ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន​បោះ​ឆ្នោត​គ.ជ.ប.​អំពាវនាវ​ឲ្យ​ពលរដ្ឋ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ


រូបឯកសារ៖ ប្រជាពលរដ្ឋ​កម្ពុជា​ កំពុង​ផ្ទៀងផ្ទាត់​ឈ្មោះ​បោះឆ្នោត​ម្តងទៀត​ នៅឯ​ការិយាល័យ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋ​កម្ពុជា​ កំពុង​ផ្ទៀងផ្ទាត់​ឈ្មោះ​បោះឆ្នោត​ម្តងទៀត​ នៅឯ​ការិយាល័យ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋគ្រប់​អាយុ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​និង​ពលរដ្ឋ​ទូទៅ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ដែលបាន​ចាប់​ផ្តើម​តាំង​ពី​ដើម​ខែ​តុលា។​

ដំណើរ​ការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី ​១៩ ​ខែ​តុលា ​ដោយ​មិន​មាន​ការ​ឈប់​សម្រាក​ថ្ងៃ​សៅរ៍​និងអាទិត្យ​នោះ​ទេ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ​គ.ជ.ប.។

​គ.ជ.ប.​បាន​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​អាច​ទៅ​ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចុង​ក្រោយ​ ដើម្បី​ស្នើ​សុំ​កែ​ទិន្នន័យប្រសិន​បើ​មាន​ចំណុច​ខុស​ឆ្គង។ ​ប្រជា​ពលរដ្ឋ​ ដែល​ទើប​គ្រប់​អាយុ ​១៨ ​ឆ្នាំ ​គឺ​កើត​មុន​ ឬ​កើត​ត្រឹម​ថ្ងៃ​ទី​ ១​ ខែ​មករា​ ឆ្នាំ​ ២០០៣ និង​ប្រជា​ពលរដ្ឋ​ ដែល​មិន​ធ្លាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក​អាច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។​

ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​ ២០២០​ នេះ ​ធ្វើ​ឡើង​នៅ​តាម​សាលា​ឃុំ​សង្កាត់​ទាំង ​១៦៤៦ នៅ​ទូទាំង​ប្រទេស។ ​ប្រជា​ពលរដ្ឋ​ដែល​ផ្ទេរ​ទី​លំនៅ​ចូល​ក្នុង​ឃុំសង្កាត់​ថ្មី ក៏​អាច​ទៅ​ស្នើ​សុំប្តូរ​ទីតាំង​បោះ​ឆ្នោត​ផង​ដែរ។​

គ.ជ.ប.​ បាន​រំឭក​ពលរដ្ឋ​ថា ​ប្រជា​ពលរដ្ឋមិន​អាច​ប្រើប្រាស់​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ចាស់​ សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ​២០២០​ បាន​ទេ ​ពោល​គឺ ពួក​គេ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដោយ​ប្រើ​ប្រភេទ​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី​ចុង​ក្រោយ ​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​ស្កេន​អេឡិច​ត្រូនិក។​

​គ.ជ.ប.​ ឲ្យ​ដឹង​ថា ​តាម​ការ​ប៉ាន់​ស្មាន​អ្នកចុះ​ឈ្មោះបោះ​ឆ្នោត​ថ្មី​មាន​ប្រមាណ ​៣០ ម៉ឺន​នាក់។ ​បើ​តាម​ទិន្នន័យ​ឆ្នាំ ​២០១៩ ​របស់ ​គ.ជ.ប. អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោតសរុប​មាន​ប្រមាណ ៨,៦ លាន​នាក់៕

XS
SM
MD
LG