឋសភា​កម្ពុជា​កំពុងស្ថិត​ក្រោម​ការ​គ្រប់​គ្រងដោយ​គណបក្ស​តែ​មួយ​។ ​

លោក​បន្ថែម​ដោយ​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ថា៖ ​«ជៀស​វា​ង​ទៅ​អ្វី​ដែល​ខ្លួន​ឯង​ចង់​បាន​ ហើ​យ​ចេះ​តែ​បង្វែរ​ថារឿ​ង​នេះ​ទៅ​អីចេះ ទៅ​អីចុះ​ វាមិន​មែនជា​ជា​ការ​ទទួល​ខុសត្រូវ​តាម​ខ្លឹម​សារ​ដើមនៃ​កិច្ច​ព្រមព្រៀង​ទីក្រុ​ង​ប៉ារីស ឬក៏ដូចជា​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា​ទេ​»​។

គួររំឭក​ឡើង​វិញ​ផងដែរ​ថា កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុង​បារីស (Paris Peace Agreement) ដែល​បាន​ធ្វើ​ឱ្យខ្មែរ ៤​ភាគី ឈប់​បាញ់​គ្នា​ នាំ​ឲ្យ​មាន​សន្តិភាព​ ធានា​បូរណភាព​ដែនដី​ អធិបតេយ្យភាព​ជាតិ​ ការ​អភិវឌ្ឍ​ជា​ដើម​ផង​នោះ គឺ​ជា​ស្នា​ព្រះហស្ថ​របស់​សម្តេចឪ​ព្រះ​បាទ​នរោត្តម​ សីហនុ ​ដែល​ជា​អ្នក​ផ្តួចផ្តើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG