នៅក្នុងយុទ្ធនាការចុះឈ្មោះបោះឆ្នោតរយៈពេល ៥០ ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតថ្មីប្រមាណ ៦០ ម៉ឺននាក់នៅទូទាំងប្រទេស បានទៅចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែអ្នកសង្កេតការណ៍ជំរុញឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បន្តដំណើរការចុះឈ្មោះបោះឆ្នោតទៀត ដោយសារតែនៅមានប្រជាពលរដ្ឋមកចុះឈ្មោះ។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល ប្រាប់វីអូអេថា ចំនួនអ្នកមកចុះឈ្មោះបោះឆ្នោតថ្មីនេះ គឺលើសចំនួនដែល គ.ជ.ប. បានប៉ាន់ប្រមាណ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា អ្នកចុះឈ្មោះបោះឆ្នោតថ្មីនៅមានជាបន្តបន្ទាប់។ ដូច្នេះលោកយល់ថា គ.ជ.ប. គួរតែពិចារណាបន្ថែមពេលវេលានៃការចុះឈ្មោះបោះឆ្នោត។
បើតាមលោក កន សាវាង្ស ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលនៅតែមិនទាន់ទទួលបានព័ត៌មានពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតបានគ្រប់ជ្រុងជ្រោយនៅឡើយ ជាពិសេសនៅមានអ្នកដែលមិនទាន់យល់ពីតម្លៃនៃការចុះឈ្មោះបោះឆ្នោតច្រើន ដើម្បីមានសិទ្ធិបោះឆ្នោតនៅឆ្នាំក្រោយ។
អ្នកឃ្លាំមើលរូបនេះអះអាងថា គណបក្សនយោបាយក៏មិនបានបំពេញតួនាទីរបស់ខ្លួន ដោយផ្សព្វផ្សាយនិងជំរុញប្រជាពលរដ្ឋឱ្យមកចុះឈ្មោះបោះឆ្នោតបានពេញលេញផងដែរ។
លោកថ្លែងថា៖ «ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយផ្ទាល់នោះ គឺថាក៏អត់មានបានចូលរួមឱ្យបានពេញលេញដែរ នៅក្នុងការជួយលើកទឹកចិត្ត ការអប់រំ ធ្វើម៉េចឱ្យមានការចូលរួមពីប្រជាពលរដ្ឋនោះ គឺថាអត់មានដែរ។ នេះហើយជាកត្តាមួយដែលយើងមើលឃើញថាធ្វើឱ្យប្រជាពលរដ្ឋហ្នឹងលោកហាក់ដូចជាការចូលរួមហ្នឹង គឺមិនមានភាពច្បាស់លាស់»។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់វីអូអេថា តាមការសង្កេតរបស់លោក បញ្ហាដែលបានកើតឡើងនៅអំឡុងពេលចុះឈ្មោះបោះឆ្នោតនោះ គឺនីតិវិធី មានភាពស្មុគស្មាញ ដែលធ្វើមានការលំបាកដល់ប្រជាពលរដ្ឋ។ លោកថ្លែងបន្តថា អ្នកផ្លាស់ប្តូរទីកន្លែងបោះឆ្នោតមានចំនួនច្រើន ដោយលោកបារម្ភអាចមានការផ្លាស់ប្តូរអ្នកបោះឆ្នោតពីខេត្តមួយទៅខេត្តមួយ ដើម្បីបង្កើនសំឡេងបោះឆ្នោតសម្រាប់គណបក្សណាមួយ។ លោកយល់ថា បញ្ហានេះគួរតែមានការស៊ើបអង្កេត។
លោកថ្លែងថា៖ «មានការផ្លាស់ប្តូរបញ្ជីឈ្មោះទីកន្លែងមួយទៅកន្លែងមួយជាច្រើននាក់ ដែលត្រូវការការស៊ើបអង្កេត ព្រោះមានការព្រួយបារម្ភថាអាចមានការប្តូរអ្នកបោះឆ្នោតពីខេត្តមួយមកខេត្តមួយ ដែលជាចលនានយោបាយដើម្បីបំភាន់ការពិតជាដើម»។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា រយៈពេល ៥០ ថ្ងៃនៃការចុះឈ្មោះបោះឆ្នោតនេះ ជាពេលវេលាសមរម្យសម្រាប់ប្រជាពលរដ្ឋ ខណៈលោកអះអាងថា នេះក៏ជាការកំណត់របស់ច្បាប់ផងដែរ។
អ្នកនាំពាក្យរូបនេះថ្លែងបន្តថា ស្ថាប័នរៀបចំការបោះឆ្នោតបានខិតខំអស់ពីសមត្ថភាពហើយ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងពីព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត។ លោកថា ប្រជាពលរដ្ឋខ្លះបានទទួលព័តមាន ប៉ុន្តែពួកគេធ្វេសប្រហែសមិនទៅចុះឈ្មោះបោះឆ្នោត។
លោកបញ្ជាក់ថា៖ «បើយើងនិយាយអំពីការទទួលព័ត៌មាននេះគឺយើងសំដៅទៅលើចំណុចសំខាន់ គឺការចូលរួមផ្សព្វផ្សាយរបស់ភាគីពាក់ព័ន្ធ រួមទាំងការខិតខំប្រឹងប្រែងរបស់ គ.ជ.ប.។ ជាវិធានការទូទៅនៃការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ គឺ គ.ជ.ប ធ្វើការនៅក្នុងសមត្ថកិច្ចរបស់ គ.ជ.ប នោះគឺគ្រប់គ្រាន់សម្រាប់លទ្ធភាពដែលអាចទៅរួច រួមជាមួយនឹងថវិកា»។
លោកបន្ថែមថា៖ «អ៊ីចឹងការខកខានរបស់ពួកគាត់ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនេះ វាគឺជាការខកខានរបស់បងប្អូនប្រជាពរដ្ឋដែរ លោកមិនអាចនិយាយថា មិនយកចិត្តទុកដាក់នៅក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន នៅក្នុងការចុះឈ្មោះបោះឆ្នោត»។
ការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺជាអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥។ គិតត្រឹមថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២២ សុរបមានចំនួនប្រមាណ ៩ លាន ៧ សែននាក់ ក្នុងនោះអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនប្រមាណ ៦០ម៉ឺននាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បង្ហាញថា អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានប្រមាណ ២៦ ម៉ឺននាក់ ក្នុងនោះក៏មានអ្នកដែលស្លាប់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំសង្កាត់ថ្មី។ កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ៕
ភ្នំពេញ —